ប្រជាសហគមន៍ចូលរួមប្រារព្ធកម្មវិធីការពារសិទ្ធិស្ដ្រី និងការពារសត្វព្រៃ

កាលពីសប្ដាហ៍មុន(ថ្ងៃទី9) ក្នុងថ្ងៃប្រារព្ធទិវាសត្វព្រៃ និងសិទ្ធិស្ដ្រី មានក្រុមយុវជន និងប្រជាពលរដ្ឋប្រុស-ស្រី ចំនួន 650នាក់ បានមកទស្សនាសត្វព្រៃដ៏អស្ចារ្យមួយចំនួនរបស់ប្រទេសកម្ពុជា នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយក្រុមគោព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ បានដឹកនាំសិស្សានុសិស្សមកពីសាលារៀនចំនួន10 រួមមានលោកគ្រូ អ្នកគ្រូ បុគ្គលិក ប្រជាពលរដ្ឋចាស់ៗ និងយុវជនតំណាងឱ្យកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា មន្ដ្រីរដ្ឋបាលស្រុក ប៉ូលិស និងប៉េអឹមស្រុកផងដែរ។

ស្ថិតនៅលើផ្ទៃដី 2,300ហិតានៃព្រៃឈើដែលដុះឡើងវិញ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានផ្ដល់ជាទីជម្រកដល់សត្វព្រៃជាង 1,400ក្បាល ក្នុងចំណោមសត្វជាង 100ប្រភេទ ដែលរួមមាន ដំរីអាស៊ី ខ្លាដំបង(ខ្លាធំ) ទោចមកុដ ភេ សត្វបក្សីបក្សា និងសត្វល្មូនជាច្រើនទៀត។

សត្វព្រៃរងគ្រោះជាច្រើន ត្រូវបានជួយសង្គ្រោះមកវិញចេញពីការជួញដូរសត្វព្រៃខុសច្បាប់ និងបាត់បង់ទីជម្រក។

មជ្ឈមណ្ឌលនេះ ជានិច្ចកាលត្រូវបានប្រើប្រាស់ដោយក្រុមគោព្រៃ ដែលជាអង្គភាពអប់រំបរិស្ថានចល័តតែមួយគត់នៃប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺដើម្បីណែនាំដល់កុមារា-កុមារី ក៏ដូចជាមនុស្សពេញវ័យ ឱ្យក្លាយជាអ្នកការពារជួរមុខនៃធនធានធម្មជាតិរបស់ពួកគេ ។

ប្រជាសហគមន៍ មានឱកាសស្វែងយល់ពីប្រភេទសត្វជាច្រើនផ្សេងៗគ្នា រួមទាំងរឿងរ៉ាវនៅពីក្រោយថា ហេតុអ្វីបានជាឥឡូវពួកវា(សត្វព្រៃទាំងនោះ)មករស់នៅភ្នំតាម៉ៅ ជាពិសេសបង្ហាញពីហានិភ័យដែលបង្កឱ្យមានការភ័យខ្លាចចំពោះសត្វព្រៃ។​

លោក គុយ តុង ដែលជាអនុប្រធានមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក៏ស្ថិតនៅទីនោះដែរ ដើម្បីជួយផ្ដល់នូវរឿងរ៉ាវស្ដីពីទីកន្លែងនោះ ដែលបានបង្កើតឡើងកាលពីឆ្នាំ1995 ដោយរដ្ឋ

បាលព្រៃកម្ពុជា ហើយក៏បានទទួលជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញឱ្យឃើញដែរថា ស្ដ្រីគ្រប់វ័យ អាចដើរតួយ៉ាងសំខាន់ក្នុងកិច្ចការការពារសត្វព្រៃ តាមរយៈការរាយការណ៍នូវបទល្មើសសត្វព្រៃនានា បដិសេដចំពោះការទទួលទានសាច់សត្វព្រៃ និងការប្រើប្រាស់ផលិតផលពីសត្វព្រៃផ្សេងៗ និងជួយណែនាំដល់ក្រុមគ្រួសារ ព្រមទាំងសហគមន៍របស់ពួកគេឱ្យចូលរួមធ្វើបែបហ្នឹងដែរ។

នេះជាដំណើរទស្សនកិច្ចទាន់ពេលវេលា ហើយក៏ជាជំហានដ៏សំខាន់ផងដែរ លើការការពារសុខភាពសាធារណៈ ដោយសាសត្វព្រៃត្រូវបានគេកំណត់សម្គាល់ថា ជាភ្នាក់ងារចម្លងមេរោគវីរុសកូរ៉ូណា ក៏ដូចជាជម្ងឺរាតត្បាតសាហាវៗផ្សេងទៀតដូចជា សារស៍ និងអេបូឡា ជាដើម។

លោក សាយ ប៊ុនថេង អនុប្រធានផ្នែកធនធានមនុស្សនៃរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា «ដំណើរទស្សនកិច្ចនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកភូមិរបស់យើង ដោយសារតែឥឡូវ ពួកគាត់បានយល់ដឹងអំពីការគំរាមកំហែងចំពោះសត្វព្រៃ ជាពិសេសបន្ទាប់ពីបានឃើញសត្វដំរី និងទោច ត្រូវពិការជើងដោយសារតែអន្ទាក់ ហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្ដទៅកាន់អ្នកដទៃ កុំឱ្យទទួលសាច់សត្វព្រៃតទៅទៀត។

ចាប់តាំងពីឆ្នាំ2001 អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសង្គ្រោះជីវិតសត្វពីការជួញដូរខុសច្បាប់នៅក្នុងប្រទេសកម្ពុជាបានចំនួនច្រើនជាង 76,000ក្បាល ហើយសត្វ 1ក្បាលៗដែលបានជួយសង្គ្រោះ គឺជាហានិភ័យដែលគេចផុតពីការលក់ដូរទៅកាន់មនុស្សបន្ដទៀត។

ប្រសិនបើលោកអ្នកជួបប្រទះ​សត្វព្រៃ ត្រូវបានគេចាប់ដាក់ក្នុងទ្រុងក្ដី ក្នុងកាតាបក្ដី ឬមួយលោកអ្នកបានដឹងអំពីការរត់ពន្ធសត្វព្រៃខុសច្បាប់ សូមរាយការណ៍មកក្រុមសង្គ្រោះសត្វព្រៃបន្ទាន់តាមរយៈលេខទូរស័ព្ទ 012 500 094 ឬតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេច https://www.facebook.com/WCHCambodia/ ក៏បាន។

Advertisement