គ្រឹះស្ថានអប់រំ Aii & AIS នឹងបើកទ្វារចំហរដល់សាធារណជនចូលទស្សនារយៈពេល២ថ្ងៃដោយសេរី​

ក្នុងឱកាសឆ្នាំសិក្សាថ្មីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង​ ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និងអគ្គនាយកប្រតិបត្តិ នឹងរៀបចំការបើកទ្វារចំហរដល់សិស្សានុសិស្ស អ្នកអាណា​ព្យាបាល​សិស្ស និងសាធារណជនទូទៅ ចូលទស្សនាក្នុងទីតាំងអគារសិក្សារយៈពេល២ថ្ងៃ​ដោយសេរី។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលត្រូវ​បើកទ្វារ​ចូល​ទស្សនាដោយសេរី​នោះរួមមាន មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះចាប់ពីម៉ោង ៨ព្រឹកដល់ ម៉ោង៥ល្ងាចនេះបើតាមគណៈគ្រប់គ្រង​នៃមជ្ឈមណ្ឌលនិងសាលារៀន។​ មជ្ឈមណ្ឌលភាសា អេ អាយ អាយមានទទួលសិស្សចុះឈ្មោះចូលរៀនជារាងរៀលថ្ងៃ។

ទាក់ទិនបញ្ហានេះ ​លោក យ៉េន ចាន់សុម៉ា នាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី បាន​​ប្រាប់​ កាលពីថ្មីៗកន្លងទៅថា ការបើក​ចំហរដល់សាធារណជនចូលទស្សនា​​​​​ដោយសេរី​នេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់សិស្សា​នុសិស្ស អ្នកអាណាព្យាបាលសិស្ស និងសាធារណជនគ្រប់មជ្ឈមដ្ឋាន​ចូល​ទស្សនាពីរចនា​សម្ពន្ធ ​អគារ បន្ទប់សិក្សា សម្ភារសិក្សា គ្រឿងឧបទេស បណ្ណាល័យ ឧបករណ៍សិក្សា និងទីតាំងអគារសិក្សា​ជាដើម។​

លើស​ពីនេះ ​នាយកមជ្ឈមណ្ឌលរូបនេះ មានប្រសាសន៍បន្ថែមថា ក្រៅពីចូលទស្សនា​នៅតាម​​អគារសិក្សានីមួយៗ ក៏បានផ្ដល់ឱកាសដល់សិស្សានុសិស្ស អ្នកអាណាបាលសិស្ស និងសាធារណជន បានស្គាល់គ្នា បង្កើនទំនាក់ទំនង បង្កើតភាពស្និទ្ធស្នាល រវាងគ្នានឹងគ្នា​ផង​ដែរ។​

លោក ចាន់សុម៉ា ​បញ្ជាក់ថា ការបើកចំហរដល់សាធារណជនទូទៅនេះ ក៏មាន​រៀប​ចំ​ជាស្តង់ពិព័រណ៌ មានកន្លែង​ផ្ដល់​ព័ត៌មាន កន្លែងប្រឹក្សាយោបល់កម្មវិធីសិក្សា មាន​កន្លែង​សម្រាប់​​កុមារ​កម្សាន្ត មានការគូរគំនូស​​ ការផាត់ពណ៌​រូបភាព ​ការ​ទស្សនាការរៀន និងបង្រៀន និង​ការពិសោធ​របស់​​​សិស្សជាដើម។

បើតាម​លោក រឿង សុភាព ជានា​យក​ចាងហ្វាង​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ចោមចៅ​​ បានបញ្ជាក់បន្ថែម​ថា បច្ចុប្បន្ន ដោយសារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ​មានការរីកចម្រើន និងគាំទ្រខ្លាំង​​ពីអ្នកអាណា​ព្យាបាល​សិស្សានុសិស្ស និងមហាជនទូទៅនោះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងបានសម្រេចចិត្តបើកទ្វារដល់សាធារណជន ចូលទស្សនា ដោយសេរីឥត​គិតថ្លៃចាប់ពី​ថ្ងៃទី១៥-១៦ខែកុម្ភៈ ខាងមុខនេះ​។

នាយកចាងហ្វាងដដែលបន្ថែមថា ក្នុងថ្ងៃនេះផងដែរ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ​ដែល​មាន​បំណង​​សិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ​និងសាលារៀន អន្តរទ្វីប អាមេរិកាំង ​អាចធ្វើតេស្ត​ចូលរៀន​ដោយឥតគិត​ប្រាក់ឡើយ​។

សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ​ ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសា​អង់គ្លេស ចិន និងភាសាថៃ​ ឈានមុខគេនៅកម្ពុជាដោយ​​ផ្ដោត​ទៅលើ​គុណភាព វិន័យ និងសេវា​កម្ម។

ចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ ដែលផ្ដោតសំខាន់ទៅលើ​ចំណេះទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ដោយ​​ផ្ដោត​ទៅលើ​គុណភាព វិន័យ និងសេវា​កម្ម​​៕

Advertisement