កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព វិលត្រឡប់​មកវិញហើយ​បន្ទាប់ពី​បាន​វះកាត់​ព្យាបាល​ជំងឺបេះដូង​ពី​កំណើត​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ប្រទេស​ថៃ

ពួកគេ​ត្រឡប់មក​ជាមួយ​ជីវិត​ថ្មី​ដែល​ស្រស់បំព្រង​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ឡើងវិញ

រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨៖ កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព​ចំនួន ៧នាក់ បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ពួកគេ​ទទួលបាន​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ប្រទេស​ថៃ ស្ថិតក្រោម​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា។

គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា ជា​គម្រោង​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​ជំនាញ​ឯកទេស និង​ធនធាន​ផ្ទាល់​របស់​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់​ដើម្បី​ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​គ្មាន​លទ្ធភាព​ក្នុង​បណ្តា​ប្រទេសជិតខាង។

នៅក្នុង​ប្រទេស​កម្ពុជា គម្រោង​នេះ​ជា​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ រួម​ជាមួយនឹង​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ           ព្រះរាជាណាចក្រ​កម្ពុជា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) មន្ទីរពេទ្យ​កាល់ម៉ែត និង​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ អេ​ស៊ា។

បន្ទាប់ពី​កូន​របស់គាត់​ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់ ឪពុកម្តាយ​របស់​កុមារ​ម្នាក់​បានបង្ហាញ​នូវ​សេចក្តីរំភើប រីករាយ ដែល​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន ហើយ​បាន​និយាយ​ឲ្យ​ដឹងថា      «ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ត្រេកអរ​មែនទែន នៅពេលដែល​ខ្ញុំ​បានឃើញ​គាត់​មាន​សុខ​ភាពល្អ និង​ស្រស់ស្រាយ​ជាង​ពេលដែល​គាត់​ឈឺ និង​មាន​សភាព​ធម្មតា​បន្ទាប់​ពី​ការវះកាត់​រួច។ ក្នុងនាម​ជា​ឪពុកម្តាយ ពិតជា​រក​អ្វី​មក​ប្រដូច​មិនបាន​ឡើយ ពេល​ឃើញ​កូន​មាន​សុខភាព​ល្អ ហើយ​ជាសះស្បើយ​ពី​ជំងឺ គិត​ទៅ​ដូច​បានទទួល​នូវ​ជីវិត​ថ្មី​ដូ​ចេះ្ន​ដែរ»

ឪពុកម្តាយ​របស់​អ្នកជំងឺ​ក៏បាន​សង្កត់ធ្ងន់​អំពី​សេវាកម្ម និង​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ដែល​កូន​របស់​ពួកគាត់​បាន​សម្រាក​ព្យាបាល​ផងដែរ។ ពួកគាត់​និយាយថា មន្ទីរពេទ្យ​នេះ គឺ​ល្អ​ណាស់។    វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ទាំងអស់ តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ហើយ​តែងតែ​ផ្លាស់ប្តូរ​វេន​គ្នា​ប្រចាំការ ដើម្បី​តាមដាន​ស្ថានភាព​អ្នកជំងឺ​គ្រប់ពេលវេលា។

«ពិតជា​ល្អ​ណាស់! ទាំង​សេវាកម្ម ថ្នាំពេទ្យ បរិក្ខារ​ពេទ្យ និង​ទាំង​បរិយាកាស​នៅក្នុង​មន្ទីរពេទ្យ។ ចំពោះ​គ្រូពេទ្យ​វិញ ពួកគាត់​មាន​ភាព​រួសរាយ​រាក់ទាក់ មានការ​សន្តោស ហើយ​ឧស្សាហ៍​មក​ត្រួតពិនិត្យ​សុខភាព​កូន​ខ្ញុំ​ជាប់​ជានិច្ច ដោយ​ខ្លាច​កូន​ខ្ញុំ​គាត់​មិនសូវ​ស្រួល និង​យកចិត្តទុកដាក់​ដល់​អ្ន​ក​ជំងឺ មិន​ថា​ពេល​ថ្ងៃ ឫ​ពេលយប់​នោះទេ។ ចំណែកឯ​ការ​ស្នាក់នៅ និង​ការហូបចុក​សម្រាប់​ពួក​ខ្ញុំ​ក្នុងអំឡុងពេល​នៅ​ទីនោះ​វិញ និយាយ​ទៅ​ពិតជា​ល្អ​មែនទែន»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ អន្តរជាតិ  បំ​រ៉ុង​រ៉ាត់ បាន​ពង្រីក​គម្រោង​សប្បុរសធម៌​មួយ​នេះ ដើម្បី​ជួយ​ដល់​កុមារ​ដែល​គ្មាន​លទ្ធភាព​នៅតាម​បណ្តា​ប្រទេសជិតខាង​ជាច្រើន​ដូចជា៖ ប្រទេស មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​ឆ្នាំនេះ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ ចាប់តាំងពី​ឆ្នាំ២០០៣មក គម្រោង​មួយ​នេះ​បាន​ជួយ​ដល់​អ្នកជំងឺ​បាន​ជាង៧៨២នាក់​រួចមកហើយ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល ហើយ​ធ្វើ​ឲ្យ​ពួកគេ​មានជីវិត​ស្រស់បំព្រង​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​សារជាថ្មី​ឡើងវិញ។

តាមរយៈ​ក្តី​សន្តោស និង​ការយកចិត្តទុកដាក់​បំ​ផុតពី​ក្រុមគ្រូពេទ្យ និង​ម្ចាស់ជំនួយ​ទាំងអស់     ឳ​ពុក​ម្តាយ​របស់​កុមារ​បាន​លើកឡើងថា «ក្នុងនាម​ជា​ប្រជាជន​កម្ពុជា យើង​សូម​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក និង​ដៃគូ​ទាំងអស់​នៃ​មូលនិធិ​នេះ ជាពិសេស​មូលនិធិ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យអន្តរជាតិ បំ​រ៉ុង​រ៉ាត់ ដែល​បានទទួល​យក​កូន​រប​ស់​ខ្ញុំ និង​កុមារ​ដទៃទៀត ដើម្បី​ព្យាបាល​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត និង​ថែទាំ​ដោយ​ឥតគិតថ្លៃ ជាពិសេស​សម្រាប់​ការចំណាយផ្សេងៗ និង​ការ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ។ នេះ​ជា​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា»៕

Advertisement