លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ នាំយក​អំណោយ​សប្បុរស​ធម៌ ជូន​ដល់​ជនក្រីក្រ ចាស់ជរា និង​កុមារកំព្រា​ចំនួន 500 នាក់

ស្ថិតនៅក្រោម​ទឹកចិត្ត និង​ស្មារតី​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​ជនក្រីក្រ ចាស់ជរា និង​កុមារកំព្រា​គ្មាន​ទីពឹង ដែលជា​បន្ទុក​របស់​ស​ង្គ​ម​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ​នោះ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ បាន​សហការ​ជាមួយ​លោក តាំង គឹម​ឡេង ដឹកនាំ​សមាជិក និង​ក្រុមយុវជន​ស្ម័គ្រចិត្ត ចុះ​នាំយក​អំណោយ​ដែលមាន​គ្រឿងឧបភោគ បរិភោគ ចែកជូន​ដល់​ជនក្រីក្រ ចាស់ជរា ជនពិការ និង​កុមារកំព្រា​គ្មាន​ទីពឹង ជាពិសេស មនុស្ស​ចាស់ ដែល​កំពុង​ប្រកប​របរ​ដោយ​ធាក់​ស៊ីក្លូ សរុប​ចំនួន 500 នាក់ នៅ​ទីលាន​សួនច្បារ មុខ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី20 ខែឧសភា ឆ្នាំ2018 នៅក្រោម​ប្រធានបទ «កុំ​ភ្លេច​ខ្ញុំ» ។ សម្រាប់​អំណោយ​ទាំងអស់​រួមមាន​ដូចជា ៖ អង្ករ​ចំនួន 10តោន, មី​ចំនួន 500កេស, ត្រីខកំប៉ុង ចំនួន 500យួរ, ទឹកបរិសុទ្ធ​ចំនួន 500យួរ, ភួយ​ចំនួន 500, ប្រេងខ្យល់​ចំនួន500 និង​ក្រមា​ចំនួន 500 ។

មានប្រសាសន៍​នៅក្នុង​ឱកាស​នាពេលនោះ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile Group និង Monsne Café ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​មូល​នី​ធិ​សប្បុរសធម៌ ក្រោម​ប្រធានបទ «កុំ​ភ្លេច​ខ្ញុំ» បានឱ្យដឹងថា ៖ «ថ្ងៃនេះ​ខ្ញុំបាទ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បានធ្វើ​កិច្ចការងារ​សប្បុរសធម៌ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ការងារ​សង្គម ក៏ដូចជា​សម្រាល​បន្ទុក ភាពលំបាក​ដល់​លោកយាយ លោកតា អ៊ុំ ពូ មីង និងបងៗ ប្អូនៗ ដែលជា​ជនពិការ ទុរគតជន​ទាំងអស់ ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គ មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ដែលជា​អ្នក​គ្រើនរំលឹក។ នៅក្នុង​ឱកាស​នេះ​ផងដែរ ខ្ញុំបាទ រួមជាមួយ​នឹង​ក្រុមការងារ​សប្បុរសធម៌​ទាំងអស់ ពិតជា​មាន​ភាព​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន ដោយបាន​ឃើញ​ស្នាមញញឹម​របស់​លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន​ទាំងអស់ ដែល​បង្ហាញ​នូវ​ការស្រលាញ់ និង​ពេញចិត្ត​ចំពោះ​ក្រុមការងារ​សប្បុរសធម៌​យើងខ្ញុំ​ទាំងអស់គ្នា ដែល​វា​ជាការ​ផ្តល់​កំលាំងចិត្ត​ឱ្យ​ខ្ញុំបាទ និង​ក្រុមការងារ​សប្បុរសធម៌​ទាំងអស់​ឱ្យមាន​កំលាំងចិត្ត​នៅក្នុង​ការ​ផ្តូ​ច​ផ្តើម​នូវ​កម្មវិធី​មូល​នី​ធិ និង​សប្បុរសធម៌​នេះ​ជា​បន្ត​ទៅមុខទៀត ។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ៖ នេះ​គឺជា​លើក​ទី10ហើយ ដែល​ក្រុមការងារ​របស់ខ្ញុំ​បាន​ចុះ​អនុវត្ត​ដោយផ្ទាល់​ក្រោម​ការចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក រួមជាមួយ​ធនធាន​របស់​ខ្ញុំបាទ​ផ្ទាល់​មួយចំនួន​ផងដែរ ។ ដោយឡែក​សម្រាប់​ការចុះអនុវត្ត​កម្មវិធី «កុំ​ភ្លេច​ខ្ញុំ»ជា​បន្ត​នៅ​ថ្ងៃ​ខាងមុខឆាប់ៗនេះ ខ្ញុំបាទ​នឹង​ព្យាយាម​បង្កើន​ជំនួយ​ឱ្យបាន​ច្រើនជាង​នេះ សម្រាប់​ចែកជូន​លោកយាយ លោកតា ចាស់ជរា អ៊ុំ ពូ មីង និងបងៗ ប្អូនៗ ដែលជា​ជនពិការ និង​ទុរគតជន​នានា ប្រមាណ​ចំនួន1000នាក់ ។ តាំង​នាម​ខ្ញុំបាទ ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ និង​ក្រុមការងារ​សប្បុរសធម៌​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ប្អូនៗជា​ក្រុមយុវជន​ឈានមុខ ដែល​បាន​ដុតដៃដុតជើង​អស់ទាំង​កំលាំងកាយ​ចិត្ត ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី​នេះ​ឱ្យមាន​ភាពរលូន និង​ឆ្ពោះទៅមុខ»៕

Advertisement