ក្រុមហ៊ុន ISI STEEL និង COMZONE ជួយជំរុញឱ្យពលរដ្ឋច្រើនលាននាក់ទទួលយកផ្នត់គំនិតបើកបរដោយសុវត្ថិភាព

ក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្ស ២ រួមគ្នាធ្វើយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវសម្រាប់ឆ្នាំ២០១៩

ចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាកត្តាដ៏គួរឱ្យព្រួយបារម្ភនៅប្រទេសកម្ពុជា។ ហើយកាលពីឆ្នាំកន្លងទៅ ចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងលើសទ្វេដងបើធៀបនឹងឆ្នាំទៅមួយ ដោយមានអ្នកបាត់បង់ជីវិតរហូតដល់ទៅជាង ១.៣០០ នាក់ និងរបួសជាង ៣.៤០០ នាក់នៅទូទាំងប្រទេស។

ក្នុងកិច្ចប្រឹងប្រែងដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្រុមហ៊ុន ISI Steel ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ISI Group នឹងផ្តោតលើការផ្សព្វផ្សាយជំរុញឱ្យពលរដ្ឋពាក់មួកសុវត្ថិភាព ដែលជាផ្នែកមួយនៃយុទ្ធនាការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩។

លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ISI Steel បានមានប្រសាសន៍ថា “ក្រុមហ៊ុនរបស់យើងតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្ដីបារម្ភអំពីសុវត្ថិភាពតាមដងផ្លូវ នៅក្នុងប្រទេសយើង ជាពិសេសក្រោយសោកនាដកម្មបាត់បង់ជីវិតស្ថាបនិកមួយរូបរបស់ក្រុមហ៊ុនយើង កាលពីជាងមួយទសវត្សរ៍មុនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់។ ក្រុមហ៊ុន ComZone បានបង្កើតយុទ្ធនាការមួយដែលចាក់ដោត និងគួរឱ្យទាក់ទាញ ដោយប្រើរូបភាពតំណាងដែលយើងសង្ឃឹមថានឹងជំរុញការឆ្លើយតបជាវិជ្ជមានពីទស្សនិកជនទាំងអស់មិនថាចាស់ ឬក្មេង”។ ដោយឡែក លោក សូ ឡងឌី អគ្គនាយកក្រុមហ៊ុន ComZone បានបន្ថែមថា “យុទ្ធនាការសុវត្ថិភាពតាមដងផ្លូវឆ្នាំនេះត្រូវបានជំរុញដោយសារកត្តាតថភាពសង្គម ដែលយើងទាំងអស់គ្នាបានដឹងហើយថា អ្នកជិះកង់ និងអ្នកជិះម៉ូតូគឺជាជនងាយរងគ្រោះបំផុតនៅលើដងផ្លូវ។ អញ្ចឹងហើយ គោលបំណងរបស់យើងគឺដើម្បីឱ្យពួកគាត់មើលឃើញ ហើយរំជួលចិត្តជាមួយនឹងសារដាស់តឿនមួយម៉ាត់យ៉ាងខ្លីថា ‘ការពារក្បាល ពាក់មួកសុវត្ថិភាព’ នៅពេលបើកបរទៅណាមកណា”។

ចំណែកឯលោកស្រី លឹម ពិសី ដែលជានាយិកាគ្រប់គ្រងនៃក្រុមហ៊ុន ComZone ក៏មានប្រសាសន៍ដែរថា “ក្នុងនាម Agency ឯករាជ្យមួយដែលឈានមុខគេនៅប្រទេសកម្ពុជា យើងមានកិត្តិយស ដែលមានឱកាសសហការជាមួយក្រុមហ៊ុនផលិតដែកឈានមុខគេនៅក្នុងប្រទេស។ យើងសង្ឃឹមថា ការខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចជួយសង្គ្រោះជីវិតមនុស្ស ហើយទន្ទឹមនេះក៏អាចកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសនៅតាមដងផ្លូវដែរ”។

Advertisement