ពិធីសម្ពោធសាលាមត្តេយ្យអន្តរជាតិ Play Space Montessori

នៅព្រឹកថ្ងៃទី24 ខែមិនា ឆ្នាំ2018 សាលាមត្តេយ្យអន្តរជាតិ ភ្លេយ៍ស្ពេស ម៉ុនតេសសូរី បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី សឿន ម៉ាលីដា នាយិកាសាលាមត្តេយ្យ និងភ្ញៀវជាតិ -អន្តរជាតិជាច្រើននាក់ទៀត។

លោកស្រី សឿន ម៉ាលីដា បានមានប្រសាសន៍ថា គោលបំណងនៃការបើកសាលាមត្តេយ្យអន្តរជាតិ ភ្លេយ៍ស្ពេស ម៉ុនតេសសូរីនេះឡើង គឺដោយសារតែយើងមើលឃើញថា ការអប់រំ គឺជាកត្តាមួយដ៏សំខាន់ដើម្បីពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាយើង ហើយកម្មវិធីម៉ុនតេសសូរី គឺជាកម្មវិធីមួយដ៏ពេញនិយមនៅបណ្ដាប្រទេសនៅប៉ែកអីរ៉ុប ហើយនៅប្រទេសកម្ពុជាយើងក៏មានកម្មវិធីនេះដូចគ្នានឹងសាលាអន្តរជាតិដ៏ច្រើនទាំងនោះដែរ តែកម្មវិធីនេះនៅមិនទាន់ជ្រួតជ្រាបទៅដល់អាណាព្យាបាលដែលជាជនកម្ពុជានៅឡើយទេ ហើយនៅសាលាយើងក៏មានធ្វើកម្មវិធី Parents workshop ដើម្បីអញ្ជើញអាណាព្យាបាលមកចូលរួម និងបានស្ដាប់ដើម្បីយល់ដឹងអំពីកម្មវិធីនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមនិយាយពីប្រវត្តិនៃម៉ុនតេសសូរីជាត្រួសៗដូចតទៅៈ ម៉ុនតេសសូរី គឺជាកម្មវិធីមួយដែលបានទទួលស្គាល់ និងដាក់ឈ្មោះដោយលោកស្រី ម៉ារីយ៉ា ម៉ុនតេសសូរី នៅឆ្នាំ1907 ហើយលោកស្រីបានបើកថ្នាក់ដំបូងដោយទទួលកុមារឱ្យចូលសិក្សាដែលមានឈ្មោះថា ផ្ទះនៃកុមារ។ ដូច្នេះហើយទើបកម្មវិធីសិក្សារបស់យើងត្រូវពឺងផ្អែកទៅលើការបង្រៀនដោយមានលោកគ្រូ-អ្នកគ្រូធ្វើជាអ្នកអង្កេតសកម្មភាពទំាងអស់របស់កុមារ ដោយអង្កេតទៅលើការលេង និងសេរីភាពនៃការលេងប្រដាប់ប្រដាដែលយើងបានយកមកបង្រៀនស្របតាមស្តង់ដារ AMI និង AMF នៅសហរដ្ឋអាមេរិក។

គោលដៅរបស់យើង គឺព្យាយាមបង្កើតកម្មវិធីដែលហៅថា រីករាយ កម្មវិធីជឿទុកចិត្តលើកុមារ ហើយផ្តល់ជំនឿលើកុមារ ឱ្យកុមារជឿជាក់លើខ្លួនឯងក្នុងការសិក្សា និងប្រើប្រាស់កម្មវិធីទាំងអស់និងផ្តល់សិទ្ធិសេរីភាពដល់កុមារក្នុងការជ្រើសរើសនូវមុខវិជ្ជាអ្វីដែលកុមារចង់រៀន។ ទាំងអស់នេះគឺជាកម្មវិធីដែលផ្តោតសំខាន់លើការសិក្សាបែបម៉ុនតេសសូរី។
​ឯកឧត្តម ប្រាក់ កុសល បានមានប្រសាសន៍ផងដែរថា មនុស្សវ័យក្មេងចំនួន 264លាននាក់ដែលមិនទទួលបានការអប់រំ មានន័យថា នៅក្រៅសាលា ដែលនេះគឺជាបញ្ហាមួយដែលធ្វើឱ្យមានផលប៉ះពាល់ជីវិតការងារ និងជីវភាពរស់នៅរបស់ពួកគេ។ មនុស្សវ័យក្មេង 262លាននាក់បានចូលរៀន ប៉ុន្តែមិនអាចចេះអាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជាយើងក៏ស្ថិតនៅក្នុងចំណោមប្រជាជនវ័យក្មេងទាំងនោះដែរ។

