ការផ្តល់ឈាមជាផ្នែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាដែលកំពុងត្រូវការឈាមជាបន្ទាន់នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេស។ ហេតុនេះការចូលរួមពីគ្រប់ភាគីនានាក្នុងសង្គម មានស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងប្រជាជនទូទៅ ជារឿងចាំបាច់បំផុតសម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្នដែលកំពុងមានតម្រូវការខ្ពស់ផ្នែកឈាម។
ដោយមើលឃើញពីតម្រូវការជាចាំបាច់ និងជាការបន្តសកម្មភាពចូលរួមចំណែកជួយដល់សង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធានាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កម្មករនិយោជិត នៃការិយាល័យកណ្តាល និងសាខាក្នុងរង្វង់រាជធានីភ្នំពេញនៅថ្ងៃទី 25 ខែមករា ឆ្នាំ2019 ម្សិលមិញនេះ ដើម្បីផ្តល់ឱកាសឱ្យបុគ្គលិកបានចែករំលែកក្តីស្រឡាញ់ និងចូលរួមចំណែកជួយជីវិតប្រជាជនជាច្រើនដែលកំពុងត្រូវការឈាម។
លោក លី ថៃ អនុប្រធាននាយកប្រត្តិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា នេះជាលើកទី5 ហើយដែលធនាគារ រៀបចំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសហការីនៅជុំវិញរាជធានីភ្នំពេញ។ សហការីដែលចូលរួមនៅថ្ងៃនេះមានចំនួនប្រមាណជា 218នាក់ ដែលពួកគាត់មានចិត្តសប្បុរសក្នុងការចូលរួមចំណែកជួយគាំទ្រការងារសង្គម និងជាពិសេសគឺជួយសម្រាលបន្ទុកដល់អ្នកដែលកំពុងត្រូវការជំនួយឈាមនៅទូទាំងប្រទេស។
លោក លី ថៃ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានចូលរួមចំណែកក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ជាអំណោយដ៏សំខាន់សល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់បន្តជួយជីវិតមនុស្ស»។
លោកបានបន្ថែមផងដែរថា យើងនឹងបន្តសកម្មភាពជាវិជ្ជមាននេះបន្ថែមទៀតដើម្បីលើកទឹកចិត្តឱ្យមានការធ្វើអំពើរល្អដល់សង្គម និងបង្ហាញពីការយកចិត្តទុកដាក់ដល់គ្រប់ភាគីទាំងអស់ដែលកំពុងត្រូវការជំនួយ។ ការផ្តល់ឱកាសសម្រាប់បន្តសកម្មភាពទៅដល់ខេត្តឆ្ងាយៗ ឬសាខាដទៃផ្សេងទៀតនោះអាចនឹងធ្វើទៅបានប្រសិនបើដៃគូសហការ ជាពិសេសមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានពេលវេលាគ្រប់គ្រាន់ និងទៅដល់តំបន់នោះបាន។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ បានមានប្រសាសន៍ថា ការផ្តល់ឈាមជាសកម្មភាពប្រកបដោយគុណតម្លៃមួយដែលមនុស្សគ្រប់គ្នាអាចធ្វើបានដោយមិនប៉ះពាល់ដល់សុខភាពនោះទេ ហេតុនេះយើងម្នាក់ៗអាចធ្វើការប្រឹក្សាជាមួយអ្នកជំនាញ ឬអាចទៅដោយផ្ទាល់នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីបរិច្ចាគឈាមដោយសុវត្ថិភាព ហើយថែមទាំងអាចជួយដល់ជីវិតជនរងគ្រោះជាច្រើននាក់ផ្សេងទៀតក្នុងសង្គមដែលកំពុងត្រូវការឈាមជាចាំបាច់។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានមានប្រសាសន៍ថាពីមួយឆ្នាំទៅមួយឆ្នាំ វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវសង្គមដោយការផ្តល់ឈាមមកកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាពិសេសគឺធនាការអេស៊ីលីដា ដែលតែងតែរួមចំណែកយ៉ាងសកម្ម។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា សព្វថ្ងៃនេះមានអ្នកជំងឺជាច្រើនដែលបានបញ្ជូនមកមន្ទីរពេទ្យឯកទេសទាំងរដ្ឋ និងឯកជន ដែលកំពុងប្រឈមជាមួយបញ្ហាជាច្រើនដូចជាជំងឺថ្លើម ការបន្សាំសរីរាង្គ ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមហារីកជាដើម សុទ្ធតែកំពុងត្រូវការឈាមជាប្រចាំ ហេតុនេះយើងត្រូវការឈាមជាច្រើនជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ 2018 នៃកម្ពុជាត្រូវការឈាមរហូតដល់ 8ម៉ឺនប្លោក ហើយបើប្រៀបធៀបនឹងឆ្នាំ 2017 មានការកើនឡើង 10%។ ចំនួននៃកំណើន 10% នឹងកើនឡើងជាបន្តទៀតនៅឆ្នាំបន្តបន្ទាប់ ហើយបើប៉ាន់ស្មានទៅយើងត្រូវការឈាមប្រមាណជាង 9ម៉ឺនប្លោកនៅក្នុងឆ្នាំ 2019 នេះ ស្របពេលដែលយើងកំពុងបង្កើនសមត្ថភាពសំខាន់ៗរបស់ឈាមដើម្បីព្យាបាលជំងឺរបស់ប្រជាជនឱ្យបានកាន់តែច្រើន៕