សាលា​ពាណិជ្ជ​សាស្ត្រ MARUGAME លេចចេញ​ជា​រូបរាង​ហើយ!!!

សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME (MBS) TORIDOLL Group សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) បាន​បើក​បវេសនកាល​របស់​ខ្លួន​ហើយ នៅ​ថ្ងៃទី16 ខែតុលា​ឆ្នាំ2018 ដើម្បី​បង្រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា។

លោក KASUHIRO SHINOHARA អនុប្រធាន​មូលនិធិ CIESF ជប៉ុន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថា៖ សាលារៀន​ពាណិជ្ជ​សាស្ត្រ MARUGAME ជា​សាលាដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​ការសិក្សា​ផ្ដោតទៅលើ «ជំនាញ​ផ្នែក​អាជីវកម្ម​ម្ហូបអាហារ» គឺជា​សាលា រៀនសូត្រ​អំពី​មូលដ្ឋានគ្រឹះ​នៃ​អាជីវកម្ម​លើ​ការគ្រប់គ្រង ហើយ​ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​ឱកាស​ការងារ​តាម​ភោជនីយដ្ឋាន​នានា​នៅក្នុង​ប្រទេស​និង​នៅលើ​ពិភពលោក។

លោក​បាន​បញ្ជាក់ថា​ក្នុងការ​វិនិយោគ​នេះ TORIDOLL បានកំណត់​គោលដៅ​មួយ​គឺ​ការអភិវឌ្ឍន៍​ធនធាន មនុស្ស​ប្រកបដោយ​សក្តានុពល​នៅក្នុង​ពិភពលោក ហើយ TORIDOLL បាន​ឈាន​ជើង​បង្កើត​សាលា​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើកដំបូង ដែល​តាមរយៈ​សាលារៀន​នេះ ក្រុមហ៊ុន​បានគិត​ទៅលើ​ការរួមចំណែក អភិវឌ្ឍ​អាជីវកម្ម​លើ​ការគ្រប់គ្រង​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​នៅ​ទូទាំង​តំបន់​អាស៊ី។

លោក ស៊ី វណ្ណា ប្រធាន​ផ្នែក​គ្រប់គ្រង​ការអភិវឌ្ឍន៍​ធនធានមនុស្ស បាន​មានប្រសាសន៍ថា៖ នេះ​ជា​ឱកាស​សម្រាប់​សាធារណជន និង​សិស្ស-និស្សិត​នៅ​កម្ពុជា ក្នុងការ​ទទួលបាន​ជំនាញ​ដើម្បី​ចូលធ្វើការ​នៅ​ក្រុមហ៊ុន TORIDOLL ប្រចាំ​នៅ​កម្ពុជា ឬ​នៅ​សាខា​ក្រៅប្រទេស ពីព្រោះថា​ប្រទេស​យើង​កំពុងតែ​ជំរុញ​ខ្លាំង អំពី​សហគ្រិន និង​ជា​ពេលវេលា​សមស្រប ជា​ឱកាស​ទី1 និង​ជាការ​បើក​លើក​ទី​ដំបូង ដែល​អ្នកចូលរួម​អាច​ទទួលបាន​បទពិសោធ និង​ចំណេះដឹង ជាមួយនឹង​សក្តានុពល និង​ជា​ពេលវេលា​សមស្រប​បំផុត និង​ជាការ​អបអរសាទរ ក្នុងការ​បើកប​វេ សន​កាល​នេះ​យើង​បានទទួល​អ្នក​ចុះឈ្មោះ​សិក្សា​ចំនួន 20នាក់។

គួរ​បញ្ជាក់ថា MARUGAME គឺជា Brand មួយ​ក្នុងចំណោម 20 នៃ​ក្រុមហ៊ុន​ជប៉ុន TORIDOLL បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ 1985មកម្ល៉េះ ហើយ​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​សាខា​របស់ខ្លួន​ចំនួន​ជាង 1000ហាង​នៅ​ប្រទេស​ជប៉ុន និង​ជាង 500ហាង​ទៀត​នៅ35ប្រទេស​ជុំវិញ​ពិភពលោក។ ភោជនីយដ្ឋាន MARUGAME  នឹង​កំណត់​គោលដៅ​ដើម្បី​ក្លាយ ខ្លួន​ជា​ភោជនីយដ្ឋាន​នៅក្នុង​ចំណាត់ថ្នាក់​ទាំង10នៅលើ​ពិភពលោក ដោយ​ពង្រីក​ចំនួន 6000ហាង​នៅ​ឆ្នាំ2025  ៕

Advertisement