ទស្សនកិច្ចរបស់គណៈប្រតិភូសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) នៅប្រទេសកម្ពុជា

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាមានក្តីសោមនស្សរីករាយជម្រាបជូនពីដំណើរទស្សនកិច្ចរបស់សិស្សវិទ្យាល័យជប៉ុនចំនួន 15រូបដែលជាសមាជិក JFA Academy ប្រចាំខេត្ត ហ្វូគឹស៊ីម៉ា និងអ្នកដឹកនាំចំនួន 3រូបមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី29 ខែតុលា ដល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2018 ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត​​ និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេស​អាស៊ី​ខាងកើតដែលហៅកាត់ថា JENESYS 2018។

កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការ​កសាងទំនុកចិត្តទៅវិញ​ទៅមក​ក្នុង​ចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី​កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិ​បត្តិ​ការ និងចំណងមិត្តភាពនាពេលអនាគត និងរៀបចំដោយក្រសួងការបរទេសជប៉ុន។

អំឡុងពេលទស្សនកិច្ចនៅកម្ពុជា ពួកគាត់នឹងចូលរួម​ការប្រកួតបាល់ទាត់មិត្តភាព​ ព្រមទាំង​កម្មវិធី​សង្ខេបរបាយការណ៍ទស្សនកិច្ចដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

-ការប្រកួតមិត្តភាពជាមួយក្រុមកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម 18ឆ្នាំ (U-18) (គ្រូបង្វឹក​ជប៉ុន​លោក Musashi MIZUSHIMA នឹងបង្វឹកក្រុមកីឡាករកម្ពុជាU-18) នៅថ្ងៃទី​31 ខែតុលា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​(FFC)។

-ការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយFFC។

​កម្មវិធីសង្ខេបរបាយការណ៍ទស្សនកិច្ចនេះ​នឹងរៀបចំ​ឡើងនៅថ្ងៃទី5​ ខែវិច្ឆិកា ឆ្នាំ2018 ​វេលាម៉ោង11​ព្រឹក​នៅសណ្ឋាគារ Sunway ដើម្បីបង្ហាញពីសកម្មភាពទស្សនកិច្ចនៅកម្ពុជា។

ស្ថានទូតប្រចាំប្រទេសកម្ពុជារំពឹងថា កីឡាករបាល់ទាត់វ័យក្មេងជប៉ុន និងកម្ពុជានឹងកសាង​ចំណងមិត្ត​ភាពកាន់តែស៊ីជម្រៅតាមរយៈការប្រកួតមិត្តភាពនេះដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ 65 ឆ្នាំនៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។​ ការប្រកួតទាំងពីរ​លើកនេះ​ គឺបើកឱ្យ​សាធារណជន​ចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃ៕

Advertisement