Tag: កប៉ាល់

  • នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    ក្រោយ​ពី​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ បណ្ដែត​ខ្លួន​នៅ​លើ​សមុទ្រ ព្រោះ​គ្មាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យ​ចូល​ចត​ ដោយ​សារ​តែ​ភ័យ​ខ្លាច​មាន​មេរោគ​កូរ៉ូណា ពេល​នេះ​នាវា​ទេសចរណ៍ Westerdam ក៏បាន​មក​ដល់​ក្រុង​ព្រះសីហនុ តាម​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​។

    នៅ​ព្រឹក​ថ្ងៃទី​ 13កុម្ភៈ​នេះ នាវា​ដឹក​អ្នក​ទេសចរ Westerdam ដែល​ដោត​ទង់​ជាតិហូឡង់ និង​មាន​ផ្ទុក​អ្នក​ដំណើរ​ 1455នាក់ និង​នាវិក 800នាក់​ បាន​មក​ដល់​ក្រុង​ព្រះសីហនុ។

    អ្នក​ដំណើរ​ទាំង​អស់​ដែល​នៅលើ​​កប៉ាល់​នេះ បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ឡើង​គោក ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ភ្នំ​ពេញ ហើយ​ឡើង​យន្ត​ហោះ​ ឆ្ពោះ​ទៅ​កាន់ប្រទេស​រៀង​ៗ​ខ្លួន​។

    ក្រុម​ហ៊ុន Holland America Line និង​​អ្នក​ទេសចរ​ទាំង​អស់ មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​អនុញ្ញាត​នេះ។ ក្រុម​ហ៊ុន Holland America Line ដែល​ជា​ម្ចាស់​នាវា​នេះ ក៏​នឹង​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរដល់​អតិថិ​ជន​របស់​ខ្លួន​ រហូត​ដល់​ពួកគេ​ទៅ​ដល់​ផ្ទះ​​។

    ទាក់​ទិន​នឹង​បញ្ហា​នេះដែរ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO លោក Tedros Adhanom Ghebreyesus ក៏​បានអរគុណ​ចំពោះ​សម្តេច ហ៊ុន សែន ដែល​បាន​អនុញ្ញាតឱ្យ​នាវា Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ។

    ឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។

    មុន​នេះ​ ប្រទេស​ថៃ​ និង​បណ្ដា​ប្រទេស​ និង​កោះ​មួយ​ចំនួន បាន​បដិសេធ​មិន​ឱ្យ​នាវា​ Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​របស់​ពួកគេ​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​វត្តមាន​មេរោគ​កូរ៉ូណា​នៅ​លើ​កប៉ាល់​នេះ បើ​ទោះ​ថ្នាក់​ដឹក​នាំ​កប៉ាល់​បាន​អះអាង​ថា មិន​មាន​អ្នក​ណា​មាន​​ផ្ទុក​មេរោគ​នេះ​ក៏ដោយ។

    គួរ​រំឭកថា កប៉ាល់ Diamond Princess ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​កំពង់​ផែ​មួយ​របស់​ជប៉ុន​ ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​តែ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​នោះ ហើយ​គេ​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ កាន់​តែ​ច្រើន​ឡើង​ៗ​។ ប្រការ​នេះ​ហើយ​ ធ្វើ​ឱ្យ​នាវា Westerdam របស់​ក្រុម​ហ៊ុន Holland America Line ទទួល​រង​ឧបសគ្គ​​ដោយ​សារ​បញ្ហា​នៅលើ​នាវា​ កប៉ាល់ Diamond Princess៕

  • កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam នៅថ្ងៃទី12 កុម្ភៈនេះ បានប្រកាសឱ្យដឹងថា កម្ពុជាបានយល់ព្រមឱ្យនាវាដឹកអ្នកដំណើរទេសចរណ៍របស់ខ្លួន ចូលចតនៅកំពង់ផែរបស់កម្ពុជាហើយ។

    កប៉ាល់ដឹកអ្នកដំណើរទេសចរណ៍ដែលមានឈ្មោះថា MS Westerdam នេះ ធ្លាប់ត្រូវបានប្រទេសជាច្រើនមិនអនុញ្ញាតឱ្យចូលចតនៅឯកំពង់ផែរបស់ពួកគេ។ ប្រទេស និងកោះដែលបានបដិសេធនាវានេះ រួមមានប្រទេស ជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងកោះហ្គ័ម (Guam)។ មូលហេតុនៃការបដិសេធខាងលើនេះ គឺដោយសារប្រទេសទាំងនោះ មានការភ័យខ្លាច និងសង្ស័យថា អ្នកទេសចរ និងក្រុមបុគ្គលិកនៅលើកប៉ាល់នេះ អាចមានផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

    កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។

    គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរទេសចរណ៍ចំនួន 1,455នាក់ និងក្រុមនាវិក 802នាក់នេះ បាននិងកំពុងស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រុមអ្នកគ្រប់គ្រងនាវានេះ បានឱ្យដឹងថា អ្នកទេសចរ និងក្រុមនាវិកនៅលើនាវានេះ ពុំមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា Covid-19 នោះទេ។

    បើយោងតាមអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ក៏បានរាយការណ៍ដូចគ្នាដែរថា នាវាទេសចរណ៍ដ៏ធំ ឈ្មោះ MS Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង 7ព្រឹក នៃថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 ស្អែកនេះហើយ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

    ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