EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី19 ខែមករា នេះ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ការចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Microsoft ក្នុងការ​ចែកចាយ​កម្ម​វិធី OFFICE 365 នៅ​កម្ពុជា។ ក្នុងនាម​ជា Microsoft CSP Partner ដំបូង​គេ​នៅ​កម្ពុជា  ក្រុមហ៊ុន EZECOM មាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់​នូវ​កម្មវិធី OFFICE 365 ដែលជា​បណ្តុំ​កម្មវិធី​កុំព្យូទ័រ​ចុងក្រោយ​បំផុត ដែល​ប្រមូលផ្តុំ​នូវ​មុខងារពិសេសៗជាច្រើន និង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មាន​ផលិតភាព​ការងារ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

ការដែល​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូង​គេ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន Microsoft មាន​ទំនុកចិត្ត​ចំពោះ​គុណភាព​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់ EZECOM ក្នុងការ​ចែកចាយ​បន្ត​នូវ​ផលិតផល​របស់ខ្លួន​ទៅដល់​អតិថិជន​នានា។

ផលិតផល​សំខាន់បំផុត​មួយ​សម្រាប់​អតិថិជន​គឺ Office 365 ដែលជា​បណ្តុំ​កម្មវិធី​ការិយាល័យ​សម្បូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែ​មាន​ភាពបត់បែន និង​ចល័តភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាច​ចែករំលែក និង​រក្សាទុក​ឯកសារ​យ៉ាង​ងាយស្រួល ថែមទាំង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លងឆ្លើយ​តាម​វីដេអូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ​និង​អតិថិជន​ទៀតផង។ បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែលមាន​សេវា​អ៊ីនធឺណិត តាមរយៈ​កម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។ សម្រាប់​រាល់​អ្នកប្រើប្រាស់ម្នាក់ៗ គាត់​នឹង​ទទួលបាន​ទំហំ​ធំ​រហូតដល់ ១ តេ​រ៉ា​បៃ​ត៍ (TB) សម្រាប់​រក្សាទុក និង​ចែករំលែក​ឯកសារ​នៅលើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​នឹងត្រូវ​បានការ​ពារ​យ៉ាង​មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​ពី​ក្រុមហ៊ុន Microsoft និង​អាច​ស្ដារ​មកវិញ​បាន​ងាយស្រួល។

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ត្រូវបាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ចែកចាយ​ផលិតផល និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​មាន​មោទនភាព​នោះ គឺ​យើង​បាន​ក្លាយជា​ដៃគូ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀតផង” លោក​បាន​បន្ថែមទៀតថា “តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្មថ្មីៗទាំងនេះ ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន EZECOM កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​សហគ្រាស​ទាំង​តូច និង​ធំ​នៅ​កម្ពុជា។

ក្រុមហ៊ុន EZECOM ក៏បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​បាន និង​កំពុង​ត្រៀមខ្លួន​យ៉ាង​ស្វិតស្វាញ ដើម្បី​ធានាថា​គ្រប់យ៉ាង​មាន​ភាពរលូន​ល្អ​ក្នុងការ​ផ្តល់ជូន​សេវា​ថ្មី​នេះ​ដល់​អតិថិជន​ទាំងអស់ ក៏ដូចជា​ធានាថា​អតិថិជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពេញលេញ​បំផុត​ពី​សេវា​កម្មនេះ។

លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Microsoft បាន​មានប្រសាសន៍ថា “ការ​ជ្រើសរ​សើ​ក្រុមហ៊ុន EZECOM ជា​ដៃគូ Cloud Solutions Partner ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការសម្រេច​គោលដៅ​ដ៏​សំខាន់​មួយទៀត នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Microsoft ក្នុង​ទីផ្សារ​មួយ​នេះ។ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​យើង ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​មនុស្ស និង​ស្ថាប័ន​ទាំងអស់​នៅលើ​ពិភពលោក យើង​ចាំបាច់​ត្រូវការ​ដៃគូល្អៗដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន។ ជាមួយនឹង​ជំនាញ​យូរ​ឆ្នាំ និង​វត្តមាន​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់ថា​ក្រុមហ៊ុន EZECOM នឹង​អាចជួយ​អតិថិជន​អោយទទួល​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការប្រើប្រាស់​កម្មវិធី Office 365 នៅក្នុង​ប្រទេស​កម្ពុជា” ៕

Advertisement