កាលណាប្រជាជនវ័យក្មេងទាំងអស់នោះមានស្ថានភាពបែបនេះ គឺមានផលប៉ះពាល់ ហើយនឹងដើរមិនទាន់ទីផ្សារពលកម្មពិភពលោកទេ ដែលក្នុងដំណាក់កាលនោះ គឺជាការធ្វើបដិវត្តន៍ឧស្សាហកម្មទី4 ដែលមនុស្សត្រូវការជំនាញទន់ច្រើន និងមិនសូវត្រូវការមនុស្សពេញវ័យប្រើកម្លាំងទៀតទេ។ ជំនាញទន់គឺ ត្រូវតែផលិតមនុស្សដែលប្រើខួរក្បាលច្រើន មិនសូវប្រើកម្លាំងបាយ។ បច្ចេកវិទ្យា គឺលឿន ហើយសកម្មភាពខ្លះគេប្រើតែមនុស្សយន្ត ប្រសិនបើយើងប្រើកម្លាំងមនុស្ស គឺដើរមិនទាន់សម័យបដិវត្តន៍ឧស្សាហកម្មទី4 នេះទេ គឺមនុស្សត្រូវតែប្រើប្រាស់ខួរក្បាល។ យើងនឹងផលិតមនុស្សដែលមានសក្តានុពលខ្លាំងខាងផ្នែកខួរក្បាលដើម្បីផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនធុរកិច្ច និងដើម្បីបម្រើដល់សេចក្តីត្រូវការដ៏ជឿនលឿននេះ។

​កាលណាយើងនិយាយពីវិធីសាស្រ្ត សាលាភ្លេយ៍ស្ពេស ម៉ុនតេសសូរី គឺយើងនិយាយពីការលេងជាអានុភាព ប៉ុន្តែសួរថា តើគ្រួសារទាំងអស់ដែលមានកូន តើពួកគេមានរបៀបលេងយ៉ាងដូចម្តេចដែរ? តើការលេងរបស់កូនៗទាំងនោះនឹងឆ្លើយតបទៅនឹងការរីកចម្រើនរបស់កុមារដែរឬទេ? គ្រួសារខ្លះរៀបចំរបស់លេងសម្រាប់ក្មេងវ័យ 1ឆ្នាំឱ្យលេងរបស់លេងសម្រាប់ក្មេងវ័យ 5ឆ្នាំ ដែលវាមិនបម្រើឱ្យខួរក្បាលកុមារក្នុងវ័យ 1ឆ្នាំទេ។ រវាងគ្រួសារ សាលារៀន សាលាមត្តេយ្យឯកជន គឺយើងដើរតួនាទីដោយការបំពេញឱ្យគ្នាទៅវិញទៅមក។

​ការអប់រំ គឺមាន​កាតព្វកិច្ច​ជា​ចាំបាច់​នៅក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្សជាតិ ដោយ​ផ្ដល់នូវ​ការបណ្ដុះ​បណ្ដាលឱ្យកុមារ​មានចំណេះដឹង ជំនាញ សមត្ថភាព​ល្អ សុជីវធម៌​ល្អ និង​ចរិតលក្ខណៈ​ល្អ ដើម្បី​ជំរុញ​ឱ្យ​កុមារក្លាយជាអ្នកសិក្សា​ចេះដឹង និងចូលរួម​អភិវឌ្ឍប្រទេស​ជាតិនៅថ្ងៃអនាគត​៕

Advertisement