ការងារទាំងអស់នៅក្នុងអង្គភាពមួយត្រូវបានឲ្យតម្លៃស្មើៗគ្នា ទោះបីជាតំណែងតូច ឫតំណែងធំក្តី។ ដើម្បីយល់ពីផលលំបាករបស់បុគ្គលិកក្នុងក្រុមហ៊ុន ក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ខាងផ្នែកចំណីអាហារបានប្រារព្ធទិវា EFG លើកទី 4នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ ២០១៧ នៅគ្រប់សាខាហាងរបស់ខ្លួន។
អគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ទាំងអស់ ត្រូវបានគេប្រទះមកធ្វើជាអ្នករត់តុ អ្នកចម្អិន អ្នកសំអាត និងអ្នកគិតលុយ នៅតាមបណ្ដាភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។ បុរសស្លៀកឯកសណ្ឋានបុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី ត្រូវបានគេស្គាល់ថា ជាលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កំពុងតែកត់អាហារដែលភ្ញៀវកុំម៉្មង់ ព្រមទាំងលើកភេសជ្ជៈជូនភ្ញៀវពិសាយ៉ាងញញឹមរស់រាយ ដោយខុសពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក ពាក់ក្រវាត់ក អាវធំក្នុងម៉ាស៊ីនត្រជាក់ធ្វើការយ៉ាងមឺងម៉ាត់។
លោក បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ សម្រាប់លោក ក្នុងការមកបំពេញការងារតាមភោជនីយដ្ឋានរបស់ក្រុមហ៊ុន EFG។ កន្លងមកលោកធ្លាប់ស្ម័ក្រចិត្តធ្វើជាអ្នកចម្អិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី អ្នកឆុងកាហ្វេរបស់ហាង Costa Coffee និងបុគ្គលិកបម្រើសេវាអតិថិជនរបស់ភោជនីយដ្ឋាន BBQ Chicken ទៀតផង។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បាននិយាយថាពួកយើងបផ្ដួចផ្ដើមធ្វើបែបនេះឡើងដើម្បីជាវេទិកាសម្រាប់បុគ្គលិកការិយាល័យទាំងអស់ចំណាយពេលវេលាក្នុងការយល់ពីអតិថិជនដោយធ្វើការប្រតិបត្តិការផ្ទាល់ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាត និងការទាមទាររបស់បុគ្គលិក និងអតិថិជនក្នុងការអភិវឌ្ឍក្រុមហ៊ុន និងសង្គម។ នៅក្នុងទិវា EFG លើកទី 4 បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន RMA Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាលក្នុងនោះរួមមានមន្ដ្រីនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ, នាយកប្រតិបត្តិការ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន នឹងចំណាយពេលពេញមួយថ្ងៃធ្វើការនៅឯហាងលក់ផ្ទាល់របស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចម្អិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ ជាមួយនឹងការទទួលបញ្ជាទិញពីអតិថិជន និង បម្រើម្ហូបអាហារជាដើម។
វាជាឱកាសដ៏ល្អមួយដើម្បីទទួលយកបទពិសោធន៍ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខរបស់យើង និងអ្វីដែលសំខាន់ជាងនេះ គឺដើម្បីមានឱកាសបម្រើសេវាកម្មជូនអតិថិជនរបស់យើងដោយផ្ទាល់។ ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើនពីសកម្មភាពនៅថ្ងៃនេះ ព្រោះខ្ញុំអាចចូលមកកាន់តែខិតជិតដល់បុគ្គលិករបស់យើងនៅហាង ញុំាអាហាររួមគ្នា ជជែកបែបមិត្តភ័ក្ដ ស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នាទៅវិញទៅមក និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ ខ្ញុំពិតជារីករាយជាមួយនឹងសកម្មភាពរបស់យើងនៅ EFG Days ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ នេះបើយោងតាមសំដីរបស់ លោក ទេព វីរៈ គណៈគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EFG។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្នករាល់គ្នាពីអគ្គនាយកដល់បុគ្គលិកជួបគ្នាបរិភោគអាហារថ្ងៃត្រង់រួមគ្នា, ជជែកកម្សាន្ត, ចែករំលែកបទពិសោធន៍, ផ្តល់នូវឱកាសការងារល្អ និងគន្លឹះត្រៀមខ្លួនម្រាប់ការងារនាពេលអនាគតជាមួយនឹងក្រុមហ៊ុន RMA Cambodia និង EFG ព្រមទាំងពន្យល់ពីផលប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិក រួមមានកម្ចីសម្រាប់ការសិក្សា, ការធានារ៉ាប់រង កម្មវិធីណែនាំអតិថិជន និងប្រាក់រង្វាន់ប្រចាំឆ្នាំជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។
លោក Sorakphivorn Banaul ប្រធានគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា រាល់ការងារទាំងអស់មានសារៈសំខាន់ទោះបីជាការងារតំណែងខ្ពស់ឬទាប។ “ការងារទាំងអស់ក្នុងស្ថាប័នមួយសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់ហើយយើងមិនអាចមើលរំលងការងារណាបានឡើយ ការងារទំាងនោះដូចជារាងកាយរបស់មនុស្សដែលមិនអាចខ្វះផ្នែកមួយណាទាស់តែសោះ»។
តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និយោជិក ទទួលបានការឈប់សម្រាប់ ១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដជាតិ ១ ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់ក្រុមហ៊ុន EFG។ លោក ងន សាំង បានបន្ថែមថា៖ «បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្ដាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានកុនភាពខ្ពស់ដល់អតិថិជនតែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ងុំផងដែរ»៕