សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។

កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។

យោងតាម Goal សំបុត្រ​ចូល​ទស្សនា​ការប្រកួត​នៅក្នុង​កីឡដ្ឋាន DRV PNK កាន់តែ​ពិបាក​រក​ទិញ ហើយ​តម្លៃ​ក៏​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ Vivid Seats ដែលជា​គេហទំព័រ​ជំនាញ​ខាង​ទិញ-លក់​សំបុត្រ​​ចូល​មើល​បាល់ទាត់ បច្ចុប្បន្នកំពុង​ដាក់លក់​សំបុត្រ​ចូល​ទស្សនា​ Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ​ Inter Miami ក្នុងតម្លៃ 110,000 ដុល្លារ​អាម៉េរិក/សំបុត្រ។

តម្លៃ​មធ្យម​សម្រាប់​សំបុត្រ​ចូល​មើល​ការប្រកួត​រវាង Inter Miami និង Cruz Azul គឺ 487 ដុល្លារ ពោលគឺ​ខ្ពស់ជាង​ទ្វេដង បើ​ធៀប​នឹង​សំបុត្រ​ចូល​មើល​ការប្រកួត​មិត្តភាព​រវាង Inter Miami និង​ម្ចាស់​ជើងឯក La Liga Barca កាលពី​រដូវក្ដៅ​ឆ្នាំមុន។

តម្រូវការ​សំបុត្រ​ចូល​មើល Messi ទាត់​ក្នុង​ប្រកួត​ដំបូង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ដែល Inter Miami ត្រូវ​ប៉ះ​នឹង​ក្រុម Charlotte FC ក្នុង​ថ្ងៃទី 21 សីហា ក៏​កើនឡើង​ខ្ពស់​ផងដែរ និង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ប្រហែល 288 ដុល្លារ/សំបុត្រ។ តួលេខ​នេះ​អាច​នឹង​កើនឡើង​ខ្ពស់ជាង​នេះ​នាពេលខាងមុខ បើសិន Messi បង្ហាញ​ថ្វី​ជើង​បានល្អ​នៅ Leagues Cup។

មិន​ត្រឹមតែ​សំបុត្រ​នោះទេ សូម្បីតែ​អាវ​របស់ Messi ក៏​ត្រូវបាន​អ្នកគាំទ្រ​តាមរក​ទិញ​ច្រើន​ផងដែរ។ ដោយសារតែ​មិនទាន់​ត្រូវបាន​ដាក់លក់​លើ​គេហទំព័រ​របស់ Inter Miami ដូច្នេះ​អ្នកគាំទ្រ​មានតែ​រក​ទិញ​អាវ​លេខ 10 របស់ Messi នៅឯ​​ហាង​ក្នុង​កីឡដ្ឋាន DRV PNK ដែល​ដាក់​លក់​ក្នុងតម្លៃ 199 ដុល្លារ​អាម៉េរិក/អាវ។

ទំព័រ Goal បានឱ្យដឹងថា តម្លៃ​សំបុត្រ​ចូល​មើល​ការប្រកួត​របស់​ក្រុមបាល់ទាត់ Inter Miami បាន​កើនឡើង​ជិត 900% ចាប់តាំងពី​ក្លឹប​នេះ​បាន​បញ្ជាក់ថា ចុះហត្ថលេខា​ជាមួយនឹង Messi កាលពី​ថ្ងៃទី 07 មិថុនា 2023។ នៅ​ក្លឹប​ថ្មី​នេះ កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ពី 50 លាន ដល់ 60 លាន​ដុល្លារ/ឆ្នាំ។ តម្លៃ​សរុប​នៃ​កិច្ចព្រមព្រៀង​របស់ Messi ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លះ នឹង​ចាប់ពី 125 លាន ដល់ 150 លាន​ដុល្លារ។

Messi ក៏​នឹង​ទទួលបាន​ប្រាក់​ខ្លះ​ពី​បណ្ដា​គណនី​ថ្មី​ដែល​ចុះឈ្មោះ​មើល MLS នៅលើ Apple TV ក៏ដូចជា​ប្រាក់ចំណេញ​មួយផ្នែក​របស់​ក្រុមហ៊ុន Adidas នៅ​សហរដ្ឋ​អាម៉េរិក​ផងដែរ។

កាលពី​ព្រលប់​ថ្ងៃទី 16 កក្កដា Messi ត្រូវបាន Inter Miami បង្កើត​ព្រឹត្តិការណ៍​បង្ហាញខ្លួន​មួយ​ដែលមាន​ឈ្មោះថា «The Unveil» នៅក្នុង​កីឡដ្ឋាន DRV PNK។ នៅទីនេះ ម្ចាស់​បាល់​មាស 7 គ្រាប់ បាន​ថ្លែងអំណរគុណ​អ្នកគាំទ្រ មិត្ត​រួម​ក្រុម​ថ្មី និង​គណៈ​គ្រប់គ្រង​ក្លឹប Inter Miami ចំពោះ​ការទទួល​ស្វាគមន៍​ដ៏​អស្ចារ្យ​នេះ ព្រមទាំង​បាន​សម្ដែង​អំពី​មហិច្ឆតា​ចង់យក​ឈ្នះ ដើម្បី​ជួយ​ឱ្យ​ក្លឹប​នេះ​រីកចម្រើន​បន្តទៀត៕

Advertisement