CBS​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ ដណ្តើម​ប្រា​ក់លាន

ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ បាន​សហការ​ជាមួយ​ទូរទស្សន៍ CNC MYTV និង​CTN រួមជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​មួយ នៅ​រាល់​រសៀល​ថ្ងៃ​សៅរ៍ ​រៀងរាល់​សប្ដាហ៍ ចាប់ពី​ម៉ោង​2 ដល់​ម៉ោង​4និង30​នាទី។

ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​29​សីហា​ 2018បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រដាល់​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​1​ខែកញ្ញា​ខាងមុខនេះ​តទៅ គឺ​ប្រសិទ្ធ​នាម​ថា “​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ដែលជា​ការប្រកួត​លក្ខ​ណះ​មិត្តភាព​អន្តរជាតិ ដែលមាន​ពីរ​គូ​ក្នុង​មួយ​កម្មវិធី ។

លោក គង់ ចំរើន​រដ្ឋា ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​CBS បានអោយដឹងថា នេះ​ជា​កម្មវិធី​ថ្មី​ដែល CBS (CNC MYTV​និង​CTN )​និង CARABAO បាន​សហការគ្នា ដើម្បី​បង្កើត​កម្មវិធី​ប្រដាល់​ថ្មី​នេះ​ឡើង ។ លោក​បន្តថា កម្ម​វី​ធី​ប្រដាល់ ” អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ប្រសិនបើ​ការប្រកួត​នេះ​ដំណើរការ​ទៅបាន​ល្អ នោះ​នឹង​ដំណើរការ​ជាប់​រហូត ។​

លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ផ្នែក​លក់​ក្រុមហ៊ុន​ខា​រ៉ា​បាវ បានបញ្ជាក់​អោយដឹង​ដែរ​ថា ការដែល​ក្រុមហ៊ុន​លោក​មក​រួមសហការ​ជាមួយ​CBS បើក​កម្មវិធី​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន គឺ​ក្នុង​គោលបំណង​តែមួយគត់ គឺ​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា អោយមាន​ការរីកចំរើន​កាន់តែខ្លាំង​ថែមទៀត ។ ជាមួយនេះ ក៏​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កីឡាករ​ប្រដាល់​តាមរយះ​ការ​បាន​ឡើង​ប្រកួត ហើយក៏​រួមចំណែក​ជួយ​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ផងដែរ ។​ហើយ​បើ​កម្មវិធី​នេះ​ដំណើរការ​ទៅ​ល្អ​នោះ ក្រុមហ៊ុន​នឹង​បង្កើត​អោយទៅជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ថែមទៀត ។​

លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សំណូមពរ​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ត្រូវមាន​ភាព​សុច​រឹត​ក្នុង​ការងារ ព្រោះនេះ​ជា​ជាការ​ងារ​មួយ​ដែល​ទាំងអស់គ្នា សុទ្ធតែ​បាន​ទ​ទូល​ផលប្រយោជន៍។

កម្មវិធី​ប្រដាល់​ថា “​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​ដណ្តើម​ប្រា​ក់លាន “ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​1​កញ្ញា​ ខាងមុខនេះ​តទៅ និង​ផ្សាយ​មាន​ផ្ទាល់​៣Chanel​នោះ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​មាន​5គូ ដែលមាន​គូ​ខ្មែរ​និង​ខ្មែរ​ចំនួន​3​គូ និង​គូប​រទេស​ខ្មែរ​-​ថៃ​ចំនួន​2គូ។ លោក ម៉ា ស៊ី​ថេត ប្រធាន​ចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​CBS​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ការប្រកួត​គូ​អន្តរជាតិ​ពីរ​គូ​នោះ អ្នក​ដែល​ឈ្នះ​នឹង​ទទួលបាន​ប្រាក់​លាន​ដែលជា​រង្វាន់​បន្ថែម​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ ដែល​ក្នុងនោះ​អ្នក​ដែល​ឈ្នះ​ទទួលបាន​1​លាន​រៀន ហើយ​បើ​ស្មើគ្នា គឺ​កាច់​ជា​ពីរ​50​ម៉ឺន​ម្នាក់ ។

លោក ស៊ី​ថេត បញ្ជាក់ទៀតថា ក្នុង​មួយ​កម្ម​វី​ធី ឬមួយ​សប្តាហ៍ ខា​រ៉ា​បាវ​ត្រូវ​រ៉ាប់រង​ចំណាយ​សម្រាប់​ប្រាក់រង្វាន់​នេះ​ចំនួន​2​លាន សម្រាប់​ពីរ​គូ​នោះ ។ លោក​បន្តថា កម្មវិធី​នេះ​លោក​យល់ឃើញថា​ល្អ ព្រោះ​វា​បាន​ជួយ​ដល់​ជីវភាព​កីឡាករ ហើយក៏​ជាការ​លើកទឹកចិត្ត ដើម្បីអោយ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ក៏ដូចជា​ប្រកួត​អស់ពី​សមត្ថភាព​ផង៕

Advertisement