«បច្ចុប្បន្នភាព​ប្រចាំឆ្នាំ 2017» ជា​សិក្ខាសាលា​ដែល​ផ្ដល់នូវ​ចំណេះដឹង​លើ​ជំនាញធំៗ 4

ក្រុមហ៊ុន APLUS CONSULTING (អេ​ផ្លើស ខន​សាល​ធី​ង) ដែលជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ខាង​ផែ្ន​ក​ផ្គត់ផ្គង់​ធនធានមនុស្ស​នៅ​កម្ពុជា បាន​សហការ​រួមគ្នា​ជាមួយនឹង ACCA Cambodia (អេ សី សី អេ ខេ​ម​បូ​ឌែ ) ក្នុងការ​រៀបចំ​សិក្ខាសាលា​ស្តីពី “បច្ចុប្បន្នភាព​ប្រចាំឆ្នាំ 2017 ” ដោយមាន​ការចូល​រូ​ម​ពី​សំណាក់ ម្ចាស់​សហគ្រាស ថ្នាក់​ដឹង​នាំ​នាំ​ក្រុមហ៊ុន អ្នកជំនាញ​ផែ្ន​ក​ពន្ធ គណនេយ្យ​និង ច្បាប់​ការងារ​ពី​ស្ថាប័នឯកជន​នានា​ប្រមាណ 200នាក់។ សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ សណ្ឋាគារ ដឺ​រ៉ា​ហ្វ​ល លើ​រូ​យ៉ា​ល់ នា​ព្រឹក​ថ្ងែ​សុក្រ ទី24 ខែវិច្ឆិកា ឆ្នាំ2017 ចាប់ពី​ម៉ោង 8ពេលព្រឹក រហូតដល់​ម៉ោង 12នាទី​ថ្ងៃត្រង់ ដែលមាន​វាគ្មិន​ចូលរួម​ចំនួន 03 រូប​គឺ ៖

1. លោកស្រី ឈី​វ គីម​ស្រូ​យ នាយិកា​ផ្នែក​សេវាកម្ម​ពន្ធដារ និង​ប្រឹក្សា​យោបល់ នៃ​ក្រុមហ៊ុន​ដឺ​ឡយ, Director, Tax & Advisory Service at Deloitte

2. លោក សោម ចំណាន មេធាវី នៃ​ក្រុមហ៊ុន​ច្បាប់ អិ​ល​អេស​ភី , Attorney-at-Law, LSP Law Firm

3. លោក សឹម ចាន់គិរី​រត្ន នាយក​ក្រុមហ៊ុន រិច អែន ផាត់​ណឺ, Partner, REACHs & Partners Co., Ltd

លោក នូវ រតនា នាយក  ACCA Cambodia ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​លើកឡើងថា ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន ទាំង​ជាតិ​និង​អន្តរជាតិ​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ផែ្ន​ក​ពន្ធ គណនេយ្យ និង​ច្បាប់​ការងារ ដែល​ផ្នែក​ទាំងបី​នេះ​គឺមាន​លក្ខណៈ​សំខាន់​ដោយឡែក​ពីគ្នា​ពោលគឺ គណនេយ្យ​បាន​ប្រៀបបាន​នឹង​វិ​ជ្ជ​បណ្ឌិត​ដែល​អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​ក្រុមហ៊ុន  និង​រក្សាបាន​និរន្ត​ក្រុមហ៊ុន ច្បាប់​ការងារ​គឺ​ជួយ​ដល់​ភាពសុខដុមរមនា​រវាង​និយោជក និង​និ​យោ​ជិ​ក ពោលគឺ​ភាព​រីកចម្រើន​ក្រុមហ៊ុន និង​ពន្ធដារ គឺ​ជូ​យ​ដល់​ការពង្រីក​ទីផ្សារ ការបង្ក​បរិយាកាស​អំ​ណោ​យ​ផល និង​ភាពប្រសើរឡើង​នៃ​សេវាសាធារណៈ​ដែលជា​ចលករ​ជំរុញ​ឲ្យ​មានដំណើរ​ការរីកចំរើន​កាន់តែខ្លាំង​ឡើង​នៃ​ដំណើរការ​អាជីវកម្ម​និង​ពាណិជ្ជកម្ម​នានា​ផងដែរ ។

លោក ស គី​ណា​ល់  អគ្គនាយក​ក្រុមហ៊ុន APLUS CONSULTING បានលើកឡើង​បន្ថែមថា ដើម្បី​រួមចំណែក​ក្នុងការ​ផ្តល់​ជា​ព័ត៌មាន និង​បង្កើន​ការយល់ដឹង​ពី​ដំណើរ​វិវឌ្ឍន៍​នានា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម ដល់​ម្ចាស់​សហគ្រាស់ និង​សាធារណៈជន ACCA Cambodia និង​ក្រុមហ៊ុន Aplus Consulting Co., Ltd តែងតែបាន​រួមសហកា​រ​គ្នា​រៀបចំ​សិក្ខាសាលា​នេះ​នានា តួយ៉ាង​ដូចជា​សិក្ខាសាលា​លើក​នេះ​ជាដើម គឺ​បាន​រៀបចំឡើង​ក្នុង​គោលបំណងសំខាន់ៗរួមមាន៖

