CWEA រៀបចំ​ទិវា​សហគ្រិន​ស្ដ្រី ឆ្នាំ2017 លើក​ទី4 ក្រោម​ប្រធានបទ «ហេតុអ្វី​ត្រូវ​វិនិយោគ​ជាមួយ​ស្ដ្រី?»

ក្រោម​ការខិតខំ​បង្ហាញ និង​លើកកម្ពស់​តម្លៃ​ស្ត្រី​ទូទៅ​នៅ​ទូទាំង​ពិភពលោក នៅ​រសៀល​ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅ សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា បានរៀបចំ​កម្មវិធី អបអរសាទរ ទិវា​សហគ្រិន​ស្ដ្រី​ឆ្នាំ2017 នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្រោម​ប្រធានបទ «ហេតុអ្វី​ត្រូវ​វិនិយោគ​ជាមួយ​ស្ដ្រី?» ព្រោះ​ការវិនិយោគ​ជាមួយ​ស្ត្រី គឺជា​គន្លឹះ​ឆ្លាត​វៃ​ឈាន ទៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ទិវា​សហគ្រិន​ស្ដ្រី ឆ្នាំ2017 លើក​ទី4ខាងលើនេះ បានរៀបចំ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី ចាន់ សូរីយ៍ រដ្ឋលេខាធិការ ទទួលបន្ទុក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ស្ដ្រី តំណាង​លោកស្រី អ៊ឹង ភ​ន្ថា​ផា​វី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី, និង​ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា (CWEA)។ ទិវា​នេះ​មានការ​ចូលរួម​ពី​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម, លោកស្រី ឌិ​ត នី​តា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Camma Microfinance, លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន GGear, លោកស្រី ជា សុ​ផល្លា អគ្គនាយករង ក្រុមហ៊ុន Emerald Plus, លោកស្រី ពាន់ ភួង​បុប្ផា ចាងហ្វាង​ផលិតកម្ម​ផ្កា​ប្រាំ និង​មាន​អ្នកចូលរួម​ពី​ស្ថាប័ន ពាក់ព័ន្ធ​នានា​ជាច្រើនរូប​ទៀត។

ឯកអគ្គរាជទូត​ទិវា​សហគ្រិន​ស្ត្រី អ្នកនាង ជា សុខ​លាង បាន​សម្តែង​នូវ​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​ជូន​ចំពោះ ឧកញ៉ា បណ្ឌិត លោក លោកស្រី អ្នកនាង កញ្ញា ដែលជា​វាគ្មិន​កិ​ត្ដិ​យស ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែលមាន​វត្ដ​មាននៅ​ទីនេះ ជាទីគោរព​រាប់អាន។ អ្នកនាង បាន​ថ្លែងថា «តាំង​នាម​ខ្ញុំ​ផ្ទាល់​ជា​គណកម្មាធិកា​រៀបចំ​កម្មវិធី​លើ​ប្រធានបទ «ការវិនិយោគ​លើ​ស្ដ្រី​គឺ ជា​ភាព​វៃឆ្លាត» នាង​ខ្ញុំ​ដែលជា​ស្ដ្រី​មួយរូប ពិត​ជាមាន​មោទនភាព​ចំពោះ​ភាព ជា​ស្ដ្រី​ដែល​បាន​ខិតខំ​តស៊ូ ព្យាយាម ជំនះ​នូវ​រាល់​ឧបសគ្គ​ជីវិត និង​សង្គម​គ្រប់បែបយ៉ាង​ដើម្បី​ទទួលបាន​នូវ​គុណ​វ​ឌ្ឍ​ជីវិត​ប្រកបដោយ​តម្លាភាព និង​តុល្យភាព​រវាង​បុរស និង​ស្ដ្រី​នៅក្នុង សង្គម​កម្ពុជា​បច្ចុប្បន្ន»។ អ្នកនាង​បន្ដទៀតថា «នាង​ខ្ញុំ​សូម​រំលឹក និង​កោតសរសើរ​យ៉ាង​អនេក ជូន​ចំពោះ​ស្ថាបនិក​នៃ​ទិវា​សហគ្រិន​ស្ដ្រី​នេះ ជា​លើកតំបូង​បំផុត​គឺ​លោកស្រី Wendy Diamond ដែល​លោកស្រី​មាន​ទស្សនវិស័យ​ក្នុងការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់គំនិត​ជន​អគតិ​មួយចំនួន​ដែល​ពុំ​ផ្ដល់​តម្លៃ និង​សន្ដិភាព​ផ្លូវចិត្ត​មកកាន់​ស្រី្ដ»។ អ្នកនាង ជា សុខ​លាង បន្ដថា ស្ដ្រី​បាន​ចូលរួម​យ៉ាង​ផុស​ផល​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា។ យោងតាម​ទិន្នន័យ​នៃ​ការស្រាវជ្រាវ​គិត​ចាប់ពី​ឆ្នាំ2012 មកដល់​បច្ចុប្បន្ន សហគ្រិន នៅ​ប្រទេស​កម្ពុ​ជាមាន​រហូតដល់​ជាង50ម៉ឺន​នាក់ ដែល​ក្នុងនោះ​ស្ដ្រី​ដែលជា​ម្ចាស់​របស់​សហគ្រាស​មានរ​ហូត​ដល់​ជាង30ម៉ឺន សហគ្រិន ឫ​ស្មើនឹង60ភាគរយ នៃ​ចំនួន​សហគ្រិន​សរុប។

