Man City ដាក់​គោល​ដៅ​ឲ្យ​លោក Guardiola ត្រូវតែ​ធ្វើការ​ប្រជែង​យក​ពាន​ ៣

លោក Pep Guardiola ត្រូវ​បាន​ជំ​រុញ​ឲ្យ​ធ្វើការ​ប្រជែង​ដណ្តើម​ពាន​ ៣ ដោយ​ម្ចាស់​កម្ម​សិទ្ធិ​ដ៏មានមហិច្ឆ​តា​របស់​ Manchester City ខណៈ​ដែលក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ មាន​​បំណង​ធ្វើការ​ស្តារមុខមាត់​ឡើង​វិញ​ពី​​យុទ្ធ​នា​ការ​ដ៏ខកចិត្តកន្លងទៅ​។

រដូវកាល​ទី១​របស់​លោក Guardiola បាន​បញ្ចប់​​ទៅទាំង​ភាពខក​ចិត្ត ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​រដូវកាលដោយ​ការ​​​មិនបាន​ឈ្នះ​ពានអ្វី​សោះ ក្រោយ​ពី​​មិន​អាច​ធ្វើការ​ប្រជែង​ពាន Premier League និង​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​។ Man City ក៏បាន​ធ្លាក់​ចេញពីយុទ្ធ​នាការ​ពាន FA Cup និង League Cup ផង​ដែរ ក្នុង​រដូវ​កាល​ដ៏កម្រ​នៃ​ការមិន​ឈ្នះ​​ពានណាមួយ​សោះ​សម្រាប់លោក Guardiola ដែល​ធ្លាប់បាន​​ឈ្នះ​ពាន​ជាច្រើន​អំឡុង​ពេលលោក​​ដឹក​នាំ​ក្នុង​ក្លិប Barcelona និង Bayern Munich​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Khaldoon Al Mubarak ដែល​ជា​ប្រធានក្លិប Man City ជឿ​ជាក់​ថា កំណត់ត្រា​របស់​លោក Guardiola នៃ​ការ​ឈ្នះ​ពាន​សរុប​ចំនួន​២១លើក​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​របស់​លោកក្នុងនាម​ជា​​អ្នក​ចាត់​ការ​ទូទៅ បង្ហាញ​ថា រដូវ​កាល​ខាងមុខ​នឹងក្លាយជា​​ពេល​វេលា​ដ៏​ជោគ​ជ័យ​។

លោក Khaldoon បានប្រាប់​គេហ​ទំព័ររបស់ក្លិប Man City ថា៖ «យើងនឹង​​​ខិត​​ខំព្យា​យាម​ដណ្តើមពានក្រប​ខ័ណ្ឌ Premier League និង Champions League ហើយ​ទាំងអស់នោះ​នៅ​តែ​ជា​គោល​ដៅ​របស់​យើង​។ យើង​នៅ​តែមាន​មហិច្ឆ​តា​នៃការ​ឈ្នះពាន Champions League ហើយក្តី​សុបិននោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​រំភើប​ជា​រៀង​​រាល់​ថ្ងៃ និង​ដឹង​ថា យើងអាច​ធ្វើ​បាន​»​។ លោក Khaldoon បាន​បន្ថែម​ទៀត​ថា៖ «សុបិននៃ​ការ​ឈ្នះពាន​បីក្នុង​រដូវកាល​តែមួយ​មែន​ទេ​? ពិត​មែនហើយ​។ ហេតុអ្វីមិនអាច​ទៅ​រួច​?»​៕

ប្រភព​ពី៖ Sport24

 

Advertisement