លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បង្ហាញស្នាដៃនិពន្ធថ្មី «ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច»

“ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច” ជា​ស្នាដៃ​និពន្ធ​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ. គួច អេ​ឌ្យូ​ខេ​សិន មាន​កម្រាស់250ទំព័រ ទំហំ13 x 19.5 បោះពុម្ពផ្សាយ​ចំនួន 3000ច្បាប់ ដោយ​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច នៅ​ខែឧសភា ឆ្នាំ2018 គឺជា​សៀវភៅ​ស្ដីពី​កម្រង​ជីវិត​ពិត​របស់​ក្រុមគ្រួសារ​លោក​ឧកញ៉ា ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ខេត្តបាត់ដំបង ទៅកាន់​ជំរំ​នៅ​ជាយដែន​កម្ពុជា-ថៃ បំណង​ភៀសខ្លួន​ទៅ​ប្រទេស​ទី3 ក្នុង​បុព្វហេតុ​ស្វែងរក​សេរីភាព​ដើម្បី​ជីវិត។

ការរត់​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​ពួក​ខ្មែរក្រហម ជាពិសេស​គេចចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជំរុញ​ឱ្យ​ក្រុមគ្រួសារ​លោក​ឧកញ៉ា បាន​ទៅដល់​ជាយដែន​កម្ពុជា ថៃ និង​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ឈ្មោះ​ណង​ចាន់ ស្ថិតនៅ​ក្នុងភូមិ ឃុំ​ណង​ចាន់ ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ជា​អកុសល ស្នាក់នៅ​ជំរំ​នោះ​ប្រហែល​មួយ​សប្តាហ៍ ក៏ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ ដឹកជញ្ជូន​ឆ្ពោះទៅ​ទម្លាក់​ជ្រោះ​ភ្នំ​ដងរែក ផ្ទុយ​ពី​សេចក្ដី​រំពឹងថា​បាន​ទៅ​ប្រទេស​ទី3 នៃ​ទីឋាន​សេរីភាព និង​សន្ដិភាព។

ទី​ភ្នំ​ដងរែក​នោះ​ហើយ​ដែល​ក្រុមគ្រួសារ​លោក​ឧកញ៉ា ក៏ដូចជា​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​ផ្សេងទៀត ត្រូវ​ទាហាន​ប៉ា​រ៉ា​ថៃ​បង្ខំ​ឱ្យ​ដើរ​ទម្លាក់​ជ្រោះ​មរណៈ​ដ៏​សែន​ចោត និង​មហា​ប្រល័យ។ មហា​ប្រល័យ ក៏​ព្រោះ​នៅ​ផ្នែក​ខាងក្រោម​នៃ​ជ្រោះ គឺ​ពោ​ពេញ​ទៅដោយ​គ្រាប់មីន ដែល​គ្រាប់មីន​ទាំងនោះ បើតាម​តួលេខ​បាន​ឆក់យក​ជីវិត​ជនភៀសខ្លួន​ប្រហែល 30000នាក់ និង​ជាង20000នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន ហើយ​ដែល​ជនភៀសខ្លួន​ទាំងនោះ ប្រមាណ90% ត្រូវគេ​រកឃើញថា មាន​ជំងឺ​វិបល្លាស​ស្មារតី ឆាប់​ភ័យ តក់ស្លុត និង​បាក់ស្បាត។

សភាព​នៃ​ដំណើរ​ដើរកាត់​ជ្រោះ​មរណៈ​ដ៏​មហា​សែន​ប្រល័យ ទី​ជ្រលង​ជ្រោះ​ភ្នំ​ដែល​សម្បូរ​ដោយ​គ្រាប់មីន​បង្កៃ ដំណើរ​ឆ្លងកាត់​គំនរ​សាកសព​រដូករ​ណែ​ល ការបង្ខំចិត្ត​ផឹកទឹក​ដងអូរ​ដែលមាន​ខ្មោច​អណ្ដែត​ស្ពីង​និង​មាន​ខ្លាញ់​រលើប ការ​រើស​ចំណី​ពី​ខ្មោច សម្រែក​នៃ​សេចក្ដី​សោកសង្រេង​កើតចេញពី​ការ​និរាស​ព្រាត់ប្រាស់​ក្រុមគ្រួសារ​សាច់ញាតិ សភាព​រងទុក្ខវេទនា​បណ្ដាលមកពី​អត់​អាហារ អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​មិន​អំ​ណោ​ផល ការ​វង្វេង​ក្នុងព្រៃ​ឫស្សី សភាព​ដេក​ក្នុង​ទឹក ការដើរ​សុំទាន​គេ បូករួម​នឹង​ជីវិត​ពី​កុមារភាព និង​ការឆ្លងកាត់​របប​អាវខ្មៅ​ដោយ​អន្លើ នៃ​យុវភាព​របស់លោក​ឧក​ញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និង​ក្រុមគ្រួសារ​ផង​នោះ ត្រូវបាន​លាតត្រដាង​តាមរយៈ “ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច។

គួ​រម្លឹក​ផងដែរ​ថា គ្រឹះ​សា្ថ​ន​បោះពុម្ព នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច មាន​បោះពុម្ព​សៀវភៅ​ដូចខាងក្រោម ៖

  • សៀវភៅ “អ្នកជា​មនុស្ស​ល្អ ល្អប្រសើរ និង​ល្អ​អស្ចារ្យ” បោះពុម្ព​នៅ​ឆ្នាំ2016
  • សៀវភៅ “ទស្សន​អាជីវកម្ម គួច ម៉េង​លី” បោះពុម្ព​នៅ​ឆ្នាំ2016
  • សៀវភៅ “ជំនួប​តុ​កាហ្វេ រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ” បោះពុម្ព​នៅ​ឆ្នាំ2016
  • សៀវភៅ “ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច” បោះពុម្ព​នៅ​ឆ្នាំ2018
Advertisement