សិក្ខាសាលាស្តីពីឱកាសក្នុងការផ្តល់សិទ្ធិអាជីវកម្មរបស់ហាងកាហ្វេ Inthanin ដែលជាហាងកាហ្វេពេញនិយម និងធំជាងគេលំដាប់ទី2 ក្នុងប្រទេសថៃត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី23 ខែមិនា ឆ្នាំ2018 នៅភោជនីយដ្ឋានទន្លេបាសាក់2 ដែលសិក្ខាសាលានេះរៀបចំឡើងដោយក្រុមហ៊ុន RCG Retail Group (Cambodia) និងក្រុមហ៊ុន Bangchak Retail ដោយមានការចូលរួមពីសំណាក់អ្នកធុរកិច្ចកម្ពុជាជាច្រើនរូប។
នៅក្នុងសិក្ខាសាលានេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail Group (Cambodia) និងជាអ្នកលក់បន្តសិទ្ធិអាជីវកម្មម៉ាកសញ្ញាហាងកាហ្វេInthanin បានធ្វើបទបង្ហាញស្តីពីនីតិវិធីក្នុងការទិញសិទ្ធិអាជីវកម្មហាងកាហ្វេ Inthanin យុទ្ធសាស្ត្រក្នុងការលក់ក៏ដូចជាទីផ្សារ និងគុណប្រយោជន៍ក្នុងការជ្រើសរើសយកកាហ្វេ Inthanin សម្រាប់ការធ្វើធុរកិច្ច។
ថ្លែងក្នុងសិក្ខាសាលានេះ លោកស្រីបានឱ្យដឹងថា កាហ្វេInthanin គឺជាកាហ្វេដែលមានរសជាតិឆ្ងាញ់ រីឯតម្លៃក៏សមរម្យសម្រាប់ប្រជាជនខ្មែរអាចទទួលយកបាន ហើយលើសពីនេះទៅទៀត ហាងកាហ្វេ Inthanin ក៏នៅមានបម្រើអាហារសម្រន់ និងនំឆ្ងាញ់ៗអមជាមួយផងដែរ។ ដោយឡែកក្នុងការទិញសិទ្ធិអាជីវកម្មហាងកាហ្វេInthanin លោកស្រីបានបន្ថែមថា អ្នកដែលមានចំណាប់អារម្មណ៍ គឺត្រូវបំពេញទម្រង់បែបបទសិទ្ធិអាជីវកម្មដែលបានផ្ដល់ជូនដោយក្រុមហ៊ុន RCG Retail Group (Cambodia) ហើយជាពិសេសត្រូវបញ្ជាក់ពីទីតាំងអាជីវកម្ម ព្រោះថា ការលក់ និងចែកចាយនឹងធ្វើឡើងទៅតាមខណ្ឌ និងតំបន់នីមួយៗដើម្បីចៀសវាងការប្រកួតប្រជែងរវាងBrand ដូចគ្នា។
គួរបញ្ចាក់ផងដែរថា ហាងកាហ្វេInthanin ជាហាងកាហ្វេក្នុងក្រុមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈបាងចាកដ៏ល្បីល្បាញក្នុងប្រទេសថៃអស់រយៈពេល 10ឆ្នាំ និងមាន 500សាខា ដែលបច្ចុប្បន្នហាងកាហ្វេនេះមានគម្រោងពង្រីកសាខារបស់ខ្លួនបន្ថែមចំនួន 100ទីតាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ។ រីឯការទិញសិទ្ធិអាជីវកម្មហាងកាហ្វេInthanin នេះ គឺមានតម្លៃ 1,2500 ដុល្លាសហរដ្ឋអាមេរិកសម្រាប់អ្នកចុះឈ្មោះក្នុងថ្ងៃសិក្ខាសាលានេះ ដែលក្នុងនោះមានរួមបញ្ចូលទាំងសេវារៀបចំ និងការរចនាតុបតែងហាង ព្រមទាំងការបង្វឹកហាត់បុគ្គលិកទៀតផង៕