(ភ្នំពេញ)៖ ក្រុមហ៊ុន Worldwide Motors Company ដែលនាំចូលរថយន្ដស៊េរីទំនើបមកពីប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀត បន្ទាប់ពីបើកដំណើរការទទួលបានរយៈពេលជាង១០ឆ្នាំនៅក្នុងប្រទេសកម្ពុជានោះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនបន្ថែមទៀត។
ថ្លែងក្នុងឱកាសនោះ លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន Worldwide Motors Company ដែលបានផ្តួចផ្តើមគំនិតកៀងគររកអ្នកវិនិយោគទុន មកពីបណ្តាប្រទេសជាច្រើន ជាពិសេសមកពីប្រទេសចិន ដើម្បីធ្វើការលើកស្ទួយវិស័យឧស្សាហកម្មរថយន្ត ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះក្រុមហ៊ុន Worldwide Motors Company បានសម្រេចចិត្ត ធ្វើពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងធ្វើការដោះដូរឯកសារសំខាន់ៗរវាងក្រុមហ៊ុន Worldwide Motors Company និងតំណាងក្រុមហ៊ុនរថយន្តម៉ាកសញ្ញាល្បីៗ ដូចជា៖ GREAT WALL & HAVAL, HAWTAI, KENBO, BISU, TRAUM, HUANGHAI, KAWEI, YEMA, CHERY និង BAW ជាដើម។
អគ្គនាយករូបនេះបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Worldwide Motors Company បានធ្វើប្រតិបត្តិការអស់រយៈពេលជាង១០ឆ្នាំមក ហើយលើទីផ្សារក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលឆ្នាំប៉ុន្មានថ្មីៗនេះ ក្រុមហ៊ុនបានទទួលការគាំទ្រពីអតិថិជន ជាលក្ខណៈក្រុមហ៊ុន និងលក្ខណៈបុគ្គលមកពីគ្រប់មជ្ឈដ្ឋាន ដូច្នេះថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំពិធីសម្ពោធសាខាថ្មី និងចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការជាយុទ្ធសាស្រ្ត ជាមួយបណ្តាក្រុមហ៊ុនរថយន្តម៉ាកល្បីៗ មកពីប្រទេសចិន។
លើសពីនេះ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំគម្រោងល្អៗ និងកម្មវិធីប្រម៉ូសិនជាច្រើន សម្រាប់អតិថិជនក្នុងស្រុក នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយគោលដៅរបស់ក្រុមហ៊ុន គឺពង្រីកអាជីវកម្ម តាមរយៈការនាំចូលម៉ាករថយន្តល្បីៗ នាពេលអនាគត ដើម្បីពង្រីកវិស័យឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបើកសាខាជាច្រើននៅទូទាំងខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា៕