  1. 1. ការផ្តល់​ព័ត៌មាន​ទូទៅ​ពាក់ព័ន្ធ​នឹង​ការកែប្រែ និង​ការ​វិ​ឌ្ឍ​ន៍​នៃ​ច្បាប់​ពន្ធដារ គណនេយ្យ និង​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ម្ចាស់​សហគ្រាស់ ថ្នាក់​ដឹង​នាំ​របស់​សហគ្រាស​នានា និង​និង​សាធារណៈជន​ទូទៅ
  2. 2. ការជួយ​ពង្រឹងសមត្ថភាព និង​ចំណេះដឹង ដល់​អ្នកចូលរួម ពោលគឺ​ការផ្តល់​ធាតុ​ចូល​នានា​ដែល​អាចជា​ជំនួយ​ដល់​ការគិត ការវិភាគ និង​ស​ម្រ​ច​ចិត្ត​នានា​ក្នុងការ​គ្រប់​គ្រង់​អាជីវកម្ម និង​ការងារ​របស់ខ្លួន
  3. 3. ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​អាជីវកម្ម​នានា ជាដើម

ចំណែកឯ​លោកស្រី ឈី​វ គីម​ស្រូ​យ  និង លោក សឹម ចាន់គិរី​រត្ន បាន​សង្កត់ធ្ងន់ថា អ្នកជំនាញ​ផ្នែកនីមួយៗរបស់​ស្ថាប័ន​ន​នានា មិន​ត្រឹមតែ​ត្រូវមាន​សញ្ញាបត្រ ឬ​ចំណេះដឹង ជំនាញ​ជាក់លាក់ ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ព្យាយាម ធ្វើ​យ៉ាង​ឲ្យ​ខ្លួន​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ថ្មី​បំផុត​បន្ថែមទៀត​ដើម្បី​ជួយ​ធានា​ឲ្យ​ស្ថាប័ន ឬ​ក្រុមហ៊ុន​របស់ខ្លួន​មានការ​រីកចម្រើន​ជា​និរន្ត ។ វាគ្មិន​ទាំងពីរ​បាន​បន្ថែមទៀត​ថា រដ្ឋាភិបាល​បាន​កំពុង​នឹង​ព្យាយាម​កែសម្រួល និង​ដាក់ចេញ​នូវ​គោលនយោបាយ និង​ច្បាប់ថ្មីៗទាក់ទង​នឹង​ពន្ធដារ និង​គណនេយ្យ ដើម្បី​លើកទឹកចិត្ត​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក និង​ទាក់ទាញ​វិនិយោគិន​ក្រៅ​ស្រុក​ផងដែរ យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ក៏​បាននិងកំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់​អាជីវកម្ម​នានា ហើយ​ការខកខាន​មិនបាន​អនុលោម​តាមច្បាប់ និង​បទ​បញ្ញា​ត្តិ​នានា​អាច​នឹង​បង្ក​ឲ្យ​ជួប​ការដាក់ទោសទណ្ឌ និង​ហានិភ័យផ្សេងៗ ។ បន្ថែម​លើ​ការលើកឡើង​របស់​វាគ្មិន​ខាងលើ លោក សោម ចំណាន បានផ្តល់​នូវ​ព័ត៌មាន​ស្តីពី​ការកែប្រែ​ចុងក្រោយ​ដែល​ទាក់ទង​ទៅនឹង​ច្បាប់​ការងារ រួមមាន​ដូចជា សេចក្តីព្រាងច្បាប់​ប្រាក់ខែ​គោល​អ​ប្បរមា មូល​និ​ធី​សោធន​និវត្តន៍ ធានារ៉ាប់រង​សុខភាព​សារ​ណៈ ជាដើម ។ លោក​បាន​រំលឹក​ដែរ​ថា ការយល់ដឹង​ពី​បច្ចុប្បន្នភាព​ការងារ ទិន្នន័យ គោលការណ៍​ច្បាប់ និង​ការអនុលោម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ គឺជា​មូលដ្ឋានគ្រឹះ​និង​ចាំបាច់ ក្នុងការ​កាត់បន្ថយ​នូវ​ហានិភ័យ​ទាំងឡាយ ហើយ​ផ្ទុយទៅវិញ​វា​បាន​ជួយ​មានការ​រីកចម្រើន​ទាំង​ស្ថាប័ន​ផង បុគ្គលិក​ផង និង​សង្គមជាតិ​ទាំងមូល​ផងដែរ ។

ឆ្លងតាម​ការពន្យល់​ប​ង្ហា​ញ​និង​ការ​ចោទ​ឆ្លើយ​រវាង​អ្នកចូលរួម​និង​វាគ្មិន សិក្ខាសាលា​នេះ​ពិតជា​បានរួម​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ផ្តល់នូវ​ព័ត៌មាន ចំណេះដឹង និង​អាចជួយ​ឲ្យ​សិក្ខាកាម​មើលឃើញ​ច្បាស់ ពី​គុណ​តម្លៃ និង​សារៈសំខាន់​វិស័យ​គណនេយ្យ ពន្ធដារ ទីផ្សារ​និង​ច្បាប់​ការងារ ក្នុង​ការជួយ​ឲ្យ​ស្ថាប័ន និង​សង្គមជាតិ​រីកចំរើន​ជានិច្ច​និរន្ត​ដ៏​ពិតប្រាកដ៕

Advertisement