ប្រាសាក់សម្ពោធបណ្ណាល័យមួយខ្នងទៀត ដើម្បីលើកកម្ពស់វិស័យអប់រំ និងចូលរួមអភិវឌ្ឍជាតិ

ខេត្តកំពង់ស្ពឺ៖ ក្នុងការបន្តចូលរួម​ជំរុញ​វប្បធម៌អានរបស់​សិស្សានុសិស្ស​ និងលើកកម្ពស់​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​ពណ៌បៃតងមួយ​ខ្នង ដែលបានសាងសង់ និងបំពាក់បរិក្ខារបណ្ណាល័យ ដោយប្រើមូលនិធិ​នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រាសាក់ ​ស្ថិតក្នុង​​សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូងក្នុងភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺត្រូវ​បានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​ កាលពីព្រឹក​ថ្ងៃទី28 ខែមករា ឆ្នាំ2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។

ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន ​ឯកឧត្ដម សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្ដម លី សុន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឧដុង្គ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

​ពិធីសម្ពោធសមិទ្ធផលថ្មីនេះ ក៏មានការ​ចូលរួម​ផងដែរពីតំណាង​មន្ទីរ​នានានៅខេត្ត​កំពង់ស្ពឺ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និង​ប្រជាជន​ជាច្រើនរយនាក់។

នៅក្នុងឱកាសនោះ លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងថា ប្រាសាក់ ជាគ្រឹះស្ថានឯកជនបានផ្ដួចផ្ដើមកសាងអគារបណ្ណាល័យជូនដល់សិស្សនុសិស្សនៅតាមសាលារៀនជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រាសាក់ ក៏ដូចជាការថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងបង្កើតកម្មវិធីជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំពារអតិថិជនរបស់ខ្លួនដែលជួបប្រទះ និងទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសការចូលរួមចំណែកបណ្ដុះវប្បធម៌អានតាមរយៈ «គម្រោងបណ្ណាល័យ» ។

លោកបន្តថា សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន ចំការដូងនេះគឺជាអគារបណ្ណាល័យទី27ហើយ ដែលបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការក្នុងចំណោមបណ្ណាល័យទាំងអស់ 31ខ្នង។ អគារបណ្ណាល័យនេះជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។ លោកបញ្ជាក់ថា ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្សថែមទៀតផង ដើម្បី​ឱ្យ​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​ ក្រោមកិច្ច​សហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា​។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី ដែលបានជួយជ្រោមជ្រែងឱ្យគម្រោង​នេះ​លេច​ជារូបរាង​ឡើង។

លោក ថន ណារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែល​បាន​កសាងអគារ​បណ្ណាល័យជាច្រើនដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បី​រួម​ចំណែក​លើកស្ទួយ​វិស័យអប់រំនៅ​ក្នុង​ខេត្ត ក៏ដូចជាលើកស្ទួយធនធានមនុស្សនៅ​កម្ពុជា​ផងដែរ។ នេះជាការរួមចំណែក​ដ៏ធំធេង​ដល់វិស័យអប់រំ និងសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះកាយវិការដែលមិនអាចកាត់ថ្លៃនេះបាន។ លោកក៏បាន​សំណូមពរ​ឱ្យ​សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវដោយយកបណ្ណាល័យ​នេះ​ជាមិត្ត និងជួយ​ថែរក្សា​អគារបណ្ណាល័យ​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​អាច​ប្រើប្រាស់​បានរាប់​ជំនាន់​តទៅ​មុខ​។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ដោយសារ​ម្លប់សុខ​សន្តិភាព និងសុវត្ថិភាពសង្គម ប្អូនៗជាសិស្សានុសិស្ស ពិតជាមានសំណាង​ណាស់ដែល​បាន​ទទួល​ការ​សិក្សា​អប់រំ​បាន​ត្រឹមត្រូវ ដោយមានសាលារៀន មានបណ្ណាល័យ និងមានសៀវភៅច្រើនសម្បូរ​បែប​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ក្រេបយក​ចំណេះដឹង។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀន​សូត្រ​អភិវឌ្ឍខ្លួន​ឱ្យបាន​ល្អ​ប្រសើរតាមរយៈ​បណ្ណាល័យ​នេះដើម្បីសមជាទំពាំងស្នងឫស្សី។

