កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី​6 បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​24​ ខែកក្កដា​ ឆ្នាំ​2019​ ប្រកបដោយ​ភាព​ជោគជ័យ​ជា​ទី​មោទ​នៈ​ក្រៃលែង​

កាលពីថ្ងៃទី24 ខែកក្កដា ឆ្នាំ2019 កន្លងទៅនេះ កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី6 ដែលត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅ​រាជធានីភ្នំពេញ ប្រចាំកម្ពុជាបាននិយាយថា “ខ្សែភាពយន្តគឺជាប្រភេទនៃការកម្សាន្តដែលអាចផ្តល់នូវការយល់ដឹងពីរបៀប ឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាពនៅក្នុងជីវិតពិត។ ការយល់ដឹងអំពីការគិតរបស់មនុស្ស និងមូលហេតុដែលវាប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ អាចជួយយើងឱ្យទទួលយកនូវភាពខុសគ្នារបស់យើង និងអាចតភ្ជាប់ជាមួយមនុស្សផ្សេងទៀត។ នេះគឺជាមូលហេតុដែលមហោស្រពភាពយន្តត្រូវបានរៀបចំជាថ្មីម្តងទៀត យើងជឿជាក់ថាខ្សែភាពយន្តនេះនឹងពង្រឹងចំណងទាក់ទងរវាងប្រជាជននៃប្រទេសថៃ និងប្រជាជននៃប្រទេសកម្ពុជា ទាំងមនុស្សពេញវ័យ និងកុមារផងដែរ។

– កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឆ្នាំ2019 ចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 ត្រូវបានរៀបចំរួមគ្នាដោយស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃ និងក្រសួងការបរទេសនៃប្រទេសថៃ ព្រមទាំងមានកិច្ចសហប្រតិបត្តិការពីរោងភាពយន្ត Major Cineplex នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

– ក្នុងអំឡុងពេល5ថ្ងៃនេះ ខ្សែភាពយន្តថៃចំនួនមួយនឹងត្រូវបានចាក់បញ្ចាំងជារៀងរាល់ថ្ងៃ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅរោងភាពយន្ត Legend ផ្សារទំនើប City Mall ហើយការចាក់បញ្ចាំងនេះត្រូវបានបើកចំហដល់សាធារណជន ដោយចូលទស្សនាឥតគិតថ្លៃ។

– លើសពីនេះទៅទៀត យើងក៏មានរៀបចំសិក្ខាសាលាមួយស្តីពីការផលិតខ្សែ​ភាពយន្ត​នៅថ្ងៃទី24 ខែកក្ក​ដា ឆ្នាំ2019 ផងដែរ ដោយផ្តោតទៅលើការបង្កើតសាច់រឿង ការជ្រើសរើសបរិយាកាសនៅក្នុងសាច់រឿង និងការផលិត នៅសាល អ៊ីអន (AEON Hall) ស្ថិតនៅជាន់ទី3 នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បន្ទាប់មកគឺការទំនាក់ទំនងគ្នារវាងអ្នកជំនួញ និងអ្នកជំនួញ។ សកម្មភាពទាំងពីរនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើតនូវវេទិកាជួបជុំមួយរវាងផលិតករភាពយន្តថៃ និងផលិតករភាពយន្តកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក”។

លោក Jirawuth Suwanana-arj អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅ​រាជធានីភ្នំពេញ ប្រចាំកម្ពុជា និងជានាយកនៃ ស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP) បានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឆ្នាំ2019 ក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងផលិតករភាពយន្ត និងអ្នកដែលពាក់ព័ន្ធនឹងខ្សែភាពយន្តនៃប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបង្កើតខ្សែភាពយន្តថ្មីៗ ឬធ្វើការជាមួយគ្នាបានកាន់តែល្អ។ សិក្ខាសាលា និងការតភ្ជាប់ទំនាក់ទំនងអាជីវកម្មនៅថ្ងៃដំបូងនៃព្រឹត្តិការណ៍កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ត្រូវបានរៀបចំជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៅក្នុងចំណោមអ្នកដែលដែលពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត ដូចជា នាយកផលិតកម្ម ផលិតករ និងតារាសម្តែងពីបណ្តាប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្ននេះ “មាតិការឿង” គឺមានសារៈសំខាន់បំផុតសម្រាប់ការកម្សាន្ត និងឧស្សាហកម្មភាពយន្ត។ ដូច្នេះនៅឆ្នាំនេះ យើងបានអញ្ជើញក្រុមហ៊ុនថៃជាច្រើន ដែលទាក់ទងនឹងអ្នកបង្កើតមាតិការឿង ដូចជារឿងគំនូរជីវចល រឿងល្ខោន កម្មវិធីហ្គេមកម្សាន្ត និងការប្រគុំតន្រ្តី ដើម្បីជួយស្វែងរកគំនិតច្នៃប្រឌិតបន្ថែមទៀតចំពោះទីផ្សារភាពយន្តនៃប្រទេសកម្ពុជា ហើយអាចបង្កើតនូវគម្រោងភាពយន្តធំមួយ ដែលជាគម្រោងរួមគ្នានាពេលអនាគតនេះ។ ហើយក៏មានក្រុមហ៊ុនថៃ ដែលមានអាជីវកម្មលើផ្នែកឌីជីថល ដើម្បីគាំទ្រដល់ផ្នែកទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។

