គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

គ្រូបង្វឹក​ Mourinho និង​អាជ្ញាកណ្ដាល Tayor

គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់ Roma (អ៊ីតាលី) លោក Jose Mourinho បានទទួល​ពិន័យ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដោយសារតែ​បង្ហាញ​ទង្វើ​ជេរប្រមាថ​អាជ្ញាកណ្ដាល បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League 2022-2023។

ក្លឹប​បាល់ទាត់ AS Roma បាន​ចាញ់ Sevilla (អេស្ប៉ាញ) នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League 2022-2023 ធ្វើឱ្យ​គ្រូបង្វឹក Jose Mourinho ផ្ទុះ​ការខឹង​នៅក្រោយ​ការប្រកួត។ គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ បាន​រង់ចាំ​អាជ្ញាកណ្ដាល​​នៅ​ចំណត់​ឡាន ហើយ​បាន​ជេរប្រមាថលោក Anthony Taylor​។ លោក Mourinho ក៏​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុងន័យ​ថា អាជ្ញាកណ្ដាល Anthony Taylor ​​កាន់ជើង​ខាង​អេ​ស្ប៉ា​ញ។

ពេលនោះ អ្នកគាំទ្រ​របស់​ក្រុម Roma ក៏បាន​ស្រែក​ចំអក​ឱ្យ​អាជ្ញាកណ្ដាល Taylor ហើយ​ថែមទាំង​គប់​កៅអី​សំដៅ​អាជ្ញាកណ្ដាល នៅពេល​គាត់ និង​គ្រួសារ​ព្យាយាម​ចាកចេញ​ពី​ហុង​គ្រី​ត្រលប់​ទៅផ្ទះ។

គ្រូបង្វឹក Mourinho ជេរប្រមាថ​គ្រូបង្វឹក Taylor នៅ​ចំណត់​ឡាន

ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប បានសម្រេច​ចិត្ត​ពិន័យ​លើ​គ្រូបង្វឹក Mourinho ដោយ​មិនឱ្យ​ដឹកនាំ​​បួន​ប្រកួត​នៅ​អឺរ៉ុប ខណៈដែល Roma ឈរ​លំដាប់​ទី 6 នៅ Serie A កាលពី​រដូវ​កាល​មុន ហើយ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ចូល​ប្រកួត​នៅ Europa League។

ក្រៅពីនេះ ក្លឹប Roma ក៏ត្រូវ UEFA ពិន័យ​។ ពួកគេ​ត្រូវបាន​ហាម​លក់​សំបុត្រ​នៅឯ​ទីលាន​ដទៃ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​អឺរ៉ុប និង​ពិន័យ​ជា​ប្រាក់ 5,000 អឺរ៉ូ​ផងដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​តម្រូវឱ្យ​ទាក់ទង​ទៅកាន់​សហព័ន្ធ​បាល់ទាត់​ហុង​គ្រី​ដើម្បី​ដោះស្រាយ​ការខូចខាត​ដែល​អ្នកគាំទ្រ​របស់ Roma បានធ្វើ​ឡើង៕

Advertisement