កម្មវិធី​ទម្លាប់ 7យ៉ាង​អាចឆ្លើយតប​បានល្អ​លើ​តម្រូវ​ការអប់រំ​សតវត្ស​ទី21

ឯកឧត្តម យក់ ង៉ុ​យ រដ្ឋ​លេខ​ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ការអប់រំ​សម្រាប់​សតវត្ស​ទី២១នេះ មានការ​ប្រែប្រួល​គ្រប់ផ្នែក ទាំង​លើ​ជំនាញ និង​ចំណេះដឹង ហើយ​ការងារជាថ្មីៗជាច្រើន​នឹងត្រូវ បង្កើតឡើង រីឯ​ការងារ​មួយទៀត​ផ្សេងទៀត​នឹងត្រូវ​បាត់បង់។ ដូចនេះ​ការអប់រំ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ រហូតដល់ កម្រិត​ឧ​ត្ត​មសិ​ក្សា គឺ​ត្រូវ​រៀបចំ​ផែនការ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការងារ​ទីផ្សារ​ក្នុងពេល​អនាគត។

លោក​បាន​សង្កត់ធ្ងន់ថា ការអប់រំ​ចំពោះ​យុ​ជន​មិនត្រូវ​ផ្តោត​សំខាន់​តែ​នៅ​ជំនាញ​មួយ​មុខតែ​ប៉ុណ្ណោះ​ទេ គឺ​យុវជន​ត្រូវមាន​ជំនាញ​ទន់ (Soft Skill) ពីព្រោះ​ជំនាញ​នេះ​វា​អភិវឌ្ឍ​ថ​រិ​យា​បថ​ជា​វិជ្ជមាន បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​នៅ​ជុំវិញ សហ​ការធ្វើការងារ​ជា​ក្រុម។

លោក ប៉ិច ឡែ​ន អគ្គនាយក ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា យើង​មិនអាច​ដឹងថា​នរណាម្នាក់​អាច​ក្លាយ​ដឹង​នាំ​ប្រទេស​បានទេ នាពេល​អនាគត ប៉ុន្តែ​ក្នុងនាម​យើង​ជា​អ្នក​ធើ្វ​ការងារ​អប់រំ យើង​អាចធ្វើ​ឲ្យ​កុមារ និង​យុវជន​ក្លាយជា​អ្នកដឹកនាំ​សង្គមជាតិ តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព។ លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​រៀបចំ​ក្ខា​សាលា​ស្តីអំពី ការគិត​ឡើងវិញ​លើ​វិស័យ​អប់រំ សម្រាប់​សតវត្ស​ទី២១ ដើម្បី​ផ្តល់​ឳ​កាស​ដល់​សាលារៀន​រដ្ឋ និង​ឯកជន​ស្វែងយល់​ពី​បំរែបំរួល​ជំនាញ ចំណេះដឹង មុខរបរ​មួយចំនួន​ថ្មី​នឹង​កើតឡើង។ លោក​បាន​បន្ថែមទៀតថា ដោយ​មើលឃើញ​ពី​សារសំខាន់​លើ​អប់រំ ផ្នែក​អត្តចរិត និង​ថ​រិ​យា​បថ ក្រុម​ហ៊​ន វេស​ឡាញ បាន​នាំ​កម្មវិធី​ទម្លាប់​ល្អ​ទាំង៧ ពី​វិទ្យាស្ថាន Franklin Covey Education ពី​សហរដ្ឋអាមេរិក មក​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍។

វាគ្មិន៦នាក់​មកពី​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក ថៃ និង​សិង្ហ​បុរី​បាន​ពិភាក្សា​ពី​ចំណេះដឹង និង​ជំនាញ​សម្រាប់​សតវត្ស​ទី២១ និង​ស្វែងរក​វិធីសាស្ត្រ​ជំរុញ និង​លើកទឹកចិត្ត​ដល់​សាលារៀន​ដែល​កំពុង​ប្រើប្រាស់ The Leader In Me ទទួលបាន​ជោគជ័យ។

សូម​បញ្ចា​ក់ថា The leader In Me គឺជា​ដំណើរ​អនុវត្ត​កម្មវិធី​ទម្លាប់​ល្អ​ទាំង៧ ក្នុង​កម្មវិធីសិក្សា ហើយ​កម្មវិធី​នេះ​ជួយ​អប់រំ​ដល់​កុមារ និង​យុវជន​ឲ្យ​មាន​ថ​រិ​យា​បថ និង​ផ្នត់គំនិត​ជា​វិជ្ជមាន។ កម្មវិធី The Leader In Me មាន​សាលារៀន​ជាង ៣០០០កំពុង​អនុវត្ត សាលារៀន ២០០០ នៅ​សហរដ្ឋអាមេរិក និង១០០០សាលារៀន នៅ​បណ្តាល​ប្រទេស​ផ្សេងទៀត ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ។

នេះ​ជា​លើក​ទី១ ដែល​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​បានរៀបចំ​សិក្ខាសាលា​ជា​លក្ខណៈ​អន្តរជាតិ​ដែលមាន​អ្នកចូលរួម​មកពី១៧ប្រទេស​ដូចជា ប្រទេស​កម្ពុជា ភូមា ម៉ាឡេស៊ី សង្ហ​បូរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ចិន ឥណ្ឌា ថៃ វៀតណាម ម៉ុង​ហ្គោ​លី កូរ៉េខាងត្បូង ហ្គា​ម ប៉ា​គី​ស្ថាន ហុងកុង និង​សហរដ្ឋអាមេរិក សរុប​អ្នកចូលរួម​ជាង៤០០នាក់។ សិក្ខាសាលា​នេះ​ពិតជា​បានផ្តល់​ចំណេះដឹង និង​គំនិតថ្មីៗដល់​លោកអ្នក​ទៅលើ​វិស័យ​អប់រំ និង​ពិភពលោក​ដែល​កំពុងតែ​វិ​វត្ត​ទៅមុខ ដើម្បី​ជួយ​យុវជន និង​យុវតី​ជំនាន់​ថ្មី​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​របស់ខ្លួន ក្នុងការ​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​សតវត្ស​ទី២១៕

Advertisement