ធនាគារ CIMB ទទួលបានពានរង្វាន់អន្តរជាតិល្អបំផុតនៅកម្ពុជាពី Asiamoney

ធនាគារ CIMB  បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពីការឈ្នះបានពានរង្វាន់ «ធនាគារ​អន្តរជាតិ​ល្អបំផុតនៅកម្ពុជា» ពីទស្សនាវដ្តីហិរញ្ញវត្ថុ Asiamoney ប្រចាំឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី ០៣ ខែមករា​ឆ្នាំ២០១៩។ សន្និសិទសារព័ត៌មាននេះ មានការចូលរួមពីសំណាក់ លោក​ ប៊ុន យីន ប្រធាន​នាយក​​ប្រតិបត្តិរបស់ធនាគារ CIMB PLC លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB PLC និងលោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មធនាគារ CIMB PLC ព្រមអ្នក​សារព័ត័មានជាច្រើននាក់ផងដែរ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននេះ លោក ប៊ុន យីន ប្រធាននាយក​ប្រតិបត្តិរបស់ធនាគារ CIMB PLC បានបង្ហាញពីសេចក្តីរីករាយ និងមោទនភាពដែលបានទទួលពានរង្វាន់ជាធនាគារជាតិល្អបំផុត​នៅ​កម្ពុជា ហើយលោកបានលើកឡើងថា ការឈ្នះពានរង្វាន់នេះ គឺជាភស្តុតាងបញ្ជាក់ពី​សក្តានុពល​​របស់ធនាគារ CIMB PLC អំពីគុណភាពសេវាកម្ម និងផលិតផលល្អរបស់ខ្លួននៅក្នុងទីផ្សារ​កម្ពុជា ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ជាអន្តរជាតិ ពីទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney។

ក្នុងនោះដែរ លោក ប៊ុន យីន បានបន្ថែមថា កត្តាដែលទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney ជ្រើសយកមកធ្វើការវាយតម្លៃក្នុងការផ្តល់ពានរង្វាន់ «ធនាគារ​អន្តរជាតិ​ល្អបំផុតនៅកម្ពុជា»​ ដល់ធនាគារ CIMB PLC រួមមាន សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គលជាធនាគារអន្តរជាតិ បណ្ណឥណទាន សេវាកម្ម​ធ​នាគារជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា (Priority Banking) សេវាកម្មគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូរប្រាក់ ព្រមទាំង​អាជីវកម្មផ្សារទុនបង្វិល។ Asiamoney ក៏ផ្តល់ពិន្ទុ​បន្ថែមទៅលើធនាគារណាដែលអាចផ្តល់សេវាកម្ម​ឆ្លងប្រទេសផងដែរ។

គួរបញ្ចាក់ផងដែរថា ធនាគារ CIMB បានរក្សានូវកំណើនជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ដែលប្រាក់ចំនេញមុនបង់ពន្ធរបស់ធនាគារបានកើនឡើងរហូតដល់ ៧ដង ពី២លាន​ដុល្លារ​អាមេរិច ក្នុងឆ្នាំ២០១៤ ដល់១៤លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៨។ ទ្រព្យសកម្មរបស់​ធនាគារបាន​កើន​ឡើងជាង២ដង ពី៣៥៣​លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៤ រហូតដល់៨៦៥លាន​ដុល្លារ​អាមេរិច​ក្នុងឆ្នាំ២០១៨។

លើសពីនេះផងដែរ ធនាគារ CIMB បច្ចុប្បន្នមានទំហំឥណទាន និងប្រាក់បញ្ជើររបស់​ធនាគារ CIMB PLC ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ ៣២% និង ៣០% ពី ២០៩លានដុល្លារ​អាមេរិច និង២៦៥លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៤ រហូតដល់ ៥៥៥លានដុល្លារអាមេរិច និង៧០០លាន ដុល្លារ​អាមេរិច ក្នុងឆ្នាំ២០១៨៕

Advertisement