មានអ្វីពិសេសនៅក្នុងពិធីបុណ្យ «ដារលាន ឬបុណ្យភូមិ»លើកទី12 ក្នុងក្រុងសៀមរាប

ទេសភាពវាលស្រែនាពេលរាត្រីនៅថ្ងៃទី31 ខែធ្នូ ម៉ោងប្រហែលជា 5ល្ងាចនៃពិធីបុណ្យដារលាន ឬបុណ្យភូមិ រួមជាមួយនឹងពិធីបុណ្យឆ្លងឆ្នាំសកលនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្នុងទីក្រុងសៀមរាបបានលេចជារូបរាងឡើងជាមួយនឹងការរៀបចំតុបតែងតាមបែបប្រជាជន ជនបទយ៉ាងស្រស់ស្អាតស័ក្តិសមនឹងឈ្មោះដែលក្រុមហ៊ុន Jaya Catering & Events Services បានដាក់ឱ្យពិតប្រាកដមែន ដែលមានការរៀបចំទីតាំងគួរឱ្យទាក់ទាញបំផុតដូចជា៖ ច្រកដើរចូលជាលក្ខណៈស្ពាន សង់ឡើងពីឈើដែលមិនសូវជាខ្ពស់ប៉ុន្មានពីដី អមសងខាងដោយដើមស្រូវពណ៌ខៀវខ្ចីកំពុងតែដុះលូតលាស់យ៉ាងស្រស់ស្អាត។

លើសពីនោះទៀតនៅសងខាងស្ពានមានរៀបចំជាភ្លើងទៀនដុតបំភ្លឺសម្រាប់ងាយស្រួលឱ្យភ្ញៀវដើរចូលទៅក្នុងកម្មវិធីបុណ្យ ចំណែកឯនៅខាងស្តាំដៃនៃច្រកចូលវិញ គេសង្គេតឃើញមានតួអក្សរជាភាសាអង់គ្លេសដែលសរសេរថា «Happy New Year» ដែលមានន័យជាភាសាខ្មែរថា «សួស្តីឆ្នាំថ្មីឆ្នាំសកល»នៅឯច្រកដើរចូលនៃកម្មវិធីបុណ្យ ក្រុមហ៊ុន Jaya Catering & Events Services បានរៀចំតុបតែងដោយយកមួកស្លឹកត្នោតជាច្រើនមកធ្វើជាខ្លោងទ្វារយ៉ាងធំ ដែលមានលាយឡំជាមួយនឹងភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀនពណ៌មាសយ៉ាងស្រស់ស្អាត។ ជាពិសេសគឺនៅតាមតូបម្ហូបអាហារនីមួយៗ ក៏ដូចជា​នៅលើវេទិកាសម្ដែង គឺសុទ្ធសឹងតែរៀបចំតុបតែងពីស្លឹកត្នោតទាំងអស់ ជាពិសេសមុខម្ហូបដែលរៀបចំបម្រើភ្ញៀវនារាត្រីនោះ គឺភាគច្រើនជាមុខម្ហូបខ្មែរតែម្តង។ ភ្ញៀវដែលបានអញ្ជើញចូលរួមភាគច្រើន គឺពួកគាត់ស្លៀកពាក់ជាលក្ខណៈ ប្រជាជនជនបទ និងប្រពៃណីខ្មែរពីបុរាណដើម្បីឱ្យសមទៅនឹងពិធីបុណ្យដារលាន ឬ បុណ្យភូមិ។ ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យរីករាយជាមួយនឹងការទស្សនាការសម្ដែងរបាំជូនពរ ការប្រគំតន្ត្រីបុរាណដែលជាចង្វាក់កន្រ្ទឹម ជាពិសេសភ្ញៀវដែលបានសប្បាយរីករាយនឹងការចូលរួមរាំលេងកម្សាន្តផងដែរ។

លោក ច្រឹក គីមផូ ជាអគ្គនាយកក្រុមហ៊ុន Jaya Catering & Events Services បានលើកឡើងថា «នេះជាលើកទី12ហើយ ដែលក្រុមហ៊ុនបានរៀបចំពិធីបុណ្យដារលាន ឬបុណ្យភូមិ នេះឡើង ដោយលើកមុនៗ គឺពួកយើងបានរៀបចំសម្រាប់តែទទួលស្វាគមន៍ភ្ញៀវបរទេសតែប៉ុណ្ណោះ តែចំពោះលើកនេះ គឺរៀបចំជាលក្ខណៈពិសេសសម្រាប់ទទួលភ្ញៀវខ្មែរផងដែរ ទើបក្រុមការងារសម្រេចចិត្តរៀបចំធ្វើចំថ្ងៃឆ្លងឆ្នាំសកលតែម្តង»។ លោកបានលើកឡើងបន្ថែមទៀតថា «ពីដំបូងក្រុមការងារមានបំណងរៀបចំធ្វើកម្មវិធីនេះឡើងដើម្បីទទួលភ្ញៀវចំនួនប្រមាណជា 50នាក់តែប៉ុណ្ណោះ តែដោយសារតែមានការកក់សំបុត្រយ៉ាងច្រើនពីភ្ញៀវបរទេសក៏ដូចជាភ្ញៀវខ្មែរ ទើបកម្មវិធីរៀបចំទទួលភ្ញៀវសរុបបានទៅដល់ចំនួន 150នាក់ ហើយរូបលោកក៏ដូចជាក្រុមការងារសង្ឃឹមថា ភ្ញៀវទាំងអស់នឹងរីករាយជាមួយបុណ្យដារលាន ឬបុណ្យភូមិនេះ»

