ក្រុមហ៊ុនខ្មែរ-ចិនបើកការដ្ឋានគម្រោងខុនដូ ដើមទុនជាង 10លានដុល្លារ នៅខណ្ឌ​សែនសុខ

ក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិនបានវិនិយោគរួមគ្នាលើគម្រោងខុនដូមួយដែល​​មាន​ឈ្មោះថា អេខេជេ ប្រាយផៀល ត្រូវបានបុកគ្រឹះសាងសង់ហើយ កាលពីព្រឹកថ្ងៃទី31 ខែធ្នូ ដំណាច់ឆ្នាំ2019​ ដោ​យអគារខុនដូនេះមានកម្ពស់ 26ជាន់ ក្រោមទុនវិនិយោគប្រមាណជាង ​10​លាន​ដុល្លារ​អាមេរិក ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

ឧកញ៉ា គួច ផេង អគ្គនាយកក្រុមហ៊ុន AKJ អេខេជេ ធានលូ ប្រផឹធី ឌីវេឡុបមិន ឯ.ក បាន​ថ្លែង​ថា៖«ខុនដូមួយនេះ ត្រូវបានសាងសង់លើផ្ទៃដី 1,200ម៉ែត្រការ៉េ ហើយមានទំហំវិនិយោគជាង10លាន​ដុល្លារ​​​អា​មេ​រិក។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ2021 ដែលមានបន្ទប់ទាំងអស់ចំនួន 286យូនីត ហើយមានបែងចែក​ចេញជា​ 6​ប្រភេទ​ផ្ទះ»

«ប្រភេទផ្ទះទាំង6 មានដូចជា៖ ប្រភេទA1 ស្ទូឌីយោ មានទំហំសរុប 36.36ម៉ែត្រការ៉េ, ប្រភេទA2 ស្ទូដីយោ មានទំហំសរុប 34.89ម៉ែត្រការ៉េ, ប្រភេទB1 បន្ទប់គេង1 មានទំហំសរុប 51.92​ម៉ែត្រ​ការ៉េ, ប្រភេទ​B2 បន្ទប់គេង1 មានទំហំសរុប 55.44ម៉ែត្រការ៉េ, ប្រភេទC1 បន្ទប់គេង2 មានទំហំ​សរុប 71.53​ម៉ែត្រការ៉េ, ប្រភេទC2 បន្ទប់គេង2 មានទំហំសរុប 75.84ម៉ែត្រការ៉េ»

លោកឧកញ៉ាបន្តថា មូលហេតុដែលត្រូវវិនិយោគនៅទីតាំងនេះ ដោយសារនៅ​ខណ្ឌសែនសុខ​ ជាទីតាំងមួយដែលទៅថ្ងៃអនាគត នឹងអភិវឌ្ឍខ្លាំងក្លា ដែលគេជឿជាក់ថា​ ការ​អភិវឌ្ឍនៅ​តំបន់​នេះនឹង​ប្រែមុខមាត់យ៉ាងខ្លាំង ពិសេសនៅតំបន់ក្រោយធនាគារជាតិ។ នៅថ្ងៃ​អនា​​គតនឹង​មាន​គម្រោង​​ផ្សេងទៀត នៅតំបន់ជុំវិញនេះដែររបស់ក្រុមហ៊ុន ដែល​គម្រោង​ទាំង​នោះ នឹង​ប្រែក្លាយ​តំបន់​ភ្នំពេញ​ថ្មី ទៅជាទីក្រុង និងទៅជាទីប្រជុំជនមួយ ដែលមានភាព​ទំនើប​ស៊ីវីល័យ។

ឧកញ៉ា គួច ផេង បានបន្ថែមទៀតថា អគារអេខេជេ ប្រាយផៀល ទទួលសាងសង់ ដោយក្រុម​ហ៊ុនសំណង់ចិនផ្ទាល់តែម្តង។ ក្រុមហ៊ុនចិន គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ទាំង 500លើពិភពលោក ហើយក្រុមហ៊ុននេះ គឺជាអ្នកសាងសង់ពហុកីឡដ្ឋានជាតិសម្តេចតេជោ នៅតំបន់ឧកញ៉ា លី យ៉ុងផាត់ ហើយក៏ជាអ្នកសាងសង់អគារថ្មីរបស់មន្ទីរពេទ្យលោកសង្ឃផងដែរ។

លោកឧកញ៉ា គួច ផេង បានអះអាងថា «ការដែលយើងសម្រេចចិត្តវិនយោគលើខុនដូនេះ គឺ យើងឃើញថា សក្តានុពល នៃសេដ្ឋកិច្ចកម្ពុជាយើង មានការរីកចម្រើន ដោយផ្អែកលើកត្តាជាច្រើន ធ្វើ​ឱ្យ​​យើងមានសង្ឃឹម និងមានជំនឿជាក់ថា ការលក់មិនមែនជាបញ្ហាទេ ជាពិសេសក្នុងចំណោមនោះ ដែលសំខាន់ជាងគេ គឺស្ថិរភាពនយោបាយ និងការលូត​លាស់នៃ​សេដ្ឋ​កិច្ច​​កម្ពុជាយើង។ ហើយការ​លក់​ទៀតសោត យើងផ្តោតលើអតិថិជន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារតែរចនាប័ទ្ម​នៃស្ថា​ប​ត្យ​កម្មរបស់យើង គឺយើងធ្វើលក្ខណៈបែបទំនើប»

អគារខុនដូ អេខេជេ ប្រាយផៀល នេះ គឺជាអគារដំបូងគេនៅប្រទេសកម្ពុជាដែល​ត្រូវបាន​ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ចិនខូអិលធីឌី ជាគម្រោងវិស្វកម្ម លទ្ធកម្ម និងសំណង់ Engineering, Procurement and Construction (EPC)និងបានរចនា​ស្ថាបត្យកម្ម​ដោយក្រុមជំនាញ​​​​ដែលមាន​បទ​ពិសោធខ្ពស់ និងច្រើនឆ្នាំ ក្នុងការរចនាស្ថាបត្យកម្ម​សំណង់​អគារខ្ពស់ៗជា ច្រើននៅទូទាំងពិភព​លោក​ដែលដឹកនាំដោយស្ថាបត្យករ​ លោក​ប្រធាន លូ សឹង ដែលមានវត្តមាននៅទីនេះផ្ទាល់ដែរ។ 

លោកឧកញ៉ា គួច ផេងបានបញ្ជាក់បន្ថែមថា អគារនេះ ជាការចាប់ផ្តើមមួយជំហានខ្លី ក្នុង ការសហការគ្នារវាង​ក្រុមហ៊ុន អេខេជេ​ធានលូ និងក្រុ​ម​​​​ហ៊ុនសំណង់ចិនខូអិលធីឌី ហើយយើងជឿ​ជាក់ យ៉ាងមុតមាំ​ថា គម្រោង​បន្តបន្ទាប់ទៀត និងអាចប្រែ​ក្លាយ​​​តំបន់ភ្នំពេញថ្មីនេះ ឱ្យទៅជាទីប្រជុំជនថ្មីមួយដ៏សម្បូរបែប និងស៊ីវីល័យ ហើយក្រុមហ៊ុន អេខេ​ជធាន​លូ ប្រផឹធី ឌីវេឡុបមេន និងសម្ព័នក្រុម​ហ៊ុន ​សំណង់ចិនខូអិលធីឌី នឹងក្លាយជាក្រុមហ៊ុន​សំណង់ ​​និង​អភិវឌ្ឍន៍​អច​ល​ន​ទ្រព្យធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ៕


 

Advertisement