ថ្លែងនៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែល​ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានការវិវឌ្ឍជាច្រើនដំណាក់កាលគួរឱ្យ​កត់​សម្គាល់ និង​រួមចំណែក​ក្នុងការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋតាមរយៈការផ្ដល់កម្ចីផ្ដល់ឱកាស​ការងារជាច្រើនដល់ប្រជាជនខ្មែរ ដែល​ជាចំណែក​ក្នុងការកសាង​ខឿន​សេដ្ឋកិច្ចកម្ពុជា។ ទោះបីជាគ្រឹះស្ថានឯកជនក្ដី ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រាសាក់ក៏បានខិតខំប្រឹងប្រែងក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ ដែលជាពិសេសគឺការផ្ដោតជាអាទិភាព លើវិស័យអប់រំ។

ឯកឧត្ដមសង្ឃឹម​និងជឿជាក់យ៉ាង​មុតមាំថាការជួយកសាងបណ្ណាល័យរបស់ប្រាសាក់នៅតាមបណ្ដាខេត្តនានា គឺជាការចូលរួមដ៏សំខាន់ដោយផ្ទាល់ក្នុងការលើក​កម្ពស់​វិស័យ​អប់រំ ជាពិសេស​ចូលរួម​ចំណែក បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ប្រកប​ដោយ​សក្ដានុពល​សម្រាប់​ចូលរួម​អភិវឌ្ឍ​ជាតិ។ សមិទ្ធ​ផល​ដ៏​ល្អ​ផូរ​ផង់​មួយ​នេះ ក៏​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​ដៃ​គូ​ដ៏​ល្អរវាង​វិស័យ​ឯកជន និង​រដ្ឋ​ផងដែរ។

ឯកឧត្ដមបានលើកឡើង​ទៀតថា ឯកឧត្ដមចង់ឃើញប្អូនៗដែលជាអនាគតនៃប្រទេសជាតិ មានជោគជ័យ​ក្នុង​ជីវិត មានសមត្ថភាពគ្រប់គ្រាន់ មានភាពចាស់ទុំ ហើយឈានទៅទទួល​ខុសត្រូវ​ជោគវាសនា​របស់​ប្រទេសជាតិ ។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតកម្ពុជា ដ្បិតគ្មានអ្វីសំខាន់ជាងចំណេះដឹង​នោះទេ ដោយត្រូវប្រឹងប្រែងសិក្សាបន្ត ត្រូវអានសៀវភៅ ព្រោះសៀវភៅជាប្រភពនៃគំនិត និងចំណេះ សមដូច​ពាក្យ​ស្លោក​ថា «រៀនហើយរៀនទៀត រៀនពេញមួយជីវិត»។

ឯកឧត្ដម ក៏បាន​ណែនាំឱ្យសិស្សានុសិស្ស ត្រូវកសាងខ្លួន​ឱ្យ​មានគុណភាព​ សីលធម៌ គុណធម៌ មេត្តាធម៌ មានភាពជឿជាក់ ចេះជួយគ្នា​ទៅវិញទៅមក កុំសេពគប់​ជាមួយបាបមិត្ត ឬ​មនុស្សអវិជ្ជមាន ដែល​រំខាន​ដល់​ការ​កសាង​សមត្ថភាព​របស់​ខ្លួន។ ហើយ​នៅពេល​ប្អូនៗ​ទទួល​បានជោគជ័យ សូមជួយចែករំលែកភាពជោគជ័យរបស់ខ្លួនមកសង្គមជាតិវិញ ដូចដែល​ប្រាសាក់​បាន​ធ្វើនាពេល​នេះ។

ជាចុងបញ្ចប់ ឯកឧត្ដមក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោកគ្រូ-អ្នកគ្រូ ដែល​បាន​ខិតខំ​បណ្ដុះបណ្ដាល​សិស្សានុសិស្សឱ្យ​មានចំណេះ​គ្រប់ៗគ្នា ដើម្បី​ជាសរសរទ្រូង​ប្រទេសជាតិ និងជាអ្នកដឹកនាំពេលអនាគត។

​            សូមបញ្ជាក់ថា ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុលំដាប់ទី1 ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធ​នា​គារ​ធំៗ​ទាំង​​5​ ​នៅ​កម្ពុជា​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្សរ៍​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​ សេវា​ធនាគារ​ចល័ត ​ម៉ាស៊ីន​ឆូត​កាត​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200​​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។

Advertisement