សាកលវិទ្យាល័យបៀលប្រាយ សហការជាមួយអាស៊ីវេរលុយផ្តល់អាហារូបករណ៍ និងឱកាសការងារដល់និស្សិត

សាកលវិទ្យាល័យបៀលប្រាយ និងក្រុមហ៊ុនអាស៊ីវេរលុយ បានចុះអនុស្សរណៈនៃការយោគយល់គ្នាផ្តល់​អាហារូបករណ៍ និងឱកាសការងារ​ដល់និស្សិត200នាក់សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ។

លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើកឡើងថា​សាកលវិទ្យាល័យ​បានសហការជាមួយស្ថាប័ន​ឯកជន​ រួមទាំង​ដៃគូនានាដើម្បីជំរុញឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ការសិក្សារបស់និស្សិត និងធ្វើយ៉ាងណាឱ្យពួកគេ​កាន់តែ​មាន​លទ្ធភាព​ដើម្បីសិក្សាបន្ត។ ដោយសារតែសាកលវិទ្យាល័យ​បៀលប្រាយ ជាសមាជិកនៃសាកលវិទ្យាល័យអន្តរជាតិ ហេតុនេះសាកលវិទ្យាល័យ​បានបង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយនឹងដៃគូនានា​ដើម្បី ជំរុញឱ្យ​មាន​ផ្លាស់ប្តូរការសិក្សា និងឱកាសជាច្រើនសម្រាប់និស្សិតកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាក់ស្តែងនៅថ្ងៃនេះ សាកលវិទ្យាល័យ​បានសហការជាមួយ​នឹង​ក្រុមហ៊ុន អាស៊ី វេរលុយ ផ្តល់អាហារូបករណ៍​សម្រាប់សិស្ស និស្សិត​រយៈពេល​ 4ឆ្នាំ​ពេញសម្រាប់​ថ្នាក់បរិញ្ញាបត្រ ដើម្បីឱ្យគាត់​ឱកាសដើម្បីបន្តការសិក្សាឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន។

លោក ឌៀប សីហា បានមានប្រសាសន៍ថា៖ «​អាហារូបករណ៍នេះគឺផ្តល់ឱកាសសម្រាប់សិស្សទាំងអស់គ្នា​ដែលត្រៀមចូលឆ្នាំទី1 សម្រាប់ប្រឡងដើម្បីទទួលបានការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ហើយចំពោះការជ្រើសរើស​​យើងមានគណៈកម្ម​ការត្រួតពិនិត្យច្បាស់លាស់​ ដើម្បីធានាថាអ្នកមានសមត្ថភាព​ពិតប្រាកដនឹងទទួលបានឱកាសយ៉ាងសំខាន់នេះ»។

លោក ឈ គង់ផេង អគ្គនាយកក្រុមហ៊ុន​អាស៊ីវេរលុយ បានលើកឡើងថា ក្រុមហ៊ុនរបស់លោកសម្រេចចាប់ដៃគូជាមួយនឹងសាកលវិទ្យាល័យ​បៀលប្រាយ ដោយសារតែមើលឃើញសាកលវិទ្យាល័យនេះ​មានគុណភាព​ល្អ ហើយការបណ្តុះប​ណ្តាលធនធានមនុស្សគឺមានគុណភាព ដែលអាចឆ្លើយតបបានជាមួយនឹង​តម្រូវការការងារ។ នេះជាលើកទី1ហើយ ដែលក្រុមហ៊ុនរបស់លោក​បង្កើតកម្មវិធី​ដើម្បីផ្តល់អាហារូបករណ៍ និងឱកាស​ការងារបែបនេះ។ លោកថា​និស្សិតទាំងអស់ដែលប្រឡងជាប់អាហារូបករណ៍នេះ​នឹងទទួលបានឱកាសធ្វើការងារនៅក្រុមហ៊ុន​អាស៊ីវេរលុយ ដើម្បីទទួលបានទាំងបទពិសោធន៍ការងារ និង​ឱកាសសម្រាប់បន្តការសិក្សានៅ​សាកលវិទ្យាល័យ៕ ​​​​​​

Advertisement