រាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដោយតំបន់ប្រកបដោយសក្តានុពលនេះ ជាតំបន់សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសដែលទាមទារឱ្យមានការអភិវឌ្ឍជាប់ជានិច្ច។
ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង ស្ពានអាកាសថ្មើរជើង ចំណុចខាងលិចផ្សារដើមគរ ថាមានមនុស្សជាច្រើនយល់ថាកម្ពុជាអភិវឌ្ឍយឺត ឬជាតំបន់ដែលមិនសូវមានការអភិវឌ្ឍជាដើម។ ការយល់ឃើញនេះជាការយល់ឃើញរបស់គេ តែអ្វីដែលយើងកំពុងធ្វើជាក់ស្តែង យើងយល់ឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ជាតំបន់ដែលមានការអភិវឌ្ឍលឿនយ៉ាងខ្លាំង។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ជាក់ស្តែងដូចយើងបានឃើញហើយថា ស្ពានព្រែកភ្នៅ ដែលរាជរដ្ឋាភិបាលបានទិញពីឯកជនយកមកគ្រប់គ្រងឆ្ពោះទៅមហាវិថីឈ្នះៗនៅពេលនេះ គឺបានធ្វើលឿនជាងការគ្រោងទុក»។
ឯកឧត្តមបញ្ជាក់ថា តាមគ្រម្រោងដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំណត់គឺស្ពានព្រែកភ្នៅនេះ ត្រូវសាងសង់ឡើងនៅឆ្នាំ 2020នេះ តែអ្វីដែលយើងបានធ្វើគឺ យើងធ្វើរួចតាំងពីឆ្នាំ2010មកម្លេះ ហេតុនេះជាស្ថានភាពជាក់ស្តែងទីក្រុងភ្នំពេញអភិវឌ្ឍលឿនជាងគម្រោងដល់ទៅ 10ឆ្នាំ៕