ធនាគារ ប្រេដ ប៊ែង ខេមបូឌា (BRED Bank Cambodia) ដែលជាធនាគារអឺរ៉ុបតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគម្រោងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “Women Initiative” ដើម្បីស្ត្រី និងដើម្បីជួយដោះស្រាយបញ្ហារបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសសម្រាប់ស្ត្រីជាសហគ្រិន ក្នុងការចាប់ផ្តើមមុខជំនួញ និងអភិវឌ្ឍមុខជំនាញរបស់ខ្លួនឱ្យកាន់តែធំ និងរីកចម្រើន។ ជាការពិតណាស់ប្រហែលជា 62% នៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយស្ត្រី ដូច្នេះស្ត្រីដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជាទាំងមូល។ ស្រ្តីមានការលំបាកក្នុងការស្វែងរកបុគ្គលិកដែលសមស្របនឹងជំនាញ ដើម្បីជួយពួកគេនៅក្នុងមុខជំនួញ។
ស្ត្រីមានអាម្មណ៍ថា ខ្លួនគេមិនត្រូវបានគេគោរព និងយកចិត្តទុកដាក់ស្តាប់ពីយោបល់របស់ខ្លួននៅក្នុងនាមជាធុរជន ហើយស្ត្រីពិបាកក្នុងការស្វែងរកដើមទុនតាមរយៈធនាគារ ដើម្បីពង្រីកមុខជំនួញរបស់ខ្លួន។ នេះគឺជាផលលំបាករបស់ស្ត្រីជាសហគ្រិននៅក្នុងប្រទេសកម្ពុជា។ ដោយមើលឃើញថា នៅប្រទេសកម្ពុជានៅមិនទាន់មានធនាគារណាមួយធ្លាប់បានគិតគូរពីតម្រូវការរបស់ស្ត្រី ដើម្បីផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តដល់ស្ត្រីជាសហគ្រិន ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចាប់ផ្តើមគម្រោង “Women Initiative” នេះឡើង ដោយមានគោលបំណងចង់ក្លាយជា “ធនាគារជម្រើសទី1” សម្រាប់ស្ត្រីជាសហគ្រិននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីប្រកាសពីគម្រោងថ្មីរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាល្ងាច ថ្ងៃសុក្រ ទី29 ខែមីនា ឆ្នាំ2019 កន្លងទៅនេះ នៅឯស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមជាកិត្តិយសពីសំណាក់លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខានៃធនាគារ ប្រេដ ប៊ែង ខេមបូឌា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត។
គម្រោងថ្មី ដែលរៀបចំឡើងដោយធនាគារ ប្រេដ ប៊ែង ខេមបូឌា “Women Initiative” នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ចំណែកឯវីដេអូក្លីប “តើត្រូវធ្វើដូចម្តេច?” ដែលនឹងបង្ហោះនៅលើទំព័រហ្វេសប៊ុក “Grow Your Business” របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលបង្កើតឡើងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងកម្មវិធីជជែកពេលព្រឹក ជាមួយនឹងអ្នកជំនាញបច្ចេកទេស និងវាគ្មិនបំផុសគំនិតចម្រុះ ដែលនឹងមកផ្តល់ និងចែករំលែកបទពិសោធរបស់ខ្លួន ដើម្បីផ្តល់នូវឱកាសដល់ស្ត្រីជាសហគ្រិនអាចចងក្រងជាបណ្តាញ និងទាញយកគន្លឹះសំខាន់ៗសម្រាប់មុខជំនួញរបស់ខ្លួន នឹងចាប់ផ្តើមបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ សម្រាប់គម្រោងបង្កើតវគ្គបណ្តុះបណ្តាលចំណេះដឹងសម្រាប់ស្ត្រី នឹងចាប់ផ្តើមនៅដើមខែឧសភានេះ។ នៅឆ្នាំក្រោយនេះ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងរៀបចំនូវកម្មវិធី “ពានរង្វាន់អាជីវកម្មស្រ្តី” ជាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់នូវពានរង្វាន់ និងការទទួលស្គាល់ចំពោះស្រ្តីឆ្នើម នៅក្នុងអាជីវកម្មរបស់ពួកគេ។
ចំណែកសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានដូចជា ការដាក់ប្រាក់ ការសន្សំប្រាក់ និងប្រាក់កម្ចី ដោយផ្តល់ប្រាក់កម្ចីដល់ស្ត្រីជាសហគ្រិនដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ។ ហើយកាន់តែពិសេសទៅទៀតនោះ សម្រាប់សហគ្រិនស្ត្រី ដែលចូលរួមនៅក្នុងគម្រោងថ្មីនេះ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងអនុញ្ញាតឱ្យពួកគេបញ្ឈប់ការសងប្រាក់កម្ចីរបស់ពួកគេក្នុងអំឡុងពេលមានផ្ទៃពោះរយៈពេល3ខែ។
ចំពោះសហគ្រិនស្ត្រី ដែលមានចំណាប់អារម្មណ៍លើគម្រោង “Women Initiative” របស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ហើយចង់អភិវឌ្ឍភាពជាដៃគូជាមួយធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមទាក់ទងមកកាន់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា តាមរយៈលេខទូរស័ព្ទ 023 999 222 ឬចូលទៅកាន់គេហទំព័ររបស់ធនាគារ ៖ https://www.bredcambodia.com៕