កាលពីចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធកីឡាជិះសេះកម្ពុជាបានរៀបចំការប្រកួតជិះសេះវ័យក្មេង ដោយមានកីឡាករប្រមាណជា ២០រូប
បានបង្ហាញពីសមត្ថភាពជិះសេះដ៏ក្លាហានរបស់ពួកគេនៅក្នុងកម្មវិធីប្រកួតជិះសេះលើកទី១ ឆ្នាំ២០២០ នៅ Cambodian Country Club ដើម្បីត្រៀមខ្លួនចាប់យកឱកាសក្នុងកីឡាស៊ីហ្គេម ២០២៣ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះជាលើកដំបូង។
លោក ហ៊ូយ សុផារិទ្ធ ជាគ្រូបង្ហាត់ជិះសេះដល់ក្មេងៗបានអោយដឹងថាការចូលរួមប្រកួតកីឡាជិះសេះនេះ មិនទាន់ប្រជាប្រិយភាពណៅឡើយទេ សម្រាប់ប្រទេសកម្ពុជាទេ។
លោកបានបញ្ជាក់ថា « កីឡាប្រភេទនេះជាទូទៅគេមិនសូវចូលចិត្តទេ តែបើនិយាយរឿងប្រណាំងដាក់លុយវិញប្រហែលជាមានអ្នកចូលចិត្តច្រើន តែប្រណាំងអត់នៅក្នុងក្របខណ្ឌកីឡាទេ វាពាក់ព័ន្ធនឹងការស៊ីសង និងការប្រថុយ»។លោក ហ៊ូយ សុផារិទ្ធ បានបន្តថា« សម្រាប់កីឡាជិះសេះនេះ យើងនិងខាងសហព័ន្ធកីឡាជិះសេះកម្ពុជា បាននឹងកំពុងខិតខំពង្រឹងនិងអភិវឌ្ឍកីឡាជិះសេះឲ្យមានការរីកចម្រើន ដើម្បីត្រៀមជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម២០២៣ ព្រោះថា វិញ្ញាសារជិះសេះនេះក៏ត្រូវបានគេដាក់បញ្ជូលទៅក្នុងកីឡាស៊ីហ្គេមនេះដែរ។
តាមរយៈការប្រកួតកីឡាជិះលើកទី១នេះ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកីឡាជិះសេះកម្ពុជាបង្វឹកកីឡាករជិះសេះកម្ពុជា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់កីឡាជិះសេះ កីឡាករកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចចេញទៅប្រឡូកនៅក្រៅប្រទេសទេ។
លោកស្រី ទេព ម៉ូណា បន្តថា «យើងត្រូវការបន្សាំកីឡាករវ័យក្មេងទាំងនេះឲ្យហើយ ដោយបច្ចុប្បន្ននេះ យើងឲ្យពួកគេជិះសេះហើយផ្លោះរបងត្រឹមតែកម្ពស់ល្មមមួយដែលស័ក្ដិសមនឹងវ័យរបស់ពួកគេ ជាក់ស្ដែងនៅពេលប្រកួតក្នុងកីឡាស៊ីហ្គេម ការលោតផ្លោះនឹងកាន់តែខ្ពស់ជាងនេះទៀត។ ដូចនេះវាមិនមែនជាការងាយស្រួលនោះទេ។ ដូច្នេះយើងត្រូវតែប្រឹងប្រែងបង្វឹកកីឡាករវ័យក្មេងទាំងនេះឲ្យខ្លាំង ដើម្បីអាចឲ្យពួកគេមានឱកាសចូលរួមការប្រកួតដ៏ធំនេះបាន»។
លោកស្រីបានបញ្ជាក់ថា៖ បើទោះបីជានៅកម្ពុជាមិនទាន់មានការពេញនិយមខ្លាំងចំពោះកីឡាជិះសេះមែន ប្រធានសហព័ន្ធកីឡាជិះសេះកម្ពុជាបង្វឹកកីឡាករជិះសេះកម្ពុជារូបនេះ ចង់មានការលើកកម្ពស់កីឡានេះ តាមរយៈការបញ្ជ្រាបចូលក្នុងវិស័យទេសចរណ៍ ដោយលោកស្រីបានលើកឧទាហរណ៍ថា «បើសិនជានៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងប្រទេសកម្ពុជា មានការជិះសេះកម្សាន្ដ ខ្ញុំគិតថាភ្ញៀវទេសចរប្រហែលជាចាប់អារម្មណ៍ជាងការប្រើមធ្យោបាយយានយន្តផ្សេងៗ ថែមទាំងអាចធ្វើឲ្យកីឡានេះកាន់តែមានប្រជាប្រិយភាពទៀតផង»៕