លោកបញ្ជាក់បន្ថែមថា «Jaya Catering & Events Services នឹងមានគម្រោងរៀបចំ ពិធីបុណ្យដារលាន ឬបុណ្យភូមិ សាជាថ្មីម្តងទៀតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ហើយក្រុមការងាររបស់លោកនឹងសិក្សាទៅលើតម្លៃសាជាថ្មីម្តងទៀតឱ្យស័ក្តិសមចំពោះភ្ញៀវខ្មែរដែលមានបំណងចង់ចូលរួមនៅលើកក្រោយទៀត»

លោក ផាន់ ប៊ុនឈី ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jaya Catering & Events Services បានប្រាប់ឱ្យដឹងពីប្រវត្តិបុណ្យដារលាន ឬបុណ្យភូមិនេះថា «គឺជាបុណ្យប្រពៃណីខ្មែរមួយដែលត្រូវបានបណ្ដាប្រជាជនអ្នកស្រុកស្រែចម្ការតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំចន្លោះពីខែមករា ដល់ខែមេសាទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹកដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនផលស្រូវពេញមួយឆ្នាំ ហើយគោលបំណងសំខាន់ដែលរៀបចំកម្មវិធីបុណ្យនេះ គឺចង់រំឭកសាឡើងវិញពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសគឺការផ្សព្វផ្សាយឱ្យក្មេងៗជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីពិធីបុណ្យរបស់ខ្មែរតែម្តង។ លោកសង្ឃឹមថា ភ្ញៀវដែលបានអញ្ជើញចូលរួមលើកនេះ នឹងចែករំលែកបទពិសោធននេះទៅដល់មិត្តភក្តិ សាច់ញតិ និងបងប្អូនរបស់ពួកគាត់ ជាពិសេសគឺ ចែករំលែកទៅភ្ញៀវជាតិ និងភ្ញៀវបរទេសឱ្យបានយល់ដឹងកាន់តែច្បាស់ពីពិធីបុណ្យដារលាន ឬបុណ្យភូមិនេះ»។ លោកបានបន្ថែមថា «លោកក៏ដូចជាក្រុមការងារ Jaya Catering & Events Services មានយុទ្ធសាស្រ្ត និងភាពជឿជាក់ថា តាមរយៈការរៀបចំតុបតែងបែបប្រពៃណីខ្មែរយ៉ាងទាក់ទាញ និងតាមរយៈការផ្សព្វផ្សាយទៅតាមបណ្តាសារព័ត៌មានពីមិត្តភក្តិ សាច់ញតិ បងប្អូន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតនឹងធ្វើឱ្យប្រជាជនខ្មែរចូលរួមអភិរក្សពិធីបុណ្យប្រពៃណីខ្មែរមួយនេះជាក់ជាមិនខាន»

លោក ឡុង បូរ៉ា ជាប្រធានចុងភៅរបស់ក្រុមហ៊ុន Jaya Catering & Events Services បានលើកឡើងថា «នៅក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ សម្រាប់លោកផ្ទាល់ គឺបានរៀបចំធ្វើម្ហូបខ្មែរជាច្រើនមុខដើម្បីសម្រាប់ទទួលស្វាគមន៍ភ្ញៀវបរទេស និងភ្ញៀវខ្មែរដែលបានចំណាយពេលវេលាចូលរួមពិធីបុណ្យដារលាន ឬបុណ្យភូមិលើកទី12នេះ»។ លោកបានលើកឡើងបន្ថែមទៀតថា «គោលបំណងសំខាន់ និងក្នុងនាមលោកជាមេចុងភៅល្បីឈ្មោះប្រចាំនៅភោជនីយដ្ឋាន Asian Square Restaurant & Lounge ក៏ដូចជាក្រុមហ៊ុន Jaya Catering & Events Services លោកមានបំណងចង់ផ្សព្វផ្សាយពីមុខម្ហូបរបស់ខ្មែរឱ្យជនបរទេសបានស្គាល់ និងបានភ្លក្សរសជាតិ ជាពិសេសគឺជាម្ហូបជាលក្ខណៈស្រុកស្រែជនបទ»

Advertisement