ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្អារ ទី 09 ខែមេសា ឆ្នាំ2019 លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រារព្ធពិធីបើកសម្ពោធសៀវភៅក្រោមចំណងជើងថា “គំនិតរកស៊ី គួច ម៉េងលី រឺក៏ Mengly J. Qauch’s Business Ideas” នៅឯហាងលក់សៀវភៅ Monument Books។ សៀវភៅដែលមានចំណុចសំខាន់ៗ ដល់ទៅ 43ចំណុច និងមានកម្រាស់ដល់ទៅ 346ទំព័រ គឺសុទ្ធសឹងតែបង្ហាញពីគនិតចាប់ផ្តើមធ្វើអជីវកម្ម និងអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធុរកិច្ចជនដ៏ជោគជ័យមួយរូបផងដែរ។ ជាពិសេសទៅទៀតសៀវភៅនេះគឺជាប្រភេទសៀវភៅប្រមូលផ្តុំទៅដោយទស្សនៈស្ដីអំពីគំនិតក្នុងការរកស៊ី ដែលយើងងាយនឹងត្រូវអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ បូករួមជាមួយនឹងបណ្ដុំទស្សនៈ បទពិសោធជាច្រើនដែលស្ដែងចេញពីការអនុវត្ដផ្ទាល់ដៃនៃជីវិតការងារជាអ្នកនិពន្ធផ្ទាល់តែម្តង។
សៀវភៅ “គំនិតរកស៊ី គួច ម៉េងលី រឺក៏ Mengly J. Qauch’s Business Ideas” ត្រូវបានបោះពុម្ពផ្សាយលើកដំបូងចំនួន 3,000ក្បាល់ ហើយកាន់តែពិសេសទៀតនោះលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់អោយដឹងថារាល់ថវិកាដែលប្រមូលបានពីការលក់សៀវភៅនឹងត្រូវបានបរិច្ចាគទៅឱ្យមូលនិធិ Mengly J. Quach។
ខ្លឹមសារនៃសៀវភៅ “គំនិតរកស៊ី គួច ម៉េងលី រឺក៏ Mengly J. Qauch’s Business Ideas” គឺជាទ្រឹស្ដីនៃការអនុវត្តដោយផ្ទាល់ខ្លួនក្នុងជីវិតជាធុរកិច្ចជន គំនិត ទស្សនទាន យោបល់ ការយល់ឃើញ និងបទពិសោធផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជាធុរកិច្ចជនដ៏ជោគជ័យមួយរូបដែលស្ថិតលើវិស័យអប់រំឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។ សៀវភៅនេះបង្ហាញពីគំនិតយ៉ាងសម្បូរបែបនៃយុទ្ធសាស្ត្រក្នុងការធ្វើជំនួញប្រកបដោយនិរន្ដរភាព ផ្ដល់ជាវិធីសាស្ត្រ និងគន្លឹះក្នុងការលើកទឹកចិត្តខ្លះៗ ដើម្បីសម្រេចគោលដៅជីវិត មិនថាក្នុងអាជីព ការងារ គ្រួសារ ការសិក្សា និងសហគមន៍ជាដើម។ សៀវភៅក៏បានបណ្ដុះឲ្យមានភាពក្លាហាន រឹងមាំ មានឆន្ទៈ មនសិការ ការទទូច តស៊ូព្យាយាម ម្ចាស់ការ និងមិនប្រញាប់ចុះចាញ់ ចំពោះបញ្ហាកើតមានចំពោះមុខ និងបណ្ដុះឲ្យមានវប្បធម៌ចែករំលែក ដោយការបរិច្ចាគថវិកាដែលបានពីសង្គមទៅដល់សង្គមវិញ។
ជាទស្សនៈផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍នៃទស្សនៈឬគំនិតនៃទ្រឹស្ដីណាមួយឡើយ។ ពោលជាគោលគំនិតបណ្ដុះ និងពង្រីកទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគំនិត ស្ដីពីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គម និងមធ្យោបាយបង្កើតគំនិត រក្សាគំនិត និងដោះស្រាយប្រកបដោយចីរភាព ដែលស្ដែងចេញពីគុណតម្លៃ នៃបទពិសោធរបស់អ្នកនិពន្ធ។