កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍«ឌីជីថលកម្ពុជា 2020»ប្រចាំឆ្នាំលើកទី2

សន្និសីទសារព័ត៌មានស្ដីអំពីព្រឹត្តិការណ៍ «ឌីជីថលកម្ពុជា 2020 ឬ Digital Cambodia 2020» បាន​ធ្វើឡើងកាលពីថ្ងៃទី18  ខែធ្នូ ឆ្នាំ2019 នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនា​គមន៍​ និងព័ត៌មាន (NIPTICT)ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី1 នៃក្រុមប្រឹក្សាមូលនិធិស.អ. ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. និងលោក ជី សីលា នាយកក្រុមហ៊ុន Sabay ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍។

ព្រឹត្តិការណ៍ Digital Cambodia 2020 ជាព្រឹត្តិការណ៍ឈានមុខប្រចាំឆ្នាំលើកទី2 របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី៖
1-បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
2-បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខ័ណ្ឌគោល​​នយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
3-បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេក​ទេស បង្កើនប្រសិទ្ធភាពការងារ និងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។
4- កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិ និងអន្តរជាតិ អាជីវកម្មបង្កើតថ្មី (Tech Startup) អ្នកវិជ្ជាជីវៈ​  និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ 5-ជំរុញលើសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ និង6-អភិវឌ្ឍបណ្តាញអាជីវកម្ម រវាងអាជីវកម្មបង្កើតថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT បាន​មាន​ប្រសាសន៍​ថា៖« ព្រឹត្តិការណ៍ Digital Cambodia 2020 ​នេះ គឺជាលើកទី2 ហើយ ដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានអប់រំ និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាឌីជីថល ​និងជំនាញដល់យុវជន  ឯកឧត្តមជឿជាក់ថា ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងក្លាយជាវេទិកាមួយដែលប្រមូលផ្តុំយុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ឯកឧត្តម​បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងជាអនុប្រធានទី1 នៃក្រុមប្រឹក្សាមូលនិធិ ស.អ. បានមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍ Digital Cambodia 2020 ជាផ្នែកមួយការចូលរួមចំណែកឱ្យសម្រេចបាននូវផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានឆ្នាំ2019 និង2020 ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិស.អ. ពោលគឺដើម្បី៖ 1-ជំរុញការអភិវឌ្ឍធនធានមនុស្សខាងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។ 2-ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នវានុវត្តន៍ ខាងផ្នែកប.គ.ព. និង3-ជំរុញការអភិវឌ្ឍ Tech Startup Ecosystem។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ Digital Cambodia 2020 នាពេលខាងមុខថា៖«Digital Cambodia 2020 គឺជាសរសរស្តម្ភមួយដើម្បីសម្រេចបានគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ពោលគឺគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល»។ ឯកឧត្តមជឿជាក់ថា ការអភិវឌ្ឍយុវជនប្រកបដោយទេពកោសល្យ នឹងចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី6 ជាពិសេសដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី4»។

ព្រឹត្តិការណ៍ «ឌីជីថលកម្ពុជា 2020» (Digital Cambodia 2020) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី22 ខែមីនា ឆ្នាំ2020 នៅសាលពិព័រណ៍កោះពេជ្រ៕

Advertisement