METFONE GOLF CHAMPION SHIP 2017 រកឃើញម្ចាស់ជ័យលាភី

បន្ទាប់ពីបានព្យាយាមបញ្ចេញសមត្ថភាពនៅក្នុងការប្រកួតយ៉ាងស្វិតស្វាញពេញមួយថ្ងៃនៅក្នុងកម្មវិធី METFONE GOLF CHAMPIONSHIP 2017 ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពពិតនៅក្នុងវិស័យកីឡាវាយកូនហ្គោលមិនមែនអាជីព ដែលរៀបចំឡើងដោយទីលានវាយកូនហ្គោល City Golf ក្រោមការចូលរួមគាំទ្រ និងឧបត្ថម្ភធំដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Metfone រួមជាមួយនឹងដៃគូសហការឧបត្ថម្ភចំនួន4ក្រុមហ៊ុនទៀតរួមមាន ក្រុមហ៊ុនស្រាបៀរ Heineken , ក្រុមហ៊ុនប្រេងឥន្ទនៈTELA, ក្រុមហ៊ុន POCARI SWEAT និងក្រុមហ៊ុន City Link Internet កាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2017 ដោយមានការបែងចែកចេញជាពីរវេន (Flight A និង Flight B) កាលម្សិលមិញនេះ នៅទីបំផុតកម្មវិធីបានរកឃើញអ្នកដែលមានសមត្ថភាព និងអាចទទួលពានប្រចាំឆ្នាំ2017 ដែលបានរួមមានរាយនាមឈ្មោះដូចខាងក្រោម ៖

អ្នកទទួលបានជ័យលាភីនៅក្នុង Flight A ៖
– ម្ចាស់ពានរង្វាន់លេខ 1 ៖ លោក ពៅ ពេជ្រមេត្តា ( Mr. Peou Pich Meta ) ( ពិន្ទុ -5 )
– ម្ចាស់ពានរង្វាន់លេខ 2 ៖ លោក អ៊ីម រៀរហ៊ុល ( Mr. Im Reahul ) ( ពិន្ទុ -5 )
– ម្ចាស់ពានរង្វាន់លេខ 3 ៖ លោក គឹម សំរេច ( Mr. Kem Samrach ) ( ពិន្ទុ -4 )

អ្នកទទួលបានជ័យលាភីនៅក្នុង Flight B ៖
– ម្ចាស់ពានរង្វាន់លេខ 1 ៖ លោក ជុំ សំអាន ( Mr. Chum Sam Ann ) ( ពិន្ទុ .E )
– ម្ចាស់ពានរង្វាន់លេខ 2 ៖ ឯកឧត្តម ម៉ែន រ៉ា ( H.E. Men Ra ) ( ពិន្ទុ +1 )
– ម្ចាស់ពានរង្វាន់លេខ 3 ៖ ឯកឧត្តម ផន ណារ៉ា ( Gen. Phorn Nara ) ( ពិន្ទុ +2 )

ជាមួយនឹងការចូលរួមរីករាយអបអរសាទរនៅក្នុងលទ្ធផលខាងលើនេះ លោកឧកញ៉ា ឈុន អូន ដែលជាអគ្គនាយកទីលានវាយកូនហ្គោល City Golf បានមានប្រសាសន៍ថាយ៉ាងដូច្នេះថា ៖ «ក្នុងនាមរូបខ្ញុំជាថ្នាក់ដឹកនាំនៅក្នុងទីលានវាយកូនហ្គោល City Golf សូមសម្ដែងនូវភាពរីករាយ និងចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានលទ្ធផលនាពេលនេះ ហើយក៏ចូលរួមរីករាយជាមួយនឹងបណ្តាកីឡាករ-កីឡាការិនី ទាំងអស់ដែលបានចូលរួមបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រវិស័យវាយកូនហ្គោល និងសាទរនៅក្នុងឱកាសដែលបានផ្លាស់ប្ដូរទទួលយកនូវបទពិសោធន៍ថ្មីពីបណ្តាមិត្តរួមកម្មវិធីប្រកួតកាលពីពេលកន្លងទៅនេះ ។ នៅក្នុងឱកាសនេះផងដែរ ខ្ញុំក៏មានកិត្តិយសប្រកាសជាថ្មីថា ចាប់ពីពេលនេះទៅ ទីលានវាយកូនហ្គោល City Golf របស់យើង នឹងមានការរៀបចំកម្មវិធីប្រកួតរៀងរាល់2ខែម្ដង ដើម្បីចូលរួមបង្កើតសមត្ថភាពរបស់អ្នកដែលស្នេហាវិស័យវាយកូនហ្គោលឱ្យមានភាពល្អប្រសើរនៅពេលអនាគត់ ។ ម៉្យាងវិញទៀត ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានឧបត្ថម្ភយ៉ាងពេញទំហឹងក្នុងការប្រកួតនៅក្នុងកម្មវិធី METFONE GOLF CHAMPIONSHIP 2017 ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀត រួមមាន ក្រុមហ៊ុនស្រាបៀរ Heineken , ក្រុមហ៊ុនប្រេងឥន្ទនៈTELA, ក្រុមហ៊ុន POCARI SWEAT និងក្រុមហ៊ុន City Link Internet »។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រកួតត្រូវបានធ្វើឡើងកាលពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2017 ម្សិលមិញនេះ ដោយមានបេក្ខភាពចូលរួមប្រកួត សរុបចំនួន 90 នាក់ ចម្រុះជាតិសាសន៍ រួមមានជនជាតិ កម្ពុជា កូរ៉េ ចិន និងជនជាតិអឺរ៉ុប ដោយធ្វើការបែងចែកចេញជា 2 វេន ពោលគឺការប្រកួតជម្រុះក្រុមទី1ចំនួន45នាក់ ចាប់ពីម៉ោង 7៖15 នាទីព្រឹក និងក្រុមទី 2 ប្រកួតជម្រុះចាប់ពីម៉ោង 2៖15នាទីរសៀល រហូតដល់ម៉ោង 6 ល្ងាច បិទកម្មវិធីរួមជាមួយការប្រគល់ពានរង្វាន់ដល់កីឡាករដែលប្រកួតឈ្នះនៅវេនពេលព្រឹកចំនួន 3 រូប និងកីឡាករដែលប្រកួតឈ្នះនៅវេនពេលថ្ងៃចំនួន 3 រូប ៕

Advertisement