Nurgusun Starostina ជាអ្នកស្រុក Yakutsk ដែលជាទីក្រុងរបស់ស៊ីបេរី នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ឱ្យដឹងថា ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ -50 អង្សាសេ នាងត្រូវស្លៀកពាក់ «ដូចទៅនឹងស្ពៃក្ដោប»។
ស្ថិតនៅឆ្ងាយពីរដ្ឋធានីមូស្គូប្រហែល 5,000 គីឡូម៉ែត្រទៅទិសខាងកើត និងនៅលើតំបន់កកជារៀងរហូត Yakutsk តែងតែមានសីតុណ្ហភាព -40 អង្សាសេ និងជាទីក្រុងដែលត្រជាក់ជាងគេបង្អស់លើពិភពលោក។ កាលពីសប្ដាហ៍កន្លង រដូវត្រជាក់បានអូសបន្លាយពេលខុសពីធម្មតា ធ្វើឱ្យសីតុណ្ហភាពចុះដល់ -50 អង្សាសេ។
«មិនអាចប្រឆាំងនឹងអាកាសធាតុបែបនេះបានឡើយ។ អ្នកបានត្រឹមតែសម្របខ្លួន និងស្លៀកពាក់ឱ្យបានសមស្រប» Anastasia Gruzdeva ដែលបានស្ថិតនៅក្រៅផ្ទះកាលពីថ្ងៃទី 15 មករា ប្រាប់ដូច្នេះ។
បើទោះជាអាកាសធាតុត្រជាក់ខ្លាំង ទីក្រុងខាងលើនៅតែមានប្រជាជនរស់នៅប្រហែល 300,000 នាក់។ ទីក្រុងសម្បូររ៉ែ Yakutsk នេះ មានវឌ្ឍនភាពខ្លាំងក្នុងរយៈពេលច្រើនទសវត្សរ៍កន្លង និងទាក់ទាញបានយុវវ័យជាច្រើនមករស់នៅ។
«បានរស់នៅទីនេះ អ្នកមិនមានអារម្មណ៍ថាត្រជាក់ទៀតទេ។ ខួរក្បាលនឹងប្រាប់អ្នកថា គ្រប់យ៉ាងនៅតែធម្មតា» Gruzdeva រៀបរាប់បន្ថែមអំពីទីក្រុងដែលត្រូវគ្របដណ្ដប់ដោយព្រឹល អ័ព្ទ និងទឹកកក។
Nurgusun Starostina ដែលជាអ្នកលក់ត្រីបង្កកនៅផ្សារដោយមិនបាច់មានទូក្លាសេ បាននិយាយថា ពុំមានគន្លឹះអាថ៌កំបាំងណាមួយសម្រាប់ទប់ទល់នឹងធាតុត្រជាក់។ នាងថា «ត្រូវការតែសម្លៀកបំពាក់ក្រាស់។ ស្លៀកពាក់ច្រើនជាន់ ដូចទៅនឹងស្ពៃក្ដោបអីចឹង!»។ Starostina បន្ថែមថា «ផ្សាររបស់យើងគឺជាផ្សារដែលត្រជាក់បំផុតលើពិភពលោក»។
នៅក្នុងខែមករា សីតុណ្ហភាពនៅ Yakutia អាចចុះដល់ -70 អង្សាសេ។ ប្រជាជននៅទីនេះត្រូវបានណែនាំមិនឱ្យពាក់វ៉ែនតា ព្រោះថា ផ្នែកលោហធាតុរបស់វ៉ែនតានឹងកក ហើយជាប់ទៅនឹងស្បែក ព្រមទាំងអាចរលាត់ស្បែក បើប្រឹងបំបែកវាពីស្បែក។
នៅ Yakutia ប្រជាជន និងសិស្សានុសិស្សភាគច្រើនទៅធ្វើការ និងទៅសាលារៀនដោយជិះរថយន្តក្រុង។ ចំណែកអ្នកជិះរថយន្តផ្ទាល់ខ្លួន ត្រូវបំពាក់ប្រព័ន្ធកម្ដៅក្នុងរថយន្ត និងរុំភួយជុំវិញអាគុយ បើមិនដូច្នេះទេ រថយន្តនឹងពិបាកដំណើរការ។
«ត្រូវតែគ្របដណ្ដប់ក្បាល នេះគឺជារឿងសំខាន់។ ក្រៅពីនេះ អ្នកត្រូវតែស្លៀកខោក្រាស់ ព្រោះយើងតែងបាត់បង់កម្ដៅច្រើនត្រង់ជើង។ បើជើងអ្នកត្រជាក់ ដងខ្លួនទាំងមូលរបស់អ្នកក៏ត្រជាក់។ ដូច្នេះ ចូរស្លៀកពាក់ក្រាស់ៗ» Gruzdeva រៀបរាប់៕






