វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ រៀបចំកម្មវិធីប្រឡងគំនូរលើកទី3

វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ (PPIIA) សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2017 បានរៀបចំការប្រឡងគំនូរជាលក្ខណៈអន្តរជាតិ ដែលមានសិស្សានុសិស្សជាង 200នាក់មកពីសាលារដ្ឋ និងឯកជនជាង 30សាលានៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

កម្មវិធីនេះគឺធ្វើឡើងដើម្បីរំលឹកខួបទិវាកុមារអន្តរជាតិ 1មិថុនា និងដើម្បីផ្តល់សេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ដល់កុមារដែលជាទំពាំង ស្នងឫស្សីដើម្បីអភិវឌ្ឍធនធានមនុស្សទៅថ្ងៃអនាគត។

កម្មវិធីប្រឡងគំនូរត្រូវបានបែងចែកជា 3ក្រុម ក្នុងនោះក្រុមទី1 សម្រាប់កុមាររៀនពីថ្នាក់ 1ដល់ទី3 គូរអំពី «គ្រួសារ Family» ក្រុម2 កុមារពីថ្នាក់ទី 4ដល់ទី8 គូរអំពី «អ្នកជិតខាង-Neighbor» និងក្រុមទី3 សិស្សថ្នាក់ទី5 ដល់ទី12 គូរអំពី «មិត្តភក្រ្ត -Friend»។ បើតាមសម្តីរបស់និស្សិតមកពី PPIIA ផ្នែកតូរតន្ត្រីម្នាក់ឈ្មោះ អែល ចាន់ឌីណា បានគូសបញ្ជាក់ថា កម្មវិធីនេះសាលាធ្វើរាល់ឆ្នាំគឺដើម្បីលើកទឹកចិត្តឱ្យកុមារស្រឡាញ់ផ្នែកសិល្បៈ។ ដូចគ្នាដែរនិស្សិតមកពី PPIIA ផ្នែកគំនូរ និងរចនា ឆ្នាំទី1 ដែលជាអតីតបេក្ខនារីដែលទទួលជ័យលាភីកាលពីឆ្នាំ2016 ហើយទទួលបានអាហារូបករណ៍ 100%រយៈពេល 4ឆ្នាំពី PPIIA កញ្ញា សួន សូនីសា បានបញ្ជាក់ថា កញ្ញាមានសេចក្តីរីករាយណាស់ដែលឃើញប្អូនៗទាំងអស់គ្នាស្រឡាញ់សិល្បៈគំនូរ ព្រោះវាជាសិល្បៈដ៏អស្ចារ្យដែលទូទាំងពិភពលោកទទួលស្គាល់។

អ្នកស្រី លី ឆាន់ហេ នាយិកាវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ (PPIIA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាល និងលោកគ្រូអ្នកគ្រូដែលបានដឹកនាំសិស្សានុសិស្ស និងជាពិសេសការសហការយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) ដែលតែងតែចូលរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង 7ដល់ម៉ោង 11ព្រឹក និងបានបញ្ចប់ទៅប្រកបដោយសេចក្តីរីករាយបំផុត៕

Advertisement