សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា បើកពិព័រណ៍សម្ភារសំណង់ និងគ្រឿងសង្ហារិម

សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2019 កន្លងទៅបានបើក​​ពិធីតាំង​ពិព័រណ៍គ្រឿងសម្ភារសំណង់ និងគ្រឿងសង្ហារិមនៅក្នុង «មហាសន្និសីទលើកទី2 នៃ​លទ្ធកម្មវិស្វកម្ម​ក្នុង​ប្រទេសកម្ពុជា»។ ពិព័រណ៍នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ពិធីនេះបានអញ្ជើញសមាជិកនៃសមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជាទាំង អស់មកចូលរួមដែលសុទ្ធតែជាក្រុមហ៊ុនពាក់ព័ន្ធ និងការរចនាបឋមលទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារសំណង់។ល។

ក្នុងពិធីតាំងពិព័រណ៍លើកនេះ សមាគមសម្ព័ន្ធនេះ បានបង្កើតវេទិកាអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិតសម្ភារសំណង់នៅអាស៊ាន និងវិនិយោគិនលើវិស័យអចលនទ្រព្យ ដើម្បីបន្តភាពជោគជ័យក្នុងការតភ្ជាប់​​ពាណិជ្ជកម្មក្នុងពិធីលើកទី1 និងបញ្ចូលសរសៃឈាមសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យកម្ពុជា ដើម្បី​ជា​ការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក និងការពិភាក្សាអំពីឱកាសអាជីវកម្ម។

ពិធីនេះបានធ្វើឡើងដោយសមាគមសម្ព័នសម្ភារសំណង់ និងគ្រឿងសង្ហារិមកម្ពុជា ដោយផ្អែកលើគោលបំណងបង្កើនការកត់សម្គាល់ឈ្មោះក្រុមហ៊ុន ដែលចូលរួមបង្កើតឱកាសមួយដ៏ល្អក្នុងការផ្សព្វផ្សាយគម្រោង និងផលិតផលរបស់សមាជិកផងដែរ។

បន្ថែមពីនេះ សមាគមសម្ព័ន្ធបានសហការជាមួយនឹងវេទិកាធនធានផ្សេងៗទៀត តាមរយៈ ការ​​​ចែករំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និងការផ្គត់ផ្គង់ដ៏ច្រើនសម្បូរបែប និងមានគុណភាពខ្ពស់ ដើម្បី​ផ្តល់​សេវាកម្មក្នុងការផ្គត់ផ្គង់សម្ភារសំណង់ដល់វិនិយោគិនលើវិស័យអចលនទ្រព្យ និងផ្តល់បណ្តាញ​ទីផ្សារដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់។

ពិធីនេះក៏បានរៀបចំកន្លែងតាំងបង្ហាញនូវផលិតផលដ៏ល្អប្រណីត ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនឹងគ្នារវាងក្រុមហ៊ុនចូលរួម និងវិនិយោគិនលើវិស័យអចលនទ្រព្យ។ បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំកម្មវិធីបានជ្រើសរើសវិនិយោគិនក្នុងវិស័យអចលនទ្រព្យល្បីៗ នៅកម្ពុជាដើម្បីភ្ជាប់នឹងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ល្បីៗ ដោយមានប្រសិទ្ធភាព និងវិជ្ជាជីវៈ ជំរុញ វេទិកាឱ្យមានកិច្ចសហប្រតិបត្តិការបើកចំហ និងទទួលជោគជ័យរួមគ្នា។

លោកស្រី លីវ អ៊ីឈឹន​ នាយិកាប្រតិបត្តិ​បានបញ្ជាក់ប្រាប់​ថា៖«គោលបំណង​នៃ​វេទិកា​នេះ គឺ​អ្នកអភិ​វឌ្ឍន៍​​ដែលមក​ផ្សព្វផ្សាយវិស័យអចលនទ្រព្យ ចង់បង្ហាញនូវអ្វីដែលជាអចលនទ្រព្យ​ទាន់​សម័យ​​បចេ្ចក​វិទ្យាទំនើប មានតម្លៃសមរម្យ និងមានគុណភាព។ នៅក្នុងវិស័យសំណង់​ផ្ទាល់វានឹងផ្តល់​ប្រយោជន៍​ជា​សំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសផង និងជាការចូលរួមចំណែករបស់អ្នក​វិនិយោ​គិន​​បរទេស​ផងដែរ»។

លោកស្រី​ លីវ អ៊ីឈឹន​ បានបញ្ជាក់ដែរថា៖«វេទិកានេះមានការចូល​រួម ពីក្រុមហ៊ុន​ចំនួន14​ ជា​ក្រុមហ៊ុនមកពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក។ បន្ថែមពីនេះ វេទិកាដ៏សំខាន់នេះនឹងធ្វើឱ្យ​ប្រសើរ​ឡើងនូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និង​កម្រិត​ទីផ្សារក្នុងតំបន់ ហើយនិងព្យាយាមធ្វើឱ្យក្លាយជាសមាគម​សម្ព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាពខ្ពស់ មាន​ឥទ្ធិ​ពលសម្រាប់វិស័យសម្ភារសំណង់ និងគ្រឿង​សង្ហារិម និងមានការអភិវឌ្ឍប្រកបដោយចីរភាព នៅ​តំបន់​អាស៊ីអាគ្នេយ៍»។

វេទិកានេះ ជាវេទិកាមួយដ៏សំខាន់ផងដែរ​សម្រាប់វិស័យសម្ភារសំណង់ក្នុងប្រទេស និងជា​សេវា​កម្មមួយដែលមានភាពច្នៃប្រឌិត និងមានគុណភាពល្អ ហើយក៏ជាបណ្តាញភ្ជាប់ដ៏សំខាន់ក្នុងការពង្រឹង​ទំនាក់ទំនងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យសេវាកម្ម វិស្វកម្មនៅ​ក្នុងបណ្តា​ប្រទេសផ្សេងៗទៀតផងដែរ៕

Advertisement