ក្រុមហ៊ុន KHH ផ្ដល់ឱកាស​ឱ្យ​និស្សិត 110នាក់ ចុះ​ទស្សនៈកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត ដើម្បី​ស្វែងយល់​ពី​ខ្សែចង្វាក់​ផលិតកម្ម

ភ្នំពេញ៖ នៅ​ថ្ងៃទី 29 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន ខ្មែរ ហៅ​ហូល & ហ៊ែ​ល​ឃែ​រ ហៅ​កាត់​ថា KHH បានផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ចំនួន 110នាក់ ដែល​មកពី​សាកល​វិ​ទ្សា​ល័យ​ធនធានមនុស្ស ចុះ​ទស្សនៈកិច្ច​សិក្សា​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម ស្វែងយល់​ពី​របៀប​ក្នុង​ការធ្វើ​អាជីវកម្ម ហើយ​ក្រុមហ៊ុន KHH ក៏មាន​ផ្តល់នូវ​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

គោលបំណង​នៃ​ទស្សនៈកិច្ច​នេះ ក្រុមហ៊ុន KHH មានបំណង​បំផុសគំនិត​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​ឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ក្នុងការ​បង្កើត​ផលិតផល​ថ្មី ដែលជា​របស់ខ្លួន​នាពេល​អនាគត ក្នុងការ​ប្រកួតប្រជែង ជាមួយ​ផលិតផល​ដែល​នាំចូល​ពី​បរទេស និស្សិត​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ភាពជា​សហគ្រិន ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម របៀប​ក្នុង​ការរៀបចំ​អាជីវកម្ម និង​ក្រុមហ៊ុន​យើង​មាន​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន KHH ទាំងអស់​បាន​ផលិត​ដោយ​ប្រើ​រូបមន្ត និង​បច្ចេកវិទ្យា​មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ក្រុម​អ្នកជំនាញ​ក្នុង​ឧស្សាហ​កម្មនេះ គឺ​លោក Lee Sukho  និង​លោក Lee Hoon ដែល​ពួកគាត់​មានបទពិសោធន៍​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង 30ឆ្នាំ​មកហើយ។ ក្រុមហ៊ុន KHH មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​កូរ៉េ ដែលមាន​លិខិតបញ្ជាក់ និង​បានធ្វើ​ការសាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បីឱ្យ​ប្រាកដថា អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ជាមួយ​បទពិសោធន៍​ល្អឥតខ្ចោះ នៅពេល​បាន​ប្រើប្រាស់​ផលិតផល​របស់ខ្លួន។ ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​អនុវត្តតាម​ស្ដង់ដារ​អន្ដរជាតិ​ដើម្បី​បង្កើត​ផលិតផល​ដែលមាន​គុណភាព​គួរ​ជាទី​ទុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន KHH គឺជា​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​មួយ​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលថ្មីៗនេះ​ក្រុមហ៊ុន  បានទទួល​នូវ​ទទួល​វិញ្ញាបនបត្រ ISO 9001: 2015 សម្រាប់​គ្រប់​ផលិតផល​របស់ខ្លួន ​ដែល​បាន​ផលិត ​និង​កំពុងដំណើរការ​នៅលើ​ទីផ្សារ​សព្វថ្ងៃ ដូចជា ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ផលិតផល​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ផលិតផល​ទាំងនោះ​មានដូចជា សាប៊ូកក់សក់​ម៉ាក​ក្លិន សាប៊ូ​លាងខ្លួន​ម៉ាក​ក្លិន សាប៊ូ​លាងដៃ​ម៉ាក​ក្លិន សាប៊ូ​លាងចាន​ម៉ាក​ស្អាត និង​សាប៊ូ​លាងចាន​ម៉ាក​ល្អ ព្រមទាំង​ផលិតផល​លាង​សម្អាត​ទូទៅ​ដូចជា សាប៊ូ​សម្អាត​ការ៉ូ សាប៊ូ​បោក​សំលៀកបំពាក់ ទឹក​ក្រអូប និង​សាប៊ូ​សម្អាត​ទូទៅ សម្រាប់​ប្រើប្រាស់​ក្នុង​សណ្ឋាគារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន ហាង​កាហ្វេ​នានា និង​កន្លែងផ្សេងៗផងដែរ​ដែល​បានទទួល​ស្គាល់​គុណភាព​ស្តង់ដារ​អន្តរជាតិ៕

Advertisement