ការប្រកួតជិះសេះវ័យក្មេងលើកទី១ធ្វើឡើងដោយ សហព័ន្ធកីឡាជិះសេះកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេមឆ្នាំ ២០២៣

កាលពីចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធកីឡាជិះសេះកម្ពុជាបានរៀបចំការប្រកួតជិះសេះវ័យក្មេង ដោយមានកីឡាករប្រមាណជា ២០រូប

បានបង្ហាញពីសមត្ថភាពជិះសេះដ៏ក្លាហានរបស់ពួកគេនៅក្នុងកម្មវិធីប្រកួតជិះសេះលើកទី១ ឆ្នាំ២០២០ នៅ Cambodian Country Club ដើម្បីត្រៀមខ្លួនចាប់យកឱកាសក្នុងកីឡាស៊ីហ្គេម ២០២៣ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះជាលើកដំបូង។

លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ ជា​គ្រូបង្ហាត់​ជិះសេះ​ដល់​ក្មេង​ៗបានអោយដឹងថាការចូលរួមប្រកួតកីឡា​ជិះសេះ​នេះ មិន​ទាន់​ប្រជាប្រិយភាព​ណៅ​ឡើយ​ទេ សម្រាប់​ប្រទេស​កម្ពុជា​ទេ​។

លោក​បានបញ្ជាក់ថា «​ ​កីឡា​ប្រភេទ​នេះជាទូទៅ​គេ​មិនសូវ​ចូល​ចិត្ត​ទេ តែបើ​និយាយ​រឿង​ប្រណាំង​ដាក់​លុយ​វិញប្រហែលជាមានអ្នកចូលចិត្តច្រើន តែ​ប្រណាំង​អត់​នៅ​ក្នុង​ក្រប​ខណ្ឌ​កីឡា​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​ស៊ីសង និង​ការ​ប្រថុយ​»​។​លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ បាន​បន្ត​ថា​« សម្រាប់​កីឡា​ជិះសេះ​នេះ យើង​និង​ខាង​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ពង្រឹង​និង​អភិវឌ្ឍ​កីឡា​ជិះសេះ​ឲ្យ​មានការ​រីក​ចម្រើន ដើម្បី​ត្រៀម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​២០២៣ ព្រោះថា វិញ្ញាសារ​ជិះសេះ​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​នេះ​ដែរ​។

តាមរយៈការប្រកួតកីឡាជិះលើកទី១នេះ លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​បង្វឹក​កីឡាករ​ជិះសេះ​កម្ពុជា បានគូស​បញ្ជាក់​​ថា សព្វ​ថ្ងៃនេះ សម្រាប់​កីឡា​ជិះសេះ កីឡាករ​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​អាច​ចេញ​ទៅ​ប្រឡូក​នៅ​ក្រៅប្រទេស​ទេ​។

លោកស្រី​ ទេព ម៉ូ​ណា បន្ត​ថា «​យើង​ត្រូវការ​បន្សាំ​កីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ហើយ ដោយ​បច្ចុប្បន្ន​នេះ យើង​ឲ្យ​ពួក​គេ​ជិះសេះ​ហើយ​ផ្លោះ​របង​ត្រឹមតែ​កម្ពស់​ល្មម​មួយ​ដែល​ស័ក្ដិសម​នឹង​វ័យ​របស់​ពួក​គេ ជាក់ស្ដែងនៅ​ពេល​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេ​ម ការ​លោត​ផ្លោះ​នឹង​កាន់តែ​ខ្ពស់​ជាង​នេះ​ទៀត​។ ដូចនេះ​វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ​។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹងប្រែង​បង្វឹក​កីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ខ្លាំង ដើម្បី​អាច​ឲ្យ​ពួក​គេ​មានឱកាស​ចូលរួម​ការ​ប្រកួត​ដ៏​ធំ​នេះ​បាន​»​។

លោកស្រីបានបញ្ជាក់ថា៖ បើ​ទោះបីជា​នៅ​កម្ពុជា​មិន​ទាន់​មានការ​ពេញ​និយម​ខ្លាំង​ចំពោះ​កីឡា​ជិះសេះ​មែន ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​បង្វឹក​កីឡាករ​ជិះសេះ​កម្ពុជា​រូប​នេះ ចង់​មានការ​លើកកម្ពស់​កីឡា​នេះ តាម​រយៈ​ការ​បញ្ជ្រាប​ចូល​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​លោកស្រី​បាន​លើក​ឧទាហរណ៍​ថា «​បើសិនជា​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា មានការ​ជិះសេះ​កម្សាន្ដ ខ្ញុំ​គិត​ថា​ភ្ញៀវ​ទេសចរ​ប្រហែលជា​ចាប់អារម្មណ៍​ជាង​ការ​ប្រើ​មធ្យោបាយ​យានយន្ត​ផ្សេង​ៗ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កីឡា​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព​ទៀតផង​​»៕

Advertisement