អ្នកវិនិយោគ​ចិន បោះទុន​សាងសង «ទីក្រុង​រំដួល» បែប​សួនឧទ្យាន​បៃតង ក្នុង​ខណ្ឌ​សែន​សុខ

ក្រុមហ៊ុន SRE Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន និង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​លក់​គម្រោង​ទីក្រុង​រំដួល (ROMDUOL CITY) នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជា​គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​លំដាប់​ខ្ពស់​ដំបូង​គេ​បំផុត បែប​សួនឧទ្យាន​បៃតង នៅក្នុង​ខណ្ឌ​សែន​សុខ។

នៅក្នុង​ពី​ធី​បើក​ការដ្ឋាន​នេះដែរ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ៖ រាជធានី​ភ្នំពេញ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ថ្មី​មួយ ហើយ​ខណ្ឌ​សែន​សុខ ដែលមាន​គម្រោង​ទីក្រុង​រំដួល​ស្ថិតនៅ​នេះ​ទៀតសោត គឺជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និង​សុខាភិបាល​នៃ​រាជធានី​ភ្នំពេញ ហើយក៏​ជា​តំបន់​អភិវឌ្ឍ​ស្នូល​សម្រាប់​ទីក្រុង​ភ្នំពេញ​នាពេល​អនាគត​ផងដែរ។

លោក រំពឹងទុក​ថា គម្រោង​ទីក្រុង​រំដួល​ដែល​ក្រុមហ៊ុន SRE Group ខិតខំ​រៀបចំ​ផែនការ និង​កសាង​ដោយ​យកចិត្តទុកដាក់​បំផុត​នេះ អាច​លើកកម្ពស់​ដល់​កម្រិត​ស្ថាបត្យកម្ម​ទីក្រុង និង​មុខមាត់​របស់​រាជធានី​ភ្នំពេញ និង​នាំ​មូល​នូវ​ថាមពលថ្មីៗបន្ថែម ដល់​ការអភិវឌ្ឍន៍​ទីក្រុង និង​ក្លាយទៅជា​នាមប័ណ្ណ​ថ្មី​មួយ ដែល​ស្តែង​ឱ្យឃើញ​ពី​ភាព​បើកចំហ ថាមពល និង​ភាពជា​ទីក្រុង​អន្តរជាតិ​របស់​ទីក្រុង​ភ្នំពេញ។ ជាមួយគ្នានេះ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ ហើយ​នៅក្នុង​ឱកាស«ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា-ចិន» ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ គម្រោង​ទីក្រុង​រំដួល​ដែល​ក្រុមហ៊ុន SRE Group បាននិងកំពុង​អភិវឌ្ឍ​ជា​លើកដំបូង​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​ក្លាយទៅជា​គម្រោង​មួយ ដែល​ជួយ​រឹតបន្តឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មឈ្នះៗរបស់​ភាគី​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត។

អគ្គនាយក​ក្រុមហ៊ុន SRE Group លោក LIU FENG បាន​មានប្រសាសន៍ថា ៖ ការ​ចូលមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​លើក​នេះ ក៏​ជាការ​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់​មួយ វិថី​មួយ»របស់​រដ្ឋាភិបាល​ចិន​ផងដែរ។ សក្តានុពលភាព​អភិវឌ្ឍន៍​នៃ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​រាជធានី​ភ្នំពេញ និង​អនាគត​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​សេដ្ឋកិច្ច​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ជា​មូល​ហេតុដែល​ទាក់ទាញ​ក្រុមហ៊ុន SRE Group មក​ធ្វើការ​វិនិយោគ​នៅទីនេះ​ដែរ។ លោក​បាន​បញ្ជាក់ថា គម្រោង​ទីក្រុង​រំដួល​នេះ មាន​ទីតាំងនៅ​ចន្លោះ​ចំណុចកណ្តាល​ក្រុងភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ហេតុនេះ​វា​ស្ថិតនៅ​ចំ​ទីតាំង​អភិវឌ្ឍ​បំផុត​ក្នុង​ទីក្រុង ដោយ​មិន​ត្រឹមតែ​ប្រមូលផ្តុំ​នូវ​ធនធាន​អប់រំ សុខាភិបាល ពាណិជ្ជកម្ម និង​ចរាចរណ៍​ល្អ​បំផុត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បំពេញ​នូវ​តម្រូវការ លើកកម្ពស់​កម្រិត​លំនៅ​ឋាន កាន់តែ​ងាយស្រួល​ជាទីបំផុត។

គម្រោង​ទីក្រុង​រំដួល​ត្រូវ​បានកំណត់​ជា «សហគមន៍​រស់នៅ​បែប​អេកូឡូស៊ី​អន្តរជាតិ​មួយ» ហើយ​គម្រោង​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី១៦៣២៧ម៉ែត្រការ៉េ ដោយ​សាងសង់​លំនៅឋាន លំដាប់​ខ្ពស់​ចំនួន៤អគារ ផ្សារ​ទំនើប និង​ចំណតរថយន្ត​ចំនួន២ជាន់​នៅ​ខាងក្រោម។

លោក Matthew Hon អ្នកគ្រប់គ្រង​គម្រោង «ទីក្រុង​រំដួល» បានឱ្យដឹងថា  គម្រោង​ទីក្រុង​រំដួល​នេះ​បង្កប់​នូវ​ទ្រឹស្តី​សហគមន៍​រស់នៅ​បែប​សួនឧទ្យាន​បៃតង ដ៏​ធំ​និង​កម្រ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​វា​ត្រូវបាន​រចនា​ឱ្យមាន​សួន​អេកូឡូស៊ី​បែប​អាស៊ី​បូព៌ា ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ នូវ​ទេសភាព​ដើមត្នោត​និង​ទឹកថ្លា​ឆ្វេង បង្កើតបានជា​សួនឧទ្យាន អេកូឡូស៊ី​ដ៏​ស្រស់​សោភា។ នៅក្នុង​សួនឧទ្យាន​នេះ មាន​កសាង​ន​នូវ​កុមារដ្ឋាន តំបន់​លេង​ទឹក​សម្រាប់​កុមារ អាង​ហែល​ទឹក​ខាងក្រៅ មជ្ឈមណ្ឌល​ស្ប៉ា សួន​ហាត់ប្រាណ តំបន់​លំហែរ​កាយ​កម្សាន្ត​ខាងក្រៅ ស្ថានីយ៍​ពហុ​បំណង មជ្ឈមណ្ឌល​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ផ្សេងៗទៀត ដើម្បី​បំពេញតម្រូវការ​រស់នៅ​របស់​មនុស្ស​គ្រប់​វ័យ បង្កើតជា​បែបផែន​នៃ​ការរស់នៅ​បែប​ទាន់សម័យ​នៅក្នុង​បរិយាកាស​ធម្មជាតិ​អេកូឡូស៊ី ៕

Advertisement