អេ អឹម ខេ ជាជម្រើសអាជីពការងារសម្រាប់អ្នក

ភ្នំពេញ៖ បុគ្គលិក អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ អត្រា​កើនឡើង​នៃ​ចំនួន​បុគ្គលិក នេះហើយ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បុគ្គលិក​ទាំងអស់។ គ្រប់​បុគ្គលិក អេ អឹម ខេ ពិតជា​រីករាយ​ជាមួយ​ការងារ​របស់គាត់ ព្រោះ​គាត់​ពេញចិត្ត​នឹង​បរិយាកាស​ការងារ​ល្អ ការសហការ​ក្រុម ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​របស់គាត់ ព្រមទាំង​អា​ចទ​ទួ​ួ​ល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន និង​ឱកាស​អភិវឌ្ឍ​ខ្លួន​ផងដែរ។

លោកស្រី ពាំង ពិសាខ នាយិការ​ប្រតិបត្តិ​ធនធានមនុស្ស​បាន​មានប្រសាសន៍ថា “អេ អឹម ខេ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ជម្រើស​សម្រាប់​និយោជិត ព្រោះ អេ អឹម ខេ បាន​ផ្តល់ជូន​នូវ​លក្ខណៈពិសេស៣យ៉ាង​គឺ៖ កន្លែង​ដែល​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ផ្តល់នូវ​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​ជាពិសេស​ជា​គ្រឹះស្ថាន​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ” លោកស្រី​បានលើកឡើង​ថា អត្ថប្រយោជន៍សំខាន់ៗមួយចំនួន​ដែល អេ អឹម ខេ ផ្តល់ជូន​បុគ្គលិក​មានដូចជា ការធានារ៉ាប់រង​សុខភាព​សម្រាប់​បុគ្គលិក ព្រមទាំង​ក្រុមគ្រួសារ (ប្តី​ឬ​ប្រពន្ធ និង កូន) ១០០% ដោយ​មិន​កំណត់ ការធានារ៉ាប់រង ២៤ ម៉ោង​ទៅលើ​គ្រោះថ្នាក់​ដល់​បុគ្គលិក ប្រាក់ឧបត្ថម្ភ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់​សោធន ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ចូលនិវត្តន៍ ប្រាក់រង្វាន់​លើកទឹកចិត្ត ប្រាក់កម្ចី​សម្រាប់​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ត្រឹមតែ ២% ក្នុង​មួយឆ្នាំ ប្រាក់​មាតុភាព​រហូតដល់ ១៧០% និង​ការឈប់​សម្រាក​ព្យាបាល​ជំងឺ​ដោយមាន​ប្រាក់​ឈ្នួល​រហូតដល់ ៦ខែ ការឈប់​សម្រាក​ពិសេស និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។

ចំពោះ​ឱកាស​អភិវឌ្ឍ​ខ្លួន អ្នកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ អេ អឹម ខេ បានរៀបចំ​កម្មវិធី​សម្រាប់​អភិវឌ្ឍ​បុគ្គលិក​របស់ខ្លួន​ជាច្រើន​មានដូចជា កម្មវិធី​ការបណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន កម្មវិធី​អ្នក​ស្នង កម្មវិធី​ទំនាក់ទំនង​បុគ្គលិក កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​ស្នូល កម្មវិធី​រៀនសូត្រ​បន្ថែម កម្មវិធី​អ្នកគ្រប់គ្រង​ហាត់​ការ និង​កម្មវិធី​បណ្តុះបណ្តាលផ្សេងៗទៀត។ អ្នកស្រី​ពិសាខ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​បរិយាកាស​ការងារ ព្រោះ​វា​ជា​កត្តា​សំខាន់​សម្រាប់​បុគ្គលិក ព្រោះ​នៅពេលដែល​ស្ថាប័ន​មួយ​មាន​បរិយាកាស​ការងារ​ល្អ បុគ្គលិក​មាន​ភាព​រីក​រាយ សហការ​ល្អ​ក្នុង​ការបំពេញ​កាតព្វកិច្ច ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​ការងារ​របស់គាត់​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំពោះ អេ អឹម ខេ ត្រូវបាន​ចាត់ទុកថា ជា​កន្លែង​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ ព្រោះ អេ អឹម ខេ មាន​ចំណុច​ពិសេស​របស់ខ្លួន​ដូចជា មាន​វប្បធម៌​ការងារ​ល្អ មានគុណ​តម្លៃ​រួម​ដែល​ជំរុញ​ឲ្យ​មាន​បរិយាកាស​ស្និទ្ធស្នាល​ប្រកបដោយ​ការទទួលខុសត្រូវ ផ្តល់​ភាពកក់ក្តៅ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គ្រប់​បុគ្គលិក មានការ​សហ​ការណ៍​ល្អ និង​មាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់។

បុគ្គលិក អេ អឹម ខេ ម្នាក់ លោក សាង ម​ក្ករី មន្ត្រី​ឥណទាន​ឯកទេស បានចាប់ផ្តើម​អាជីព​ការងារ​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ ២០១៥ ជា​មន្ត្រី​ឥណទាន​រៀនសូត្រ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ លោក​ត្រូវបាន​តំឡើង​តំណែង​ជា មន្ត្រី​ឥណទាន​ពេញ​សិទ្ធ​ក្នុង​រយៈពេល២ខែ មកដល់​ពាក់កណ្តាល​ឆ្នាំ២០១៧ លោក​ត្រូវបានតែងតាំង​ក្នុង​មុខតំណែង​ថ្មី​មួយទៀត​គឺ មន្ត្រី​ឥណទាន​ឯកទេស។ “អស់​រយៈពេល​ជិត២ឆ្នាំ​ហើយ​ដែល​ខ្ញុំបម្រើ​ការងារ​ជាមួយ អេ អឹម ខេ ខ្ញុំ​មាន​អារម្មណ៍​ថា អេ អឹម ខេ ដូចជា​ផ្ទះ​ទី២ដែរ ដោយ​បុគ្គលិក​ទាំងអស់​រួសរាយ​រាក់ទាក់​ហាក់បី​ដូ​ជា​ក្រុមគ្រួសារ​ខ្ញុំ​ដែរ។ លោក ម​ក្ករី បាន​បន្ថែមទៀតថា “អ្វីដែល​សំខាន់​នោះ គឺ​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ប្រធាន​ផ្ទាល់ ក៏ដូចជា​មិត្តភក្តិ​រួម​ក្រុម​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​ផងដែរ។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែធ្នូ ឆ្នាំ២០១៧ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ២៥០០នាក់ អតិថិជន​ចំនួន​ជិត ៦៨ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២០៧ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង៣.០០០កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

Advertisement