ក្រុម​ជើងឯក​កម្ពុជា The Brilliant ទទួលបាន​ចំណាត់ថ្នាក់​លេខ 3 ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន

ភ្នំពេញ៖ ក្រុម​ជើងឯក​តំណាង​កម្ពុជា The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា បាន​នាំ​កិត្តិយស​ជូន​ជាតិ ដោយ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ3 រួមទាំង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន 5,000 ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ប្រឡងប្រជែង​ដ៏​លេចធ្លោ​មួយ​ថ្នាក់​តំបន់ សម្រាប់​និស្សិត​សាកលវិទ្យាល័យ គឺ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន។ ជាមួយគ្នានេះ ក្រុម​ជើង​ថ្នាក់​ថ្នាក់​តំបន់ សម្រាប់​ឆ្នាំនេះ បាន​ទៅលើ​ក្រុម The Management មកពី​សាកលវិទ្យាល័យ Gadjah Mada University ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួលបាន​ប្រាក់រង្វាន់ 12,000ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន​ទៀតផង។

វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មាន​ក្រុម​ជើងឯក​ថ្នាក់ជាតិ មកពី ៦ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រ៊ុយណេ សម្រាប់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ។ ក្នុងនោះ ក្រុម Team Litquidity Capital មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួលបាន​ចំណាត់​លេខ2 ជាមួយនឹង​ប្រាក់រង្វាន់ 8,00០ដុល្លារ​អាមេរិក។ ហើយ​ក្រុម TA មកពី​សាកលវិទ្យាល័យ​គ្រប់គ្រង និង​វិទ្យាសាស្ត្រ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​លេខ4 ជាមួយនឹង​ប្រាក់រង្វាន់ 2,500ដុល្លារ​អាមេរិក ខណៈដែល​ក្រុម Ray Kim មកពី​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ5  ជាមួយនឹង​ប្រាក់រង្វាន់ 1,500ដុល្លារ​អាមេរិក ហើយ​ក្រុម HIO មកពី Politeknik ប្រទេស​ប្រ៊ុយណេ ទទួលបាន​ចំណាត់ថ្នាក់​លេខ6 ជាមួយនឹង​ប្រាក់រង្វាន់ 800ដុល្លារ​អាមេរិក។

លោកស្រី អ៊ុំ ចិន្តា​ភក្តី អគ្គនាយិកា​ធនធាន​ក្រុមហ៊ុន របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ក្នុងការ​លើកកម្ពស់​ភា​ព​រីកចម្រើន​ក្នុង​តំបន់ នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​យុវជន យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំយក និង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ថ្នាក់​តំបន់​នេះ មកកាន់​និស្សិត​ខ្មែរ​យើង ដើម្បី​លើកតម្កើង​ជំនាញ និង​ចំណេះដឹង​វិនិយោគ ក៏ដូចជា​ការទទួលស្គាល់​សក្តានុពល របស់​និស្សិត​ក្នុងស្រុក ទៅកាន់​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ។ ហើយ​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​យើង ដែល​តែងតែ​ត្រឡប់មកវិញ ជាមួយនឹង​ជ័យលាភី​គាប់ប្រសើរ ដល់​សង្គមជាតិ​វិញ នា​ឆ្នាំកន្លងមក។ ជាក់ស្តែង​ឆ្នាំនេះ ក្រុម​ជើងឯក​ថ្នាក់ជាតិ The Brilliant ទទួលបាន​ចំណាត់​លេខ 3 ជាមួយនឹង​ប្រាក់រង្វាន់ 5,000 ដុល្លារ​អាមេរិក»។

កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ2010មកម្ល៉េះ។ ហើយ​ក្នុង​ឆ្នាំ​ទី8នេះ កម្មវិធី​ប្រឡងប្រជែង​នេះ​មានការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ ជា​លើកដំបូង និង​បានដាក់​បញ្ចូល​មុខងារ​ពិសេស គឺ​កម្មវិធី​ជួញដូរ​ភាគហ៊ុន តាម Mobile App និង​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ទៀតផង។ ជា​លទ្ធផល មាន​ក្រុម​ចូលរួម​ប្រឡងប្រជែង​សរុប រហូតដល់ 3,727ក្រុម មកពី 200សាកលវិទ្យាល័យ នៃ​ប្រទេស​ទាំង6 ក្នុង​តំបន់​អាស៊ាន ដែល​កើនឡើង​ប្រមាណ 7% លើសពី​ឆ្នាំមុន។ សម្រាប់​ប្រទេស​កម្ពុជា យើង​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​រយៈពេល៤ឆ្នាំ​ចុងក្រោយ​ផងដែរ។ គួរ​ឲ្យ​កត់សម្គាល់ ក្រុម​ជើងឯក​ថ្នាក់ជាតិ​តំណាង​កម្ពុជា ដណ្តើមបាន​ជ័យលាភី​ជើងឯក​រង2ឆ្នាំ​ដំបូង​ជាប់​គ្នា ចំណាត់ថ្នាក់​លេខ4ម្តង និង​ចំណាត់ថ្នាក់​លេខ3 ក្នុងឆ្នាំនេះ​ផងដែរ។

កាលពី​ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៅតាម​ប្រទេស​ទាំង6 ដែល​បាន​ចូលរួម​ប្រឡង​ជែង។ ក្រុម​កំពូល​នេះ ត្រូវបាន​ជ្រើសរើស ក្រោយពី​ប្រកួតប្រជែង​គ្នា អស់​រយៈពេល 3សប្តាហ៍ នៅតាម​ប្រទេសនីមួយៗ ដោយ​ផ្អែកលើ​ផលចំណេញ​ជា​ភាគរយ​ខ្ពស់បំផុត។ ហើយ​ក្រុម​កំពូល3នេះ ត្រូវដាក់​បង្ហាញ​គម្រោង​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​ក្រុម​ដែលមាន​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ត្រូវបាន​ជ្រើសរើស​ជា ក្រុម​ជើងឯក​ថ្នាក់ជាតិ។ យុទ្ធសាស្ត្រ​វិនិច្ឆ័យ​នេះ ផ្តោត​សំខាន់​លើ​ការចាប់យក​ភាគហ៊ុន សម្រាប់​ការ​ចំណេញ​រយៈពេល​វែង ព្រមទាំង​មូលធន​ធៀប​នឹង​ផលចំណេញ​រយៈពេល​ខ្លី។

សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង៦ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជួញដូរ​របស់ខ្លួន ដែល​បាន​យកមកប្រើ​ប្រាស់ នៅក្នុង​ការប្រកួតប្រជែង ទៅដល់​ចៅក្រម​វិនិច្ឆ័យ រួមមាន​សមាសភាព​ម​ក​ពី​គណៈ​គ្រប់គ្រង​របស់ CIMB នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី ព្រមទាំង​ច្រៅ​ក្រម​កិត្តិយស ពី​ផ្សារភាគហ៊ុន​ឥណ្ឌូនេស៊ី​ផងដែរ។ ក្រុម​ប្រកួត​ត្រូវបាន​វាយតម្លៃ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​ខ្លី និង​វែង ការចាប់យក​ភាគហ៊ុន និង​សមត្ថភាព​សម្រេចចិត្ត​វិនិយោគ ក៏ដូចជា​ជំនាញ ក្នុងការ​ប្រើប្រាស់​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ផងដែរ។

ដៃគូ​សហការ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រសួង​អប់រំ​ឧ​ត្ត​ម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ទូរគមនាគមន៍ Progresif Cellular ព្រមទាំង​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) ផ្សារភាគហ៊ុន​កម្ពុជា (CSX) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)។

សម្រាប់​ព័ត៌មាន​លម្អិត អំពី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន សូម​ចូលទៅ​កាន់​គេហទំព័រ https://stockchallenge.itradecimb.com/

Advertisement