
ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងវៀតណាម សុទ្ធតែទទួលបានព័ត៌មានមិនល្អនៅមុនការប្រកួតលើកចុងក្រោយបង្អស់នៅ AFF Cup 2022 ដោយសារថៃទំនងជាបាត់បង់ខ្សែប្រយុទ្ធ Teerasil Dangda គ្រាដែលវៀតណាមត្រូវបាត់បង់ខ្សែបម្រើ Bui Tien Dung។
យោងតាមសារព័ត៌មានវៀតណាម ក្នុងការហាត់កាលពីម្សិលមិញ Bui Tien Dung មិនបានចូលរួមនោះទេ។ គាត់មានរបួស និងហើមត្រង់ភ្នែកគោរ ដូច្នេះកីឡាកររូបនេះប្រាកដជាមិនត្រូវបានអនុញ្ញាតឱ្យចូលប្រកួតនៅព្រលប់នេះ។ របួសរបស់ Tien Dung កើតឡើងដោយសារការប្រកួតជាបន្តបន្ទាប់ក្នុងសម្ពាធខ្ពស់។
Tien Dung និង Que Ngoc Hai របស់វៀតណាម ត្រូវបានវាយតម្លៃថា ជាកីឡាករដែលប្រកួតមានស្ថិរភាពជាងគេនៅឯខ្សែបម្រើ។ សារព័ត៌មានវៀតណាមឱ្យដឹងថា ការស្វែងរកកីឡាករមកជំនួយកន្លែងរបស់ Tien Dung គឺជារឿងលំបាកខ្លាំងសម្រាប់ក្រុមជម្រើសជាតិវៀតណាម។

ដោយឡែក ក្រុមជម្រើសជាតិថៃវិញ ក៏ប្រហែលមិនសប្បាយចិត្តប៉ុន្មាននៅពេលទទួលដំណឹងថា របួសត្រង់កំភួន ជើងរបស់ខ្សែប្រយុទ្ធលេខមួយ Teerasil Dangda មិនទាន់ជា។ Dangda រងរបួសក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពេលប៉ះនឹងក្រុមម៉ាឡេស៊ី។ ការប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្រ Dangda មិនបានចូលទីលាននោះទេ ហើយគាត់ទំនងជាពិបាកបន្តការប្រកួតនៅជើងចុងក្រោយបង្អស់របស់ AFF Cup 2022។
ការប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្ររវាងថៃ និងវៀតណាម នឹងត្រូវធ្វើឡើងចាប់ពីម៉ោង 19 និង 30 នាទីថ្ងៃទី 16 មករា 2023 លើទីលានរបស់កីឡដ្ឋាន Thammasat ក្នុងរាជធានីបាងកក ប្រទេសថៃ៕
