CBS ចាប់​ដៃគូ​ជាមួយ Legend Tiger លើ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម

សក្តានុពល​ទីផ្សារ​ដែលមាន​ទំហំ​កាន់តែ​ធំ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ផ្នែក​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ និង​ល្អ​ជាងគេ​ចំនួន2 នៅ​កម្ពុជា​សម្រេច​ចាប់​ដៃគូ​គ្នា​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យបាន​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។

លោក Bernard Anthony អគ្គនាយក​នៃ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា ប្រូ​ឃែ​ស​ស្ទី​ង សឺ​វី​ស (CBS)ដែល​កំពុង​ប្រតិបត្តិការ​គ្រប់គ្រង​លើ​ទូរទស្សន៍ CTN, MyTv និង CNC បាន​និយាយថា កំណើនសេដ្ឋកិច្ច​ដែលមាន​ភាពរឹងមាំ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុនធំៗលំដាប់​អន្តរជាតិ​ជាច្រើន​ចូលមក​វិនិយោគ និង​បើក​សាខា​នៅ​កម្ពុជា ហើយ​ស្រប​ពេលនេះ​គេ​ក៏​ឃើញ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​លេច​រូបរាង​ឡើង​ច្រើន​ផងដែរ។

លោក​បាន​បន្តថា ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ត្រូវ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន។

លោក​បាន​អះអាងថា៖“ដោយ​មើលឃើញ​ពី​ចន្លោះប្រហោង​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​នេះ ទើប​ក្រុមហ៊ុន CBS សម្រេច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Legend Tiger Investment Co., Ltd ដើម្បី​រួមគ្នា​បង្កើត​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍ (TV Ad) ដ៏​ធំ​មួយ​ដែល​បំពាក់​នូវ​ឧបករណ៍​មាន​បទដ្ឋាន​កម្រិត​ខ្ពស់​សម្រាប់​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ដែលមាន​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ។

ការរួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ទាំង2 នឹង​ធ្វើឱ្យ​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទាំង​ផ្នែក​តម្លៃ គុណភាព និង​ការផ្សព្វផ្សាយ។

ស្ថាបនិក​ក្រុមហ៊ុន CBS អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ជាមួយនឹង​ធនធានមនុស្ស​ប្រកបដោយ​ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​របស់ CBS TVC Production និង Legend Tiger ការវិនិយោគ​រួមគ្នា​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ក្នុងប្រទេស​ជិតខាង​ដូចជា ថៃ និង​វៀ​តណ​ម បាន។

អ្នកឧកញ៉ា​បាន​ថា៖“យើង​នឹងធ្វើ​ការអភិវឌ្ឍ​ក្រុមហ៊ុន​ថ្មី​នេះ​បន្ថែមទៀត ដើម្បី​បង្កើតបាន​ទាំង​គុណភាព​ផលិតកម្ម និង​សេវាកម្ម​ជូន​អតិថិជន។

បើតាម​កិច្ចព្រមព្រៀង​នោះ ក្រុមហ៊ុន Legend Tiger នឹង​ក្លាយជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន CBS។

លោក ប៊ូ បញ្ញា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Legend Tiger Investment Co., Ltd បាន​ប្រាប់ថា ការរួម​សហការគ្នារ​វាង​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម CBS និង​ក្រុមហ៊ុន Legend Tiger Investment Co., Ltd គឺជា​រឿង​មួយ​ដែល​ល្អ​បំផុត ព្រោះ​ការសហការ​នេះ​នឹង​ផ្ដល់នូវ​ភាពងាយស្រួល​ទាំង​គុណភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​គុណភាព​ផលិត​ស្ប៉ត​ដែល​ប្រកបដោយ​ភាពជឿជាក់​ជូន​ដល់​អតិថិជន។ លោក​ប្រាប់ទៀតថា នាពេល​កន្លងមក​មាន​ប្រាក់​ដ៏​ច្រើន​ត្រូវបាន​ហូរ​ចេញពី​កម្ពុជា តាមរយៈ​ការ​ទៅរក​ក្រុមហ៊ុន​នៅ​បរទេស​ឱ្យជួយ​ផលិត​ស្ប៉ត​ណិជ្ជកម្ម​សម្រាប់​យក​មកចាក់​ផ្សាយ​នៅ​កម្ពុជា។ ដូច្នេះ​បន្ទាប់ពី​ក្រុមហ៊ុន​ទាំង2 សហការគ្នា លោក​សង្ឃឹមថានឹង​អាច​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​ដែល​ធ្លាប់​ទៅ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​ឱ្យ​ងា​យមក​ជ្រើស​រើសយក​ក្រុមហ៊ុន​ក្នុងស្រុក​វិញ។

បើតាម​លោក បញ្ញា ការមកដល់​របស់ CBS នឹង​ផ្តល់ឱ្យ​អតិថិជន​របស់ Legend Tiger ទទួលបាន​នូវ​កញ្ចប់​ល្អជា​ច្រើន​ទាំង​ការបម្រើ​សេវាកម្ម និង​ការផ្សព្វផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម។

Legend Tiger Investment Co., Ltd ត្រូវបាន​គេ​ដឹងថា​ជា​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដ៏​ល្បី​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2010។ ក្នុង​រយៈពេល7ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​បានទទួល​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ដូចជា Cellcard, Wing, Ganzberg beer និង Cambodia Beer ជាដើម៕

Advertisement