ការ​ពិត​នៅពី​ក្រោយ​ «ជោគ​ជ័យ​ក្នុង​ការ​ទិញ​ដូរ​ក្លឹប​​ Man United» របស់ Sheikh Jassim

ក្រុម​ម្ចាស់​ក្លឹប Man United (ឆ្វេង) និង Sheikh Jassim (ស្ដាំ)

ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី 13 មិថុនា ឱ្យ​ដឹង​​ថា ការ​ទិញ​ដូរ​ក្លឹប​បាល់​ទាត់ Man United ពី​គ្រួសារ​ត្រកូល Glazer របស់​មហា​សេដ្ឋី​នៅ​កាតា ហាក់​ទទួល​បាន​ជោគ​ជ័យ។ ក៏ប៉ុន្តែ នៅ​ពី​ក្រោយ​ដំណឹង​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​កំពុង​រារាំង​​អ្នក​វិនិយោគ​នៅ​កាតា​ ក្នុង​ដំណើរ​ចូល​មក​កាន់កាប់​​ក្លឹប​បីសាច​ក្រហមជា​ផ្លូវការ​​។

ក្រោយ​រយៈ​ពេល​ 8 ខែ​នៃ​ការ​​ដណ្ដើម​ទិញ​ Man United រវាង​ មហា​សេដ្ឋី​អង់គ្លេស Jim Ratcliffe និង​ Sheikh Jassim bin Hamad Al Thani សារព័ត៌មាន​កាតា កាល​ពី​ម្សិល​មិញ​ថា មហាសេដ្ឋី​នៅ​ប្រទេស​កាតា​ ​ទទួល​បាន​ការ​យល់​ព្រម​ពីគ្រួសារ​ត្រកូល​ Glazer ដែល​ជា​​ម្ចាស់ក្លឹប​ នៅ​ក្នុង​ការ​ទិញ​ដូរ​នេះ​។

ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ហាក់​​មិន​ទាន់​ត្រឹម​ត្រូវ​ ច្បាស់​ការណ៍​នៅ​ឡើយ​។ ​សារព័ត៌មាន Qatari ដែលបាន​​បាយ​រាយការណ៍ដំណឹង​​ខាងលើ​ ថ្មី​ៗ​នេះ​ក៏​បាន​ដក​អត្ថបទ​នោះ​មក​វិញ​ ក្រោយ​ការ​ចុះ​ផ្សាយ​បាន​ជិត 12 ម៉ោង​។

យ៉ាង​ណា​ក៏​ដោយ ព័ត៌មានដំបូង​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន​របស់​ក្លឹប​ Man United ហក់​ឡើង​ខ្ពស់​ ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​មាន​ដំណឹង​ថា ព័ត៌មាន​ដំបូង​មិន​ទាន់​ច្បាស់​ការណ៍​។

មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ព័ត៌មាន ឬ​សេចក្ដី​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​ពី​ Avram, Joel Glazer ឬ Raine Group (ធនាគារ​អាម៉េរិក​ដែល​​ជា​តំណាង​របស់​ម្ចាស់​ក្លឹប​ Man United សម្រាប់​ការ​ទិញ​ដូរ​ក្លឹប​នេះ​) នៅ​ឡើយ ទាក់​ទង​នឹង​​ស្ថានការណ៍​ក្នុងរឿង​ទិញ​ដូរក្លឹប​បាល់​ទាត់​មួយ​​នេះ​​៕

Advertisement