ធនាគារ​ ​PPC​Bank​ ​ផ្តល់​ការឧបត្ថម្ភ​ដល់​គ្រួសារ​ពលករ​ឱ្យ​មានឱកាស​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​កូរ៉េ​

​កាលពី​ថ្ងៃទី23​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ ​(​PPCBank​)​ ​ដែល​ជា​ធនាគារ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការទទួលខុសត្រូវ​សង្គម​ ​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រុម​គ្រួសារ​ខ្មែរ​ដែល​មាន​បងប្អូនកូនចៅ​ចាកចេញ​ពី​ក្រុម​គ្រួសារ​ទៅ​ធ្វើជា​ពលករ​ដ៏​យូរ​នៅ​ប្រទេស​កូរ៉េ​។​ ​

​លោក​ ​Shin​ ​Chang​ ​Moo​ ​អគ្គនាយក​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ ​(​PPC​Bank​)​ ​បាន​បញ្ជាក់​ថា​ ​ធនាគារ​ ​PPC​​Bank​ ​ជា​ធនាគារ​ដែល​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ ​និង​តែងតែមាន​កម្មវិធី​សំ​ខាន់​ៗ​ជាច្រើន​លើ​ផ្នែក​ទទួលខុសត្រូវ​សង្គម​ ​ដូចជា​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ផ្តល់​សេវា​ព្យាបាល​ភ្នែក​ដោយ​គ្រូពេទ្យ​ជំនាញ​ដោយ​ឥតគិតថ្លៃ​ ​ការ​ជួយឧបត្ថម្ភ​ក្រុម​គ្រួសារ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ឱ្យ​មានឱកាស​បាន​ទៅ​ជួបជុំគ្នា​ដោយ​ផ្ទាល់​នៅ​ប្រទេស​កូរ៉េ​ ​និង​កម្មវិធី​សង្គម​ជាច្រើន​ផ្សេងទៀត​។​ ​ការ​ជួយឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ពលករ​ទាំងនេះ​ ​ធ្វើឡើង​ដោយសារ​ការ​មើលឃើញ​ថា​ ​ពលករ​ទាំងនោះ​បាន​ចាកចេញ​ពី​ផ្ទះសំបែង​អស់​រយៈពេល​យូរ​មក​ហើយ​ ​ដែល​ជានិច្ចកាល​តែងតែមាន​ការ​នឹក​រឭក​ដល់​ក្រុម​គ្រួសារ​ដែល​នៅ​ប្រទេស​កម្ពុជា​ ​និង​ម្យ៉ាងទៀត​ធនាគារ​ ​PPC​Bank​ ​អាច​រីកចម្រើន​បាន​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ​ក៏ដោយសារតែ​ការ​គាំទ្រ​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប​ដែរ​ ​ហេតុនេះ​ការឧបត្ថម្ភ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ផ្តល់​ជា​ការ​តបស្នង​ចំពោះ​ប្រជាជន​នៅ​កម្ពុជា​វិញ​។​ ​

​លោក​ ​Shin​ ​Chang​ ​Moo​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ការ​ផ្តល់​ជូន​នូវ​ការឧបត្ថម្ភ​សម្រាប់​ឱ្យ​ក្រុម​គ្រួសារ​របស់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​ទៅ​ជួបជុំគ្នា​នេះ​ ​មិន​ផ្តោត​សំខាន់​តែ​លើ​អតិថិជន​របស់​ធនាគារ​នោះ​ទេ​ ​តែ​យើង​ផ្តោត​លើ​ចំណុច​សំ​ខាន់​ៗ​ចំនួន3​ ​៖​ ​គឺទី1​ ​យើង​សិក្សា​ពី​ប្រវត្តិ​ក្រុម​គ្រួសារ​របស់​គាត់​។​ ​ទី2​ ​យើង​ពិនិត្យមើល​ពី​ស្ថានភាព​គ្រួសារ​របស់​គាត់​។​ ​ប្រសិនបើ​គ្រួសារ​របស់​គាត់​លំបាក​ខ្លាំង​ ​យើង​នឹង​ផ្តល់​អាទិភាព​ដល់​ពួកគាត់​ដើម្បី​មានលទ្ធភាព​បាន​ទៅលេង​ជួបជុំគ្នា​ ​និង​ទី3​ ​គឺ​ពិនិត្យមើល​ប្រវត្តិ​របស់​សាមី​ពលករ​នៅ​ប្រទេស​កូរ៉េ​ផ្ទាល់​តែម្តង​ថា​ ​តើ​គាត់​ជា​មនុស្ស​ល្អ​ ​បាន​អនុវត្ត​ល្អ​ ​និង​ជួយ​សង្គម​បាន​ល្អ​ ​ឬ​យ៉ាងណា​ដែរ​?​»​។​ ​

​លោក​អគ្គនាយក​បាន​បន្ថែម​ទៀត​ថា​ ​នេះ​ជា​លើក​ទី3​ ​ហើយដែល​ធនាគារ​ ​PPC​Bank​ ​បាន​សហការ​ជាមួយ​ធនាគារ​ ​ឈុ​នប៊ុ​ក​ ​(​JeonBuk​ ​Bank​)​ ​ផ្តល់​ជូន​នូវ​ការ​ជួយឧបត្ថម្ភ​បែបនេះ​ ​ដោយ​ការ​ចំណាយ​ទាំងអស់​ ​គឺជា​ការរ៉ាប់រង​របស់​ធនាគារ​ទាំង2​។​ ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​លើក​នេះ​មាន​រយៈពេល​ប្រមាណ​ ​5ថ្ងៃ​ ​ដោយ​គាត់​ចាប់ផ្តើម​ចេញទៅ​កូរ៉េ​នៅ​ថ្ងៃទី23​ ​ហើយ​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​ ​27​ ​ខែកញ្ញា​ ​ឆ្នាំ2019​។​ ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ស្នើសុំ​ទិដ្ឋាការ​ទៅ​ប្រទេស​កូរ៉េ​មាន​ស្ថានភាព​លំបាក​បន្តិច​ ​ដោយសារតែ​ក្រុម​គ្រួសារ​របស់​ពលករ​មិនសូវ​អំណោយផល​ ​តែ​ទោះ​យ៉ាងណា​ខាង​ធនាគារ​ ​PPC​Bank​ ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ជួយ​ដល់​ពួកគាត់​ឱ្យ​ទទួល​បាន​ឱកាស​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េ​ដោយ​ជោគជ័យ​។​ ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​លើកនេះ ​អ្នក​ដែល​ទទួល​បានការ​ឧបត្ថម្ភ​មាន​ចំនួន​ប្រមាណ​ 6នាក់​​ ​2គ្រួសារ​។

​លោក​ ​Shin​ ​Chang​ ​Moo​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​PPC​Bank​ ​នឹង​បន្ត​ជួយ​ដល់​ប្រជាជន​ខ្មែរលើ​សកម្មភាព​ជាច្រើន​ផ្សេងទៀត​ ​ដោយ​ក្នុង​នោះ​កម្មវិធី​ផ្តល់​ការឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ពលករ​នៅ​ប្រទេស​កូរ៉េ​នេះ​ ​នឹង​មាន​រៀបចំ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​បាន​កាន់តែ​ច្រើន​ទៅដល់​គ្រួសារ​ពលករ​ខ្មែរ​ដែល​មាន​ក្តី​នឹក​រឭក​ដល់​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​៕​ ​


Advertisement