នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2019នេះ ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្វពិធីគម្រប់ខួប10ឆ្នាំដែលមានឈ្មោះថា ”Metfone Intelligent City” ឬ MIC 2019 នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលក្នុងឱកាសនោះដែរក៏មានការប្រារព្វពិធីតាំងពិព័រណ៍ និងរៀបចំសិក្ខាសាលាជាមួយគ្នាផងដែរ។
ចំពោះការតាំងពិព័រណ៍ ក្រុមហ៊ុនមិត្តហ្វូនក៏មានការបង្ហាញពីបច្ចេកវិទ្យា គំនិតច្នៃប្រឌិតថ្មីចុងក្រោយនៅក្នុងទូរស័ព្ទចល័តដោយផ្តោតជាពិសេសទៅលើ Intelligent Connectivity ដែលជាដំណោះស្រាយដ៏មានប្រយោជន៍ពីការរួមបញ្ចូលគ្នានៃប្រព័ន្ធទូរស័ព្ទ ជាមួយនឹងទម្រង់ដ៏វៃឆ្លាត AI និងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។ ដើម្បីផ្ញើសារអំពីទីក្រុងឆ្លាត ”Intelligent City” MIC 2019 និងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាព័ត៌មានដើម្បីពង្រីកនូវសក្តានុពលនៃឧបករណ៍ និងសេវាកម្មឱ្យកាន់តែប្រសើរឡើងដើម្បីបម្រើដល់សុខុមាលភាពប្រជាពលរដ្ឋ អ្នកជំនួញ និងភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំពិធី MIC នេះបានទាក់ទាញអ្នកបច្ចេកវិទ្យា អ្នកជំនួញ ICT អ្នកជំនួញអន្តរជាតិគ្រប់ស្រទាប់ ព្រមទាំងអ្នករៀនសូត្រគ្រប់កម្រិតផងដែរ។
នៅក្នុងការចូលរួមការតាំងបង្ហាញនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា “ខ្ញុំពិតជាអរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបំផុត ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាគុណសម្បត្តិនៃសង្គមកម្ពុជាយើង។ មិត្តហ្វូនបានជួយបង្កើតការងារឱ្យនិយោជិតដែលធ្វើការពេញម៉ោងច្រើនជាង 2,000នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ 10,000នាក់ សម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតមិត្តហ្វូន ក៏បានចូលរួមចំណែកក្នុងការជួយសង្គម និងកម្មវិធីមនុស្សធម៌ផងដែរ ហើយក៏បានបរិច្ចាគថរិកាច្រើនជាង 77លានដុល្លារដើម្បីជួយដល់សង្គមខ្មែរ។
នៅក្នុងកម្មវិធី MIC 2019 នេះផងដែរ លោក Le Dang Dung - CEO Viettel Group ជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់ មិត្តហ្វូននឹងនៅតែបន្តបំពេញតម្រូវការរបស់អតិថិជន និងកិច្ចខំប្រឹងប្រែងរបស់ខ្លួនចំពោះបម្រែបម្រួលចក្ខុវិស័យព័ត៌មានបច្ចេកវិទ្យា ដើម្បីនៅឈរជាក្រុមហ៊ុនលេខ1 ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន។ បច្ចុប្បន្ន មិត្តហ្វូនបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការផ្តត់ផ្គង់នូវ សេវា 5G, Narrowband IoT, Big Data, AI ជាដើម៕