អ័​រ​គី​ដេ​វីឡា ចូលរួម​សកម្មភាព​មនុស្សធម៌​កសាង​ផ្លូវ និង​ចែក​សម្ភារ​សិក្សា​ដល់​សិស្ស​ជាង 500នាក់

ជាការ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ក៏ដូចជា​ការបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ​នោះ នៅ​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ 2017 ព្រឹក​មិញ​នេះ ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា បាន​ចំណាយ​ថវិកា​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែលមាន​ទទឹង 4 ម៉ែត្រ និង​ប្រវែង 70 ម៉ែត្រ និង​ចែក​សម្ភារ​សិក្សា​ដូចជា​ប៊ិច សៀវភៅ កាបូបស្ពាយ ដល់​សិស្សានុសិស្ស​ចំនួន​ជាង 500 នាក់ ដែល​សិ​ស្សា​នៅក្នុង​សាលារៀន និង​អនុវិទ្យាល័យ សម្ដេច អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ស្ថិតនៅ​ភូមិ ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ បន្ថែម​ពីនេះ នៅក្នុង​ឱកាស​សម្ពោធ​ផ្លូវ​បេតុង​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា ក៏បាន​ចូលរួម​បំផុស​ចលនា ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ការដាំ​កូនឈើ រួម​ជាមួយនឹង​ការដាំ​កូន​ផ្កា ដើម្បី​ជាការ​លម្អរ​នៅក្នុង​បរិវេណ​សាលារៀន និង​អនុវិទ្យាល័យ​ផងដែរ ។

ជាការ​ផ្ដាំផ្ញើ អ្នកតំណាង​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា ដែល​នាំយក​អំណោយ​ទៅ​ចែក​ដល់​សិស្សានុសិស្ស​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ សម្រាប់​អំណោយ ដែល​រួមមាន​សម្ភារ​សិក្សា សម្ភារ​លេង​កីឡា រួមជាមួយ​នឹង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ថ្វី​ត្បិត​មាន​ចំនួន​តិច ប៉ុន្តែ​វា​ជា​សកម្មភាព​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការចូលរួមចំណែក​នៅក្នុង​សង្គម លើ​កម្ពស់​វិស័យ​អប់រំ ក៏ដូចជា​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ឱ្យមាន​ភាពងាយស្រួល។

គួរ​រំលឹក​ផងដែរ​ថា ជានិច្ចកាល ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា តែង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ និង​ការងារ​មនុស្សធម៌​ជា​ហូរ ដូចជា ការផ្តល់​ឈាម ការបរិច្ចាក​ថវិកា​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ការកសាង​ផ្លូវ ក៏ដូចជា​ចូលរួម​កសាង​សាលារៀន​ជាដើម ៕

Advertisement