ធនាគារ​ឈានមុខ​គេ​ផ្នែក FinTech នៅ​កម្ពុជា បានឈ្នះ​ពាន “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ2018”

ភ្នំពេញ៖ ធនាគារ​ឯកទេស វី​ង ដែលជា​ធនាគារ​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) នៅ​កម្ពុជា បានទទួល​ពានរង្វាន់ “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ 2018 (Best Non-Cash Transaction Service 2018)” នៅក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន International Data Group (IDG ASEAN) នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន IDG ASEAN។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ បានសរសេរថា៖ “ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត ទទួលបាន​ពាន “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ2018” ព្រោះ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វី​ង បានផ្តល់​ជូន​នូវ​សេវាកម្ម និង​ដំណោះស្រាយ​ជាច្រើន សម្រាប់​ការទូទាត់​ប្រាក់ ដោយ​មិន​ប្រើ​សាច់ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា។ វី​ង ត្រូវបាន​អតិថិជន​ទទួលស្គាល់ថា  មាន​ភាពងាយស្រួល, មាន​សុវត្ថិភាព​ក្នុងពេល​ប្រតិបត្តិការ និង​មាន​ប្រជាប្រិយភាព។

ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​សប្តាហ៍​មុន នៅ​សណ្ឋាគារ The Great Duke ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍, ធនាគារជាតិ​នៃ​កម្ពុជា, សមាគម FinTech, សមាគម​នៃ​សហព័ន្ធ​ទូរគមនាគមន៍ ព័ត៌មានវិទ្យា កម្ពុជា រួមជាមួយ​តំណាង​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង ដែល​បាន​ចូលរួម​ដើម្បី​ទទួលយក​ពានរង្វាន់ នៅក្នុង​កម្មវិធី​នា​រាត្រី​នោះ  បាន​មានប្រសាសន៍ថា  លោក​មាន​មោទនភាព​ខ្លាំងណាស់ ដែល វី​ង ទទួលបាន​ពានរង្វាន់​នេះ បន្ទាប់ពី​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​មុននេះ វី​ង បានទទួល​ពានរង្វាន់​ចំនួន2 ពី​កម្មវិធី ASEAN Business Awards នៅក្នុង​ប្រទេស​សិង្ហ​បុរី។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា៖ “វី​ង មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ។ ពានរង្វាន់​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ គឺជា​សក្ខីភាព​នៃ​ការប្ដេជ្ញាចិត្ត​របស់​យើង ក្នុងការ​ដោះស្រាយ​តម្រូវការ​របស់​ប្រជាជន ដែល​មិនមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ នៅក្នុង​ប្រទេស។ កាលពី​អតីតកាល ពួកគេ បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ហើយ​បាន​ប្រឈម​ទៅនឹង​ហានិភ័យ ដោយ​ពួកគេ​ពឹង​ផ្អែកលើ​ភាគី​ទី3 ដើម្បី​ប​ញ្ចូ​ន​សាច់ប្រាក់ ទៅ​គ្រួសារ​របស់​ពួកគេ។ សេវា​ផ្ទេរប្រាក់​របស់​វី​ង បាន​ផ្លាស់ប្តូរ​នូវអ្វីៗទាំងអស់នេះ ដោយ​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ធ្វើការ​ផ្ទេរ​និង​ទទួល​ប្រាក់ ប្រកបដោយ​សុវត្ថិភាព និង​បានភ្លាមៗ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ”។

គួរ​រម្លឹក​ផងដែរ​ថា មុនពេល​ធ្វើការ​សម្រេច​ផ្តល់រ​ង្វាន់ ក្រុមហ៊ុន IDG ASEAN បានធ្វើ​ការស្ទង់មតិ​ចំពោះ​ការពេញចិត្ត របស់​អតិថិជន​លើ​សេវាកម្ម 4G, សេវា​អ៊ិន​ធើ​ណេ​ត និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី1 ខែកក្កដា ដល់​ថ្ងៃទី30 ខែវិច្ឆិកា​ឆ្នាំ2018។ ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន IDG ASEAN បាន​បញ្ជូន​ការស្ទង់មតិ ចំនួន 40000 និង​ទទួលបាន​ដោយ​ជោគជ័យ នៃ​ការស្ទង់មតិ​ចំនួន 8000។ 60% នៃ​ការស្ទង់មតិ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង40% ធ្វើឡើង​ដោយ​ការសំភាសន៍​ផ្ទាល់ នៅក្នុង​ខេត្ត​ក្រុង​ធំ ៗ ចំនួន 5 របស់​ប្រទេស​កម្ពុជា រួមមាន រាជធានី​ភ្នំពេញ, ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តសៀមរាប និង​ទីក្រុង​ព្រះសីហនុ។ កម្រង​សំណួរ​មាន​ប្រធានបទ​ចំនួន 7 ដែលមាន 18 សំណួរ៕

Advertisement