អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង “The Leader Milestone” និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលសម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦ ផ្សេងទៀតនៅក្នុងពិភពលោក សម្រាប់ការទទួលស្គាល់ជា អ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ចំនុចរួមតែមួយដែលស្ថាប័នទំាងអស់ត្រូវបានទទួលស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថានភាពក្រីក្រ។ ក្នុងនោះដែរវិញ្ញាបនបត្ររបស់ អេ អឹម ខេ ដែលទទួលស្គាល់ដោយ Truelift ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រផងដែរ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេ បានលើកឡើង “ អេ អឹម ខេ ពិតជាមានមោទកភាព ខ្លាំងណាស់ដែលទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” ពី Truelift នេះហើយកត្តាសំខាន់ ដែលធ្វើឱ្យយើងងាយនឹងទទួលសមិទ្ធផលនេះ ដោយសារតែ ប្រកាន់ភ្ជាប់នូវលការអនុវត្តបេសកកម្ម និងទស្សនវិស័យរបស់យើងគឺដើរស្របនឹងលក្ខខណ្ឌរបស់គម្រោង Truelift ដោយផ្តោតលើការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ។ ជាក់ស្តែងចំពោះការបង្កើតផលិតផល និងសេវាកម្មណាមួយ យើងព្យាយាមគិតពីប្រយោជន៍អតិថិជនជាសំខាន់មុន ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាពអាចប្រើប្រាស់សេវាកម្មយើង។ បន្ថែមលើនេះទៀត យើងតែងតែផ្តល់សេវាកម្មដល់អតិថិជនដោយប្រកាន់នូវគោលការណ៍ការពារអតិថិជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ក្រៅពីទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” អេ អឹម ខេ ក៏ធ្លាប់ទទួលជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តពេញលេញតាមគោលការណ៍ ការពារអតិថិជនពី Smart Campaign ផងដែរកាលពីឆ្នាំ២០១៦។”

រយៈពេលជាង ១៥ ឆ្នាំមកនេះ អេ អឹម ខេ បាន និងកំពុងបន្តការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបរបស់ខ្លួន និងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ជួយដល់សង្គមរបស់ខ្លួន ជាពិសេសការកាត់បន្ថយភាពក្រីក្រ។ ដូចដែលបានបង្ហាញតាមរយៈលទ្ធផលនៃការវាយតម្លៃរបស់ Truelift ធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០១៨ ដោយ M-CRIL ។ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរជាង ១៥ ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានជួយដល់អតិថិជន និងគ្រួសាររបស់ពួកគេ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។

Truelift គឺជាគម្រោងគំនិតផ្តួចផ្តើមជាសាកលមួយដែលបង្កើតឡើងដើម្បីជម្រុញឱ្យគណនេយ្យភាពក្នុងការអភិវឌ្ឍ ប្រជាជនក្រីក្រ។ Truelift ជានិមិត្តសញ្ញាដែលទុកចិត្តត្រូវបានទទួលស្គាល់ជាអន្តរជាតិ លើវិស័យមីក្រូហិរញ្ញវត្ថុ និង អាជីវកម្មសង្គមផ្សេងៗ ដើម្បីបង្ហាញការបេ្តជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពក្រីក្រ។

គួរឱ្យកត់សម្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមចុងឆ្នាំ២០១៨ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ៣.០០០នាក់ ដែលកំពុងផ្តល់សេវាដល់អតិថិជនជិត ៨០០.០០០ នាក់ ក្នុងភូមិចំនួន ១៣.៦០៧ ភូមិ ដែលចំនួននេះស្មើនឹង ៩៦% ភាគរយនៃចំនួនភូមិសរុបទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៥២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៥៨ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជិត ៤.០០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

Advertisement