ព័ត៌មានលម្អិតអំពីការចាក់បញ្ចាំងខ្សែភាពយន្តថៃ

ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ នឹងមានខ្សែភាពយន្តចំនួន5រឿង ដើម្បីចាក់ជូនទស្សនិកជនទស្សនាជារៀងរាល់ថ្ងៃ​ នៅសាលលេខ3 (Hall 3) នៅក្នុងរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅសាលលេខ1 (Hall 1) នៃរោងកុន Legend Cinema នៅក្នុងផ្សារទំនើប City Mall។ ការចាក់បញ្ចាំងដោយឥតគិតថ្លៃនេះ គឺមាន 266កៅអី នៅក្នុងការចាក់រឿងម្តងៗនៅក្នុងរោងភាពយន្ត Major Cineplex  និងមាន250កៅអី នៅរោងភាពយន្ត Legend​ Cinema។ ខ្សែភាពយន្តទាំងអស់នេះ គឺត្រូវបានបញ្ចូលសំឡេងភាសាខ្មែរ និងមានអក្សររត់ពីខាងក្រោមវីដេអូជាភាសាអង់គ្លេសផងដែរ។

ខ្សែភាពយន្តដំបូងគេដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2019នេះ នៅវេលាម៉ោង07:00នាទីល្ងាច នៅរោងភាពយន្ត Major Cineplex និងនៅម៉ោង05:00ល្ងាច នៅរោងភាពយន្ត Legend Cinema គឺជារឿង “Friend Zone” ដែលបានថតនៅបណ្តាប្រទេសនៅក្នុងប្រទេសអាស៊ាន ហើយខ្សែភាពយន្តនេះមានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងការច្រៀងដោយតារាចម្រៀងល្បីៗនៅក្នុងប្រទេសអាស៊ីដូចជា ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ភូមា ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ីផងដែរ។ បទចម្រៀងនេះត្រូវបានច្រៀងនៅក្នុងភាសារៀងៗខ្លួនរបស់តារាចម្រៀងនៃប្រទេសនីមួយៗ និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

ខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍ចំនួន4ផ្សេងទៀត ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយភាពយន្តថៃនេះគឺមានដូចជា ៖

– ថ្ងៃព្រហស្បតិ៍ ទី25 ខែកក្កដា ម៉ោង05:00ល្ងាច ចាក់បញ្ចាំងខ្សែភាពយន្ត “និស្ស័យស្នេហ៍អាប” នៅរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend​ Cinema។

ហើយភាពយន្តនេះត្រូវបានចែកចាយដោយក្រុមហ៊ុន M Picture Cambodia។

– ថ្ងៃសុក្រ ទី26 ខែកក្កដា នៅវេលាម៉ោង05:00ល្ងាច នឹងចាក់បញ្ចាំងរឿង “ខ្មោចប្រពន្ធ” នៅរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend​ Cinema។

រឿងនេះផលិតឡើងដោយក្រុមហ៊ុន One Touch និង Red Spark Production និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

-ថ្ងៃសៅរ៍ ទី27 ខែកក្កដា នៅវេលាម៉ោង12.00រសៀល នឹងចាក់បញ្ចាំងរឿង “Bikeman” នៅក្នុងរោងរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend Cinema។

ត្រូវបានចែកចាយដោយក្រុមហ៊ុន Sabay MVP។

– ថ្ងៃអាទិត្យ ទី28 ខែកក្កដា វេលាម៉ោង12យប់ នឹងចាក់បញ្ចាំងរឿង “បងប្រុសកំពូលកូរ” នៅរោងភាពយន្ត Legend Cinema និងរឿង “Friend Zone” នឹងចាក់បញ្ចាំង នៅរោងរោងភាពយន្ត Major Cineplex ដែលផលិតឡើងដោយក្រុមហ៊ុន GDH599 និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

តារាសម្តែងថៃ Naphat Siangsomboon (ហៅ Nine) ជាតួឯកប្រុសនៅក្នុងរឿង “Friend Zone” និង កញ្ញា Supawadee Kitisopakul (ហៅ Dear) ជាតួឯកស្រីនៅក្នុងរឿង “ខ្មោចប្រពន្ធ” បានមកពីប្រទេសថៃ មកចូលរួមជាមួយនឹងតារាសម្តែងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបទៀត ដើម្បីចូលរួមនៅក្នុងព្រឹត្តការណ៍នេះផងដែរ ដែលប្រព្រឹត្តទៅនៅរោងភាពយន្ត Major Cineplex by Smart ស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2019 វេលាម៉ោង5ល្ងាច៕

Advertisement