ឧកញ៉ា កែវ មុំ បាន​ឲ្យ​ដឹងថា «ស្ដ្រី​គឺអាច​មាន​សមត្ថភាព ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​បាន​ច្រើន កិច្ចការងារ​របស់​ស្ដ្រី ដែល​យើង​ធ្វើ​មានការ​ច្បាសលាស់ តស៊ូ អត់​ធ្ម​ន់ ព្យាយាម​គ្រប់ បែបយ៉ាង និង​ទន់ភ្លន់…មកពី​មុន​យើង​មិនមាន​ឱកាស ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​បាន​ច្រើន ប៉ុន្ដែ​ក្នុង​បច្ចុប្បន្ន​មិនមែន មាន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះទេ គឺ​ទូទាំង​ពិភពលោក ផ្ដោតទៅលើ​ភាព​ស្នើ​គ្នា ដើម្បី​ផ្ដល់ឱកាស​ដល់​ស្ដ្រី​ចូលរួម ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ»។ ឧកញ៉ា កែវ មុំ បាន​បញ្ជាក់ថា «នៅក្នុង​ថ្ងៃនេះ សមាគម​ស្ដ្រី​កម្ពុជា គឺ​យើង​បានរៀបចំ​ជា​ឆ្នាំ​ទី៤ហើយ ដែល​វេទិកា​ស្ដ្រី​ពិភពលោក នៅក្នុង​ថ្ងៃនេះ»។ ឧកញ៉ា​បន្ដថា សមាគម​ស្ដ្រី​កម្ពុជា តែងតែ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​សហការ​ជាច្រើន មកជួយ​ដល់​សមាគម​ឲ្យ​សមាគម​មានលទ្ធភាព ក្នុង​ការបើក​វគ្គប​ណ្ដុះ​បណ្ដាល និង​ផ្ដល់ឱកាស​ដល់​ស្ដ្រី ក្នុងការ​ទំនាក់ទំនង​គ្នា ទៅវិញទៅមក ចែករំលែក​បទពិសោធ​ន៍​គ្នា និង​ជួយ​ក្នុងការ​ផ្លាស់ប្ដូរ​អាជីវ​កម្ម​គ្នា​ទៅវិញទៅមក។

សូមជម្រាបថា ទិវា​សហគ្រិន​ស្ដ្រី WED បាន​ប្រា​ព្ធ​នៅ​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី20 ខែវិច្ឆិកា​នេះ ក្នុងប្រទេស​កម្ពុជា ខណៈដែល​ប្រទេស​ដទៃទៀត នឹង​ប្រា​ព្ធ​ពិធី​មួយថ្ងៃ​មុន ហើយ​គឺជា​ចលនា និង​បេសកកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​បាន​ឧទ្ទិស​ដល់​ការគាំទ្រ​ការផ្ដល់​សិទ្ធិអំណាច​ដល់​ស្ដ្រី​ទូទាំង​ពិភពលោក៕

